ព័ត៌មានជាតិ
សមាគមកម្ពុជាកម្ចាត់របេង ដាក់ពង្រាយក្រុមការងារចុះតាមភូមិពិនិត្យនិងព្យាបាលជំងឺរបេងដោយឥតគិតថ្លៃ នៅរតនគិរី
សមាគមកម្ពុជាកម្ចាត់របេង (CATA) កំពុងដាក់ពង្រាយក្រុមការងារពិនិត្យ និងព្យាបាលជំងឺរបេងជូនពលរដ្ឋដោយឥតគិតថ្លៃនៅតាមមណ្ឌលសុខភាព ភូមិ និងសហគមន៍រយៈពេល ១៨ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦។ ទោះជាយ៉ាងណា ឆ្នាំនេះចំនួនប្រជាពលរដ្ឋមកទទួលសេវាពិនិត្យមានការថយចុះ បើធៀបនឹងឆ្នាំមុន ស្របពេលអត្រារកឃើញអ្នកជំងឺរបេងថ្មីក៏ថយចុះផងដែរ។

លោក សួង សេរីវឌ្ឍនា វេជ្ជបណ្ឌិតបម្រើការងារនៅសមាគមកម្ពុជាកម្ចាត់របេង (CATA) បានប្រាប់ «កម្ពុជាថ្មី» ថា បើធៀបនឹងការចុះពិនិត្យកាលពីឆ្នាំដំបូងៗ ចំនួនអ្នកជំងឺរបេងថ្មីដែលរកឃើញបានថយចុះគួរឱ្យកត់សម្គាល់។ កាលពីឆ្នាំមុន ក្រុមការងារបានរកឃើញអ្នកជំងឺរបេងថ្មីជាង ២០នាក់ ក្នុងមួយមណ្ឌល ប៉ុន្តែបច្ចុប្បន្នមានត្រឹម ២ ទៅ ៦នាក់ប៉ុណ្ណោះ។
លោកបន្តថា ដើម្បីបង្កើនការទទួលបានសេវាពិនិត្យ ក្រុមការងារបានផ្លាស់ប្តូរយុទ្ធសាស្ត្រ ដោយមិនរង់ចាំឱ្យប្រជាពលរដ្ឋមកមន្ទីរពេទ្យទេ ប៉ុន្តែចុះទៅដល់មណ្ឌលសុខភាព ភូមិ និងសហគមន៍ផ្ទាល់ ដើម្បីកាត់បន្ថយការលំបាកក្នុងការធ្វើដំណើររបស់ពលរដ្ឋ និងបង្កលក្ខណៈងាយស្រួលដល់ពួកគាត់។

ការពិនិត្យផ្តោតជាពិសេសលើក្រុមប្រឈមខ្ពស់ រួមមានមនុស្សអាយុលើសពី ៤៥ឆ្នាំ អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺទឹកនោមផ្អែម អ្នកខ្វះអាហារូបត្ថម្ភ និងអ្នកដែលរស់នៅជិតស្និទ្ធ ឬមានទំនាក់ទំនងជាមួយអ្នកធ្លាប់កើតជំងឺរបេង។
លោកបន្ថែមថា ប្រជាពលរដ្ឋដែលមានរោគសញ្ញាដូចជា ក្អកលើសពី ២សប្តាហ៍ ស្រកទម្ងន់ខុសធម្មតា ក្តៅខ្លួនស្ទិញៗ បែកញើសពេលយប់ ឬមានកូនកណ្តុរនៅក គួរប្រញាប់មកពិនិត្យ ព្រោះជំងឺរបេងមួយចំនួនមិនបង្ហាញរោគសញ្ញាច្បាស់លាស់ ហើយអាចបំផ្លាញសួតដោយមិនដឹងខ្លួន។

បន្ទាប់ពីធ្វើរោគវិនិច្ឆ័យ អ្នកជំងឺរបេងទាំងអស់នឹងទទួលបានថ្នាំព្យាបាលដោយឥតគិតថ្លៃ។ ការព្យាបាលត្រូវលេបថ្នាំជាប្រចាំរយៈពេល ៦ខែ ក្រោមការតាមដានពីគ្រូពេទ្យនៅមណ្ឌលសុខភាព។ លោក សួង សេរីវឌ្ឍនា បញ្ជាក់ថា ប្រសិនបើអ្នកជំងឺគោរពតាមការណែនាំ និងលេបថ្នាំគ្រប់រយៈពេល ៦ខែ នោះអាចជាសះស្បើយបានទាំងស្រុង។
អ្នកស្រី កញ្ញា ដែលធ្លាប់កើតជំងឺរបេង បានឱ្យដឹងថា អ្នកស្រីបានលេបថ្នាំរយៈពេល ៦ខែតាមការណែនាំរបស់គ្រូពេទ្យ ហើយនៅឆ្នាំនេះ បន្ទាប់ពីពិនិត្យឡើងវិញ មិនបានរកឃើញការវិលត្រឡប់នៃជំងឺឡើយ។ អ្នកស្រីបានលើកទឹកចិត្តឱ្យអ្នកជំងឺទាំងអស់អត់ធ្មត់លេបថ្នាំឱ្យបានគ្រប់រយៈពេល ទោះបីមានអាការងងុយដេក ឬអស់កម្លាំងខ្លះក៏ដោយ ដើម្បីទទួលបានការជាសះស្បើយ។
វេជ្ជបណ្ឌិតខាងលើ បានបញ្ជាក់ថា ជំងឺរបេងមួយចំនួនមិនបង្កឱ្យក្អក ឬបង្ហាញរោគសញ្ញាច្បាស់លាស់នោះទេ ប៉ុន្តែសួតអាចរងការខូចខាតធ្ងន់ធ្ងររួចទៅហើយ។ ដូច្នេះ ការថតសួតដោយម៉ាស៊ីនកាំរស្មីអ៊ិច និងការពិនិត្យជំនាញ គឺជាវិធីសាស្ត្រសំខាន់ក្នុងការរកឃើញជំងឺឱ្យបានឆាប់រហ័ស និងព្យាបាលទាន់ពេលវេលា ដើម្បីកាត់បន្ថយការចម្លង និងការស្លាប់ដោយសារជំងឺរបេង។

វេជ្ជបណ្ឌិតក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅក្រុងបានលុង ស្រុកតាវែង ស្រុកវើនសៃ ស្រុកវីរៈជ័យ និងតំបន់មណ្ឌលសុខភាព អញ្ជើញមកពិនិត្យសុខភាពតាមកាលវិភាគដែលក្រុមការងារបានកំណត់ ដើម្បីរកឃើញជំងឺបានទាន់ពេលវេលា និងទប់ស្កាត់ការចម្លងក្នុងសហគមន៍៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


