Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីស្វាគមន៍ក្រុមហ៊ុនចិនមកវិនិយោគនៅកម្ពុជាលើឧស្សាហកម្មរ៉ែ

បានផុស

នៅ

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍ចំពោះក្រុមហ៊ុនចិន CHINALCO ដែលកំពុងស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មធនធានរ៉ែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្វាគមន៍របស់សម្ដេចធិបតី ធ្វើឡើងក្រោយប្រធានក្រុមហ៊ុនមួយនេះ បានបង្ហាញការចាប់អារម្មណ៍ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគបន្ថែមនៅកម្ពុជា ខណៈក្រុមហ៊ុនបានសិក្សាគម្រោងវិនិយោគលើវិស័យផលិតដែក និងធនធានរ៉ែ។

លើកឡើងក្នុងជំនួបនាទីក្រុងប៉េកាំង កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោក Wang Shilei ប្រធានក្រុមហ៊ុន CHINALCO រាយការណ៍ជូនសម្ដេចធិបតីអំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដែលជាសហគ្រាសឈានមុខមួយក្នុងប្រទេសចិន ដែលមានប្រតិបត្តិការអាជីវកម្មលើឧស្សាហកម្មធនធានរ៉ែ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ តំបន់សេដ្ឋកិច្ចពិសេស និងការសាងសង់ផ្លូវដែក​ ជាដើម។

លោកក៏បានលើកឡើងពីវឌ្ឍនភាពនៃគម្រោងមួយចំនួនរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះក្រុមហ៊ុនបានសិក្សាសមិទ្ធិលទ្ធភាពលើវិស័យផលិតដែក និងវិស័យធនធានរ៉ែ។

សម្ដេចធិបតី បានសម្ដែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន។ សម្ដេចធិបតី ក៏បានស្វាគមន៍ចំពោះគោលបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគលើវិស័យសក្ដានុពលនានានៅកម្ពុជា ដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ផ្លូវដែក និងធនធានរ៉ែ។

សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែស្វាគមន៍ និងត្រៀមខ្លួនផ្ដល់ការគាំទ្រជានិច្ចដល់គ្រប់ក្រុមហ៊ុនវិនិយោគទាំងអស់ ដើម្បីធានាបាននូវភាពជោគជ័យនៅកម្ពុជា។

សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាឱ្យបានជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគជាក់ស្ដែងឱ្យលេចចេញជាផ្លែផ្កានៅពេលអនាគត។

គួរជម្រាបថា ក្រុមហ៊ុន CHINALCO ជាក្រុមហ៊ុនផលិតអាលុយមីញ៉ូមដ៏ធំមួយរបស់ចិន និងឈានមុខគេលើពិភពលោក ដែលធ្វើប្រតិបត្តិការគ្របដណ្តប់លើខ្សែច្រវាក់ផលិតកម្មលោហៈ រាប់ចាប់តាំងពីការរុករក ធ្វើអាជីវកម្មរ៉ែ និងការកែច្នៃផលិតផលសម្រេច រហូតដល់សេវាកម្មវិស្វកម្ម និងបច្ចេកទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម