Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ីទទួលសិទ្ធិអភិវឌ្ឍវាលឧស្ម័នដ៏ធំនៅតួកមេនីស្ថាន ដើម្បីពង្រឹងសន្តិសុខថាមពល

បានផុស

នៅ

ក្រុមហ៊ុនថាមពលជាតិម៉ាឡេស៊ី PETRONAS ទទួលបានសិទ្ធិអភិវឌ្ឍ និង​គ្រោងចាប់ផ្តើមការងាររុករក និងខួងយកឧស្ម័ននៅវាលឧស្ម័នដ៏ធំមួយក្នុងប្រទេសតួកមេនីស្ថាននៅខែធ្នូ ឆ្នាំនេះ ដែលជាផ្នែកមួយនៃផែនការពង្រឹងសន្តិសុខថាមពល និងធានាប្រភពផ្គត់ផ្គង់ឧស្ម័នរយៈពេលវែងរបស់ប្រទេស។ នេះបើតាមការចុះផ្សាយរបស់កាសែត The Star កាលពីថ្ងៃអង្គារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា​ អ៊ីប្រាហ៊ីម ​បានថ្លែងថា តួកមេនីស្ថានបានផ្តល់សិទ្ធិឱ្យ PETRONAS គ្រប់គ្រង និងអភិវឌ្ឍវាលឧស្ម័នដ៏ធំបំផុតមួយរបស់ពិភពលោក។ លោកថ្លែងយ៉ាងដូច្នេះថា៖ «នេះជាដំណឹងដ៏ល្អសម្រាប់ម៉ាឡេស៊ី ជាពិសេសសម្រាប់ PETRONAS ព្រោះយើងទទួលបានសិទ្ធិគ្រប់គ្រងវាលឧស្ម័នដ៏ធំបំផុតមួយរបស់ពិភពលោក»។

លោកបានបន្ថែមថា ការងាររុករក និងខួងយកឧស្ម័ននៅប្លុកលេខ ៩ និងលេខ ១០ នឹងចាប់ផ្តើមនៅខែធ្នូខាងមុខ ដែលជាល្បឿនលឿនជាងគម្រោងថាមពលភាគច្រើន ព្រោះជាធម្មតាត្រូវចំណាយពេលពី ១ ឆ្នាំកន្លះ ទៅ ២ ឆ្នាំ មុនពេលអាចចាប់ផ្តើមប្រតិបត្តិការបាន។

បើតាមលោក អាន់វ៉ា ការវិនិយោគនេះនឹងជួយឱ្យម៉ាឡេស៊ីក្លាយជាប្រទេសមួយដែលមានធនធានឧស្ម័នធំជាងគេលើពិភពលោក និងជួយពង្រឹងសន្តិសុខថាមពលរបស់ប្រទេស តាមរយៈការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ថាមពល។

លោកក៏បានឱ្យដឹងដែរថា ម៉ាឡេស៊ីបានបញ្ចប់កិច្ចព្រមព្រៀងជាមួយរុស្ស៊ី សម្រាប់ការផ្គត់ផ្គង់ប្រេងម៉ាស៊ូតរយៈពេលវែង ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល។

កាលពីខែមិថុនា ក្រុមហ៊ុន PETRONAS Carigali (Turkmenistan) Sdn. Bhd. បានចុះកិច្ចព្រមព្រៀងថ្មីជាមួយក្រុមហ៊ុនថាមពលរដ្ឋ Turkmennebit និង Hazarnebit ដើម្បីពង្រីកសកម្មភាពរុករក និងផលិតប្រេង និងឧស្ម័ននៅសមុទ្រ កាស្ពែន ​ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រីកអាជីវកម្មថាមពលរបស់ម៉ាឡេស៊ីនៅអាស៊ីកណ្ដាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម