ព័ត៌មានជាតិ
កម្ពុជាបញ្ជាក់ជាថ្មីទៅកាន់ប្រធានអាស៊ានពីជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានបញ្ជាក់ជាថ្មីទៅកាន់ហ្វីលីពីន ដែលជាប្រធានអាស៊ានប្ដូរវេនក្នុងឆ្នាំនេះ អំពីជំហរបស់កម្ពុជាក្នុងការបន្តជ្រើសរើសនូវយន្តការដោយសន្តិវិធី ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ដែលកំពុងតែអូសបន្លាយ។

ការបញ្ជាក់របស់សម្ដេចតេជោបានធ្វើឡើងនៅក្នុងពេលដែលទទួលជួបលោកស្រី ហ្វើ្លរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ដើម្បីជម្រាបលា ខណៈដែលលោកស្រីឯកអគ្គរដ្ឋទូត ត្រូវចប់បេសកកម្មការទូតនៅកម្ពុជា។
ថ្លែងឱ្យដឹងដោយលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការវិវត្តថ្មីៗនៃស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា និងថៃ ដោយសម្ដេចបានបញ្ជាក់ទៅកាន់លោកស្រីឯកអគ្គរដ្ឋទូតថា កម្ពុជាប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ និងផ្អែកលើយន្តការ ដែលមានស្រាប់រវាងភាគីទាំងពីរបានព្រមព្រៀងគ្នាកន្លងមក។

ឆ្លើយទៅនឹងជំហររបស់កម្ពុជា លោកស្រីឯកអគ្គរដ្ឋទូត បានបញ្ជាក់នៅចំពោះមុខសម្ដេចតេជោ ថា ក្នុងឋានៈហ្វីលីពីន ជាប្រធានអាស៊ានប្តូរវេន នឹងខិតខំប្រឹងប្រែងក្នុងការជួយជំរុញនូវការដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃឱ្យប្រព្រឹត្តទៅដោយលទ្ធផលផ្លែផ្កា ហើយវិលទៅរកប្រក្រតីភាពឡើងវិញនៅតាមបណ្តោយព្រំដែននៃប្រទេសជាសមាជិកអាស៊ានទាំងពីរនេះ។

គួរកត់សម្គាល់ថា កម្ពុជាតែងតែបានបង្ហាញនូវការប្រកាន់ខ្ជាប់ជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់ ហើយកម្ពុជាប្រឆាំងជាដាច់ខាតចំពោះការប្រើប្រាស់កម្លាំងដើម្បីកែប្រែព្រំដែន។

កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបានបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញាសន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


