ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់បង្ហាញសញ្ញាបិទច្រកដឹកជញ្ជូនសំខាន់មួយទៀតនៅសមុទ្រក្រហម ដែលអាចបង្កើនហានិភ័យធ្ងន់ធ្ងរដល់ពាណិជ្ជកម្មសកល
ខណៈការរំខាននៅច្រកសមុទ្រហ័រមូហ្សនៅតែបន្ត ឥឡូវនេះ អ៊ីរ៉ង់កំពុងបង្ហាញសញ្ញាថា ខ្លួនអាចនឹងបង្កើនបន្ទុកថ្មីលើពាណិជ្ជកម្មពិភពលោក តាមរយៈការប្រើក្រុមប្រដាប់អាវុធហ៊ូធីនៅយេម៉ែន ឱ្យបិទច្រក បាប អែល ម៉ាន់ដេប (Bab el-Mandeb) ដែលជាផ្លូវទឹកដ៏សំខាន់ភ្ជាប់សមុទ្រក្រហមទៅកាន់ឈូងសមុទ្រអេដិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រុមអ្នកវិភាគបានលើកឡើងថា ការគំរាមបិទច្រក បាប អែល ម៉ាន់ដេប បង្ហាញថា អ៊ីរ៉ង់កំពុងពង្រីកជម្លោះឱ្យហួសពីឈូងសមុទ្រពែរ្ស ដើម្បីបង្កើនសម្ពាធលើសហរដ្ឋអាមេរិក និងធ្វើឱ្យពិភពលោកព្រួយបារម្ភអំពីការផ្គត់ផ្គង់ថាមពល និងពាណិជ្ជកម្មសកល។
ច្រក បាប អែល ម៉ាន់ដេប គឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយរបស់ពិភពលោក ដែលប្រេងពីអារ៉ាប៊ីសាអូឌីត និងទំនិញជាច្រើនឆ្លងកាត់ មុនចូលទៅកាន់សមុទ្រក្រហម និងព្រែកជីកស៊ុយអេ។ ប្រសិនបើច្រកនេះត្រូវបិទបន្ទាប់ពីច្រកហ័រមូហ្ស នោះផ្លូវទឹកសំខាន់ ២ ដែលជាមូលដ្ឋាននៃពាណិជ្ជកម្ម និងទីផ្សារប្រេងពិភពលោក នឹងរងផលប៉ះពាល់ក្នុងពេលតែមួយ។
កាលពីថ្ងៃចន្ទ មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រុមហ៊ូធីម្នាក់ បានព្រមានថា កងកម្លាំងយេម៉ែនត្រៀមបិទច្រក បាប អែល ម៉ាន់ដេប ប្រសិនបើអារ៉ាប៊ីសាអូឌីតបន្តវាយប្រហារលើយេម៉ែន។ លោកបានអះអាងថា ប្រសិនបើ បាប អែល ម៉ាន់ដេប និង ហ័រមូហ្ស ត្រូវបានបិទក្នុងពេលតែមួយ តម្លៃប្រេងអាចហក់ឡើងដល់ ២០០ ដុល្លារ/បារ៉ែល។
អ្នកជំនាញបានពណ៌នាថា ប្រសិនបើច្រកហ័រមូហ្ស គឺជាអាវុធដាក់សម្ពាធគេដ៏សំខាន់បំផុតរបស់អ៊ីរ៉ង់ នោះច្រក បាប អែល ម៉ាន់ដេប គឺជាជម្រើសយុទ្ធសាស្ត្រចុងក្រោយ ដែលអ៊ីរ៉ង់អាចប្រើ ប្រសិនបើជម្លោះជាមួយសហរដ្ឋអាមេរិកកាន់តែធ្ងន់ធ្ងរ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា ក្រុមហ៊ូធីធ្លាប់បង្ហាញសមត្ថភាពរំខានដល់ពាណិជ្ជកម្មពិភពលោករួចមកហើយ។ បន្ទាប់ពីសង្គ្រាមនៅតំបន់ហ្កាហ្សាបានផ្ទុះឡើងក្នុងឆ្នាំ២០២៣ ក្រុមនេះបានវាយប្រហារនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម ដោយអះអាងថា កំណត់គោលដៅលើនាវាដែលពាក់ព័ន្ធនឹងអ៊ីស្រាអែល។ ការវាយប្រហារទាំងនោះ បានបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូនជាច្រើនប្តូរផ្លូវទៅជុំវិញទ្វីបអាហ្វ្រិក ដែលធ្វើឱ្យការដឹកជញ្ជូនចំណាយថ្លៃកាន់តែខ្ពស់ និងជំរុញឱ្យសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បើកការវាយប្រហារតបតវិញ។
អ្នកវិភាគមួយចំនួនយល់ថា អ៊ីរ៉ង់ប្រហែលជាមិនចង់ពង្រីកសង្គ្រាមភ្លាមៗទេ ប៉ុន្តែកំពុងបង្កើនសម្ពាធជាបន្តបន្ទាប់ ដើម្បីបង្ខំឱ្យអាមេរិកត្រឡប់មករកតុចរចា។ ទោះជាយ៉ាងណា ប្រសិនបើអាមេរិកបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ីរ៉ង់ អ៊ីរ៉ង់អាចនឹងប្រើក្រុមហ៊ូធី ដើម្បីរំខានការធ្វើនាវាចរណ៍តាមច្រក បាប អែល ម៉ាន់ដេប ដែលនឹងធ្វើឱ្យវិបត្តិសេដ្ឋកិច្ច និងទីផ្សារថាមពលពិភពលោកកាន់តែធ្ងន់ធ្ងរ។
ទោះបីជាក្រុមហ៊ូធីមានសមត្ថភាពគំរាមកំហែងដល់ការដឹកជញ្ជូនតាមផ្លូវទឹកនេះក៏ដោយ ក្រុមអ្នកវិភាគជាច្រើនជឿថា ពួកគេទំនងជាមិនធ្វើសកម្មភាពធំដុំឡើយ លុះត្រាតែមានការណែនាំដោយផ្ទាល់ពីអ៊ីរ៉ង់។ ពួកគេក៏ព្រមានថា ការប៉ុនប៉ងបិទច្រក បាប អែល ម៉ាន់ដេប អាចនាំឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ដើម្បីទប់ស្កាត់ក្រុមហ៊ូធី៕

-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


