Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ ចាយលុយជិត ១០០លានអឺរ៉ូ ទិញដ្រូនវាយប្រហារ ៥ម៉ឺនគ្រឿងឱ្យអ៊ុយក្រែន

បានផុស

នៅ

ក្នុងសមរភូមិដែលពោរពេញដោយភាពតានតឹង និងការប្រជែងគ្នាខ្លាំងក្លា អ៊ុយក្រែនទើបតែទទួលបានកម្លាំងជំនួយដ៏ធំមួយ បន្ទាប់​ពី​រដ្ឋាភិបាលអាល្លឺម៉ង់ ប្រកាស​​ចំណាយថវិកាប្រមាណ ៩០​លានអឺរ៉ូ (ស្មើនឹងជាង ១០០លានដុល្លារ) ដើម្បីទិញដ្រូនវាយប្រហារចំនួន ៥០ ០០០គ្រឿង សម្រាប់បំពាក់ឱ្យកងទ័ពអ៊ុយក្រែន។ វា​គឺជាកិច្ចសន្យាទិញដ្រូនដ៏ធំបំផុតមួយ​មិនធ្លាប់មាន ដែលផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលលោកខាងលិច សម្រាប់អ៊ុយក្រែន។

(រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សារព័ត៌មាន Asia Today ចុះផ្សាយ​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២៦ ដ្រូនដែលអាល្លឺម៉ង់បានបញ្ជាទិញនេះ មានឈ្មោះថា «Shrike» ដែលជាប្រភេទដ្រូនបាញ់ប្រហារ FPV ផលិតដោយក្រុមហ៊ុនល្បីឈ្មោះមួយរបស់អ៊ុយក្រែនគឺ SkyFall។ អ្វីដែលធ្វើឱ្យដ្រូនប្រភេទនេះកាន់តែមានប្រសិទ្ធភាពខ្ពស់ គឺការបំពាក់កម្មវិធីសូហ្វវែរដ៏ទំនើបពីក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិអាមេរិក Auterion។ កម្មវិធីនេះ អនុញ្ញាតឱ្យដ្រូនមានសមត្ថភាពស្វែងរក និងតាមចាប់គោលដៅដែលកំពុងចល័តដោយស្វ័យប្រវត្តិ នៅដំណាក់កាលចុងក្រោយមុនពេលវាយប្រហារ ដែលនេះគឺជាចំណុចខ្លាំងមួយដែលជួយឱ្យការវាយប្រហារមានភាពត្រឹមត្រូវខ្ពស់។

លោក Lorenz Meier នាយកប្រតិបត្តិនៃក្រុមហ៊ុន Auterion បានបញ្ជាក់ពីទំហំនៃកិច្ចសន្យានេះ ហើយបានឱ្យដឹងថា ដ្រូនមួយចំនួនត្រូវបានដឹកជញ្ជូនដល់ដៃរដ្ឋាភិបាលអ៊ុយក្រែនរួចរាល់ហើយ ចំណែកឯចំនួនដែលនៅសល់ នឹងត្រូវបន្តដឹកជញ្ជូនឱ្យអស់នៅត្រឹមចុងឆ្នាំនេះ។ ទោះបីជាក្រសួងការពារជាតិទាំងអាល្លឺម៉ង់ និងអ៊ុយក្រែនមិនបានធ្វើការអត្ថាធិប្បាយជាផ្លូវការ ដោយលើកហេតុផលពីសន្តិសុខប្រតិបត្តិការក៏ដោយ ក៏​គេដឹងថា កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំរបស់សម្ព័ន្ធមិត្តលោកខាងលិច ដែលកំពុងព្យាយាមជួយពង្រឹងសមត្ថភាពការពារជាតិរបស់អ៊ុយក្រែនឱ្យកាន់តែរឹងមាំ។

ក្រៅពីការគាំទ្ររបស់អាល្លឺម៉ង់ ក្រុមហ៊ុន Auterion ក៏កំពុងធ្វើការជាមួយក្រុមហ៊ុនផលិតដទៃទៀត ដើម្បីផ្គត់ផ្គង់ដ្រូនសរុបដល់ទៅ ១០០ ០០០គ្រឿងឱ្យអ៊ុយក្រែនក្នុងឆ្នាំនេះ។ ស្របពេលជាមួយគ្នានោះដែរ អង់គ្លេស ក៏បានប្រកាសកាលពីខែមុនថា នឹងផ្តល់ដ្រូនចំនួន ១៥០ ០០០គ្រឿង តាមរយៈកញ្ចប់ជំនួយយោធាដ៏ធំមួយ។ ទាំងអស់នេះបង្ហាញឱ្យឃើញថា សង្រ្គាមតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដ្រូន កំពុងក្លាយជាយុទ្ធសាស្ត្រស្នូល ដែលអ៊ុយក្រែនកំពុងប្រើប្រាស់ ដើម្បីទប់ទល់នឹងសត្រូវ និងរក្សាជំហររបស់ខ្លួននៅលើសមរភូមិ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម