ព័ត៌មានជាតិ
ឥណ្ឌានឹងផ្តល់គ្រឿងសង្ហារិម បរិក្ខារ IT បំពាក់ក្នុងអគារស្នាក់នៅរបស់និស្សិតស្រីមានជីវភាពខ្វះខាត នាខេត្តបាត់ដំបង
និស្សិតស្រីប្រមាណ ១៤០ នាក់ ដែលភាគច្រើនមានជីវភាពខ្វះខាត និងមកពីតំបន់ជនបទដាច់ស្រយាល នឹងទទួលបានលក្ខខណ្ឌរស់នៅ និងសិក្សាកាន់តែប្រសើរ តាមរយៈការគាំទ្រពីប្រទេសឥណ្ឌា លើការបំពាក់គ្រឿងសង្ហារិម និងបរិក្ខារបច្ចេកវិទ្យាព័ត៌មាន (IT)នៅក្នុងអគារស្នាក់នៅថ្មី នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង។

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីអនុវត្តគម្រោងផ្តល់ផលរហ័ស (Quick Impact Project – QIP) ក្រោមប្រធានបទ «ការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់និស្សិតស្រី»។ ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងព្រះយសបញ្ញា បណ្ឌិត វី សុវិជ្ជា ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង។
សេចក្តីប្រកាសព័ត៌មានស្ថានទូតឥណ្ឌា គូសបញ្ជាក់ថា គម្រោងផ្តល់ផលរហ័សនេះ នឹងផ្តោតលើការផ្តល់ជូននូវគ្រឿងសង្ហារិម និងបរិក្ខារបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (Information Technology – IT) ដែលចាំបាច់ សម្រាប់បំពាក់នៅក្នុងអគារស្នាក់នៅរបស់និស្សិតស្រី ដែលទើបនឹងសាងសង់រួចថ្មីរបស់សាកលវិទ្យាល័យ។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់និស្សិតស្រីប្រមាណ ១៤០ នាក់ ដែលភាគច្រើនមានជីវភាពខ្វះខាត និងមកពីតំបន់ជនបទដាច់ស្រយាល។ គោលបំណងចម្បងនៃគម្រោង គឺការបង្កើតបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព ផាសុកភាព និងអំណោយផលដល់ការសិក្សា ដើម្បីជួយឱ្យនិស្សិតអាចបន្តការសិក្សានៅកម្រិតឧត្តមសិក្សាបានប្រកបដោយប្រសិទ្ធភាព។

នៅក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត Vanlalvawna Bawitlung បានគូសបញ្ជាក់អំពីចំណងមិត្តភាព និងទំនាក់ទំនងខាងអារ្យធម៌ដ៏ស៊ីជម្រៅ និងយូរអង្វែងរវាងឥណ្ឌា និងកម្ពុជា ដែលចាក់ឫសយ៉ាងរឹងមាំនៅក្នុងប្រវត្តិសាស្ត្រនៃការផ្លាស់ប្តូរវប្បធម៌ និងសាសនា អស់រយៈពេលជាច្រើនសតវត្សរ៍ ជាពិសេសតាមរយៈមរតកព្រះពុទ្ធសាសនារួម។ លោកបានបន្ថែមថា ប្រទេសឥណ្ឌានៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រដល់គ្រឹះស្ថានអប់រំដែលរួមចំណែកថែរក្សាតម្លៃរួមទាំងនេះ ព្រមទាំងផ្តល់នូវចំណេះដឹង និងជំនាញបច្ចេកទេសចាំបាច់ដល់យុវជនជំនាន់ក្រោយ ដើម្បីឱ្យពួកគេអាចរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិរបស់ខ្លួន។
គម្រោងថ្មីនេះ គឺជាការបន្តពង្រឹងភាពជាដៃគូដ៏យូរអង្វែងរវាងប្រទេសឥណ្ឌា និងពុទ្ធិកសាកលវិទ្យាល័យនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ តាមរយៈគម្រោងផ្តល់ផលរហ័ស (QIP) នាពេលកន្លងមក ប្រទេសឥណ្ឌាបានគាំទ្រដល់ការបង្កើតមជ្ឈមណ្ឌលព័ត៌មានវិទ្យា (IT Centres) នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រាជធានីភ្នំពេញ និងសាខាខេត្តបាត់ដំបង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី។ គំនិតផ្តួចផ្តើមទាំងនេះ សុទ្ធតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរវាងឥណ្ឌា និងកម្ពុជា ក្នុងការពង្រឹងឱកាសផ្នែកអប់រំ ការកសាងសមត្ថភាពស្ថាប័ន និងការលើកកម្ពស់សក្តានុពលរបស់យុវជនកម្ពុជា។

កម្ពុជា នៅតែជាដៃគូអភិវឌ្ឍន៍ដ៏មានតម្លៃរបស់ប្រទេសឥណ្ឌា ក្រោម «គោលនយោបាយឆ្ពោះទៅទិសខាងកើត» (Act East Policy) និងក្នុងក្របខ័ណ្ឌ «សហប្រតិបត្តិការមេគង្គ-គង្គា» (Mekong–Ganga Cooperation)។ ជារៀងរាល់ឆ្នាំ ប្រទេសឥណ្ឌាបានអនុវត្តគម្រោងផ្តល់ផលរហ័សចំនួន ១០ គម្រោងនៅកម្ពុជា ដែលគ្របដណ្តប់លើវិស័យអាទិភាពនានា រួមមាន វិស័យអប់រំ សុខាភិបាល ការលើកកម្ពស់សិទ្ធិអំណាចស្ត្រី អនាម័យ កសិកម្ម និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ គិតមកទល់ពេលបច្ចុប្បន្ន មានគម្រោងផ្តល់ផលរហ័សសរុបចំនួន ៧៣ គម្រោងត្រូវបានអនុម័ត ក្នុងនោះ ៥៥ គម្រោងត្រូវបានបញ្ចប់ដោយជោគជ័យ ខណៈ ១៨ គម្រោងទៀតកំពុងស្ថិតក្នុងដំណាក់កាលអនុវត្ត។
គម្រោងទាំងអស់នេះ សុទ្ធតែស្របតាមកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ គំនិតផ្តួចផ្តើមថ្មីៗទាំងនេះ បានបញ្ជាក់បន្ថែមពីភាពជាដៃគូអភិវឌ្ឍន៍ដ៏រឹងមាំ និងការរីកចម្រើនជាលំដាប់រវាងឥណ្ឌា និងកម្ពុជា ដោយផ្តោតលើការផ្តល់ផលជាវិជ្ជមាននៅកម្រិតមូលដ្ឋាន ការអភិវឌ្ឍធនធានមនុស្ស និងការកសាងជីវភាពរស់នៅប្រកបដោយចីរភាព៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


