Connect with us

កីឡា

ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​មន្ត្រី​កីឡា​ក្រសួង​មហាផ្ទៃ​របស់​ អ៊ូច​ ធារិទ្ធ​ ទំនង​ត្រូវ​បញ្ចប់​ក្រោយ​មាន​របួស​មិន​អាច​បន្ត​អាជីព​ប្រដាល់​

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ​ អ៊ូច​ ធារិទ្ធ​ ក្ដី​ស្រមៃ​ធំ​របស់​រូប​គេ​ដែល​ចង់​ក្លាយ​ជា​មន្ត្រី​កីឡា​ក្រសួង​មហាផ្ទៃ​ (នគរបាល)​ ពី​មុន​នោះ​ទំនង​ត្រូវ​បាន​បញ្ចប់​ហើយ​ចាប់​ពី​ពេល​នេះ​តទៅ​ ព្រោះ​មាន​របួស​ក្បាល​ធ្ងន់ធ្ងរ​ដោយ​ត្រូវ​បញ្ចប់​អាជីព​ត្រឹម​នេះ​ហើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ូច ធារិទ្ធ ក្រោយ​ពេល​របួសក្បាល

គ្រូ​ពេទ្យ​បាន​បញ្ជាក់​ទៅ​កាន់​ អ៊ូច​ ធារិទ្ធ​ ហើយ​ថា​រូប​គេ​មិន​អាច​បន្ត​អាជីព​ប្រដាល់​នេះ​បាន​ទៀត​ទេ​ដោយ​សារ​តែ​របួស​ឈាម​កក​ក្នុង​ក្បាល​របស់​គេ​មាន​សភាព​ធ្ងន់ធ្ងរ​រហូត​ដល់​វះកាត់​ដូច​សាធារណៈជន​បាន​ឃើញ​ជាក់ស្ដែង​នៅ​ពេល​នេះ​អីចឹ។​ ដំណឹង​ដ៏​អាក្រក់​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ម្ចាស់​ខ្លួន​មិន​អាច​ទទួល​យក​បាន​ភ្លាមៗ​នោះ​ឡើយ​ និង​តែងតែ​ហូរ​ទឹកភ្នែក​នៅ​ពេល​គិត​ពី​ការ​បាត់បង់​អាជីព​ដែល​ខ្លួន​ស្រឡាញ់​ និង​ប្រឡូក​អស់​ជា​ច្រើន​ឆ្នាំ​មក​នេះ។​

ធារិទ្ធ ប្រពន្ធកូន

លើស​ពី​នេះ​ទៅ​ទៀត​ក្ដី​ស្រមៃ​ធំ​របស់​រូប​គេ​ដែល​ធ្លាប់​មាន​ពី​មុន​មក​ថា​ចង់​ជាប់​ជា​មន្ត្រី​កីឡា​ក្រសួង​មហាផ្ទៃ ​(នគរបាល)​ នោះ​គឺ​ទំនង​ត្រូវ​បាន​បញ្ចប់​ដោយ​មិន​អាច​សម្រេច​បាន​ចាប់​ពី​នេះ​ទៅ​ហើយ។​ ព្រោះ​រូប​គេ​មិន​អាច​បន្ត​ព្យាយាម​ស្វែង​រក​នូវ​សមិទ្ធផល​ ឬ​មេដាយ​មាស​តំណាង​ឲ្យ​​ក្រសួង​មហាផ្ទៃ​បាន​ទៀត​ទេ​ដោយ​សារ​របួស​ក្បាល​ដ៏​ធ្ងន់ធ្ងរ​នេះ។​

អ៊ូច ធារិទ្ធ និង​លោក​ សំណព្វ​

អ៊ូច​ ធារិទ្ធ ​ធ្លាប់​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា​ រូប​គេ​បាន​តស៊ូ​ប្រកួត​តំណាង​ឲ្យ​ក្រសួង​មហាផ្ទៃ​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​មិន​ថា​ប្រកួត​លើ​ប្រភេទ​កីឡា​ប្រដាល់​សកល​ និង​គុន​ខ្មែរ​នោះ​ឡើយ​ទេ​។​ អាច​ថា​ជា​រឿង​ស៊យ​សម្រាប់​រូប​គេ​ផង​ដែរ​ចំពោះ​ការ​តស៊ូ​នេះ​ដោយ​សារ​តែ​ប្រកួត​បាន​តែ​មេដាយ​ប្រាក់​ មេដាយ​សំរឺទ្ធ​ និង​មាន​ឱកាស​ទៅ​ដណ្ដើម​មេដាយ​មាស​បែរ​ជា​ជួប​រឿង​ចៃដន្យ​មាន​ជំងឺ​មិន​អាច​ឡើង​ប្រកួត​បាន​ទៅ​វិញ​កន្លងមក។​ ការ​មិន​បាន​ដណ្ដើម​មេដាយ​មាស​នេះ​ហើយ​ទើប​រូប​គេ​មិន​ទាន់​ឃើញ​មាន​ឈ្មោះ​ជាប់​ក្រប​ខណ្ឌ​រហូត​មក​ដល់​ពេល​ខ្លួន​មាន​របួស​​ធ្ងន់​បាត់បង់​អាជីព​ប្រដាល់​ដូច​ពេល​នេះ​ទៅ។​

អ៊ូច ធារិទ្ធ និង​លោក​ សំណព្វ​

បញ្ជាក់​ដែរ​ថា​ កីឡាករ​ អ៊ូច​ ធារិទ្ធ​ បាន​រងរបួស​ក្រោយ​ពី​ប្រកួត​ឈ្នះ​ពិន្ទុ​​កីឡាករ​ប្រេស៊ីល​ GABRIEL SOUZA ​កាល​ពី​ថ្ងៃ​ទី១៦​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ នៅ​ឯ​ខេត្ត​កំពត​ ក្នុង​កម្មវិធី​ប្រដាល់​របស់​សង្វៀន​ ទទក ។ បច្ចុប្បន្ន​នេះ​រូប​គេ​សម្រាក​នៅ​ផ្ទះ​ដើម្បី​ព្យាបាល​បន្ត​ និង​រង់ចាំ​ការ​វះកាត់​ដាក់​បញ្ចូល​លលាក្បាល​ឡើង​វិញ​តាម​ដំណាក់កាល​របស់​គ្រូ​ពេទ្យ។​ ចំពោះ​ការ​ជាប់​ក្រប​ខណ្ឌ​ជា​មន្ត្រី​កីឡា​នគរបាល​​ ឬ​មន្ត្រី​កីឡា​ផ្នែក​ក្រសួង​ការពារជាតិ​​កន្លង​មក​លុះត្រា​តែកីឡាករ​ កីឡាការិនី​ផ្សេងៗ​នោះ​មាន​ក្លឹប​ប្រកួត​តំណាង​ក្រសួង​នោះ​តាម​និតិ​វិធី​ផ្លូវ​ច្បាប់ត្រឹមត្រូវ​ និង​មាន​ស្នាដៃ​តាម​ការ​កំណត់​ណា​មួយ​នោះ​នឹង​មាន​ឱកាស​ជាប់​ក្នុង​ពេល​វេលា​ជាក់ស្ដែង៕​

កីឡាករ អ៊ូច ធារិទ្ធ ថ្ងៃប្រកួត​មាន​របួសក្បាល

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម