Connect with us

កីឡា

គុណភាព​ពិត! Rui Pires របស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ធ្លាប់​ជា​ប្រធាន​ក្រុម​​យុវជន​ព័រទុយហ្គាល់ មាន​បទ​ពិសោធ​ច្រើន​​នៅអឺរ៉ុប

បានផុស

នៅ

អតីត​ប្រធាន​យុវជន​ជម្រើស​ជាតិ​ព័រទុយហ្គាល់ Rui Pires បាន​ចូល​រួម​ជា​មួយ​ក្លិប​បាល់ទាត់ ព្រះ​ខ័ន​រាជ​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី១១ ខែ​កក្កដា ឆ្នាំ ២០២៦ ដើម្បី​ត្រៀម​ប្រជែង​ពាន​រង្វាន់​ក្នុង​ស្រុក និង​អន្តរជាតិ​សម្រាប់​រដូវ​កាល​ថ្មី ២០២៦-២៧។

កីឡាករ Rui Pires ពាក់​អាវ​ព្រះ​ខ័ន​រាជ​ស្វាយរៀង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Rui Pires អាយុ ២៨ ឆ្នាំ កម្ពស់ ១.៨២ ម៉ែត្រ លេង​តួនាទី​ជា​ខ្សែ​បម្រើ​ការពារ​ដែល​មាន​បទ​ពិសោធ​ច្រើន​​ទាំង​នៅ​តំបន់​អឺរ៉ុប និង​អាស៊ី មុន​ពេល​ចូល​រួម​ជា​មួយ​ក្លិប​ជើង​ឯក​លីគ​កំពូល​កម្ពុជា។ កីឡាករ​ជា​យុវជន​របស់​ក្លិប FC Porto ដែល​ជា​ក្លិប​លំដាប់​កំពូល​នៅ​ប្រទេស​ព័រទុយហ្គាល់ ដែល​រូប​គេ​បាន​ចំណាយ​ពេល​អភិវឌ្ឍ​ខ្លួន​រយៈ​ពេល ៦ ឆ្នាំ​គិត​ចាប់​ពី​ឆ្នាំ ២០០៩ ដល់ ឆ្នាំ ២០១៥។

នៅ​ឆ្នាំ ២០១៦ រូប​គេ​ត្រូវ​បាន​តម្លើង​មក​ចូល​រួម​ជា​មួយ​ក្រុម​ធំ​ជម្រើស​ដៃ​ទី​ ២ ​របស់​ក្លិប FC Porto ដោយ​បង្ហាញ​ខ្លួន​បាន​ចំនួន ៦៩ ប្រកួត​ រហូត​ដល់​ឆ្នាំ ២០១៩ ទើប​បាន​ផ្លាស់​ទៅ​ចូល​រួម​ជាមួយក្លិបបារាំង Troyes ស្ថិត​ក្រប​ខណ្ឌ​លីគ​លំដាប់​ទី ២។ នៅ​ក្លិប​ថ្មី​នេះ រូប​គេ​​បង្ហាញ​ខ្លួន​លើ​ទី​លាន​បាន ៣២ ប្រកួត មុន​ពេល​ផ្លាស់​ទៅ​ក្លិប Pacos de Perreira ក្នុង​ក្រប​ខណ្ឌ​លីគ​ទី ២​ របស់ ព័រទុយហ្គាល់​​ជា​កន្លែង​ ដែល​រូប​គេ​ចំណាយ​ពេល​ពី​ឆ្នាំ ២០២១ ដល់ ២០២៣ ដោយ​បង្ហាញ​ខ្លួន​លើ​ទី​លាន ៥២ ប្រកួត។

កីឡាករ Rui Pires លេខ ៦ ធ្លាប់​ជា​ប្រធាន​ក្រុម U19 ព័រទុយហ្គាល់

បន្ទាប់​មក ខ្សែ​បម្រើ​ការពារ​ Rui Pires បាន​ចាក​ចេញ​ពី​តំបន់​អឺរ៉ុប​មក​បន្ត​អាជីព​នៅ​តំបន់​អាស៊ី​ដោយ​បាន​ចូល​រួម​ជា​មួយ​ក្លិប​ធំ​របស់​សិង្ហបុរី Lion City Sailors ពី​ឆ្នាំ ២០២៣ ដល់ ពាក់​កណ្តាល​ឆ្នាំ ២០២៦។ នៅ​ក្លិប​ថ្មី​នេះ កីឡាករ​បាន​ជួយ​ក្លិប​ឈ្នះ​ជើង​ឯក​លីគ​កំពូល​សិង្ហបុរី រដូវ​កាល ២០២៤​-២៥, ឈ្នះ​ពាន Singapore Cup ៣ លើក​ជាប់​គ្នា​គឺ​ឆ្នាំ ២០២៣, ២០២៤-២៥ និង ២០២៥-២៦។ ជា​ពិសេស រូប​គេ​បាន​ជួយ​ក្លិប​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ ពាន​រង្វាន់​អាស៊ី​លំដាប់​ទី​២ AFC Champions League Two រដូវ​កាល ២០២៤-២៥។

បើ​និយាយ​ពី​ជម្រើស​ជាតិ​ព័រទុយហ្គាល់​វិញ កីឡាករ Rui Pires បាន​ជាប់​តាំង​ពី​កម្រិត​អាយុ ១៨ ឆ្នាំ រហូត​ដល់ កម្រិត ២០ ឆ្នាំ ចន្លោះ​ពី​ឆ្នាំ ២០១៥ ដល់ ឆ្នាំ ២០១៨។ រូប​គេ​ជា​ប្រធាន​ក្រុម និង​​ធ្លាប់​បាន​លេង​ពាន​រង្វាន់​អន្តរជាតិ​​ជា​ប្រចាំ​តំបន់​អឺរ៉ុប ហើយ​ក៏​ធ្លាប់​ត​ទល់​នឹង សាធារណរដ្ឋឆេក ហូឡង់ ស្វីស ប៉ូឡូញ អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី ដាណឺម៉ាក់ និង​ក្រូអាត​ ជា​ដើម។ រូប​គេ​ក៏​ជាប់ឈ្មោះ​នៅ​ក្នុង​ក្រុមល្អ​ប្រចាំ​ព្រឹត្តិការណ៍​ជើង​ឯក​យុវជន​ទ្វីប​អឺរ៉ុប​អាយុ ១៩ ឆ្នាំ កាល​ពី​ឆ្នាំ ២០១៧ នៅ​ពេល​ក្រុម U19 ព័រទុយហ្គាល់ ទទួល​បាន​រង​ជើង​ឯក ក្រោយចាញ់​ ក្រុម​យុវជន​អង់គ្លេស ១-២។

កីឡាករ Rui Pires (លេខ៦) លេង​ទល់​នឹង​អង់គ្លេស

ដោយ​ផ្អែក​លើ​កាយ​សម្បទា និង​បទ​ពិសោធ​ច្រើននៅ​តំបន់​អឺរ៉ុប កីឡាករ Rui Pires នឹង​ក្លាយ​ជា​តួ​ដ៏​សំខាន់​ម្នាក់​នៅ​តំបន់​ការពារ​របស់ ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​ចាប់​ដៃ​ជា​មួយ​ខ្សែ​ការពារ Faris Hammouti និង Takashi  Odawara ព្រម​ទាំង​កីឡាករ​កម្ពុជា សឿយ វិសាល និង សារ៉េត គ្រីយ៉ា៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម