Connect with us

ព័ត៌មានជាតិ

លោក យួស សាវុធ ៖ ជំនាញ TVET កែប្រែជីវិតពីសន្តិសុខប្រាក់ខែ ១៨០ ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មរកចំណូលជិត ២ ពាន់ដុល្លារ​ ក្នុង​ ១​ ខែ

បានផុស

នៅ

សម្រាប់មនុស្សមួយចំនួន ការធ្វើការពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច អាចជារបៀបរស់នៅធម្មតា ប៉ុន្តែសម្រាប់លោក យួស សាវុធ ការធ្វើការ​ពេលយប់ជាសន្តិសុខ ហើយបន្តទៅរៀនជំនាញជាមួយកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ(TVET) នៅពេលថ្ងៃ គឺជាជម្រើសតែមួយគត់ ដើម្បីផ្លាស់ប្តូរជីវភាព​គ្រួសាររបស់លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនពេលក្លាយជាម្ចាស់អាជីវកម្ម លោក សាវុធ ធ្លាប់ចាកចេញពីស្រុកកំណើត ទៅធ្វើការជា​ពលករនៅ​ក្រៅ​ប្រទេស ដោយ​សង្ឃឹមថា នឹង​អាច​រក​ប្រាក់​មក​ជួយ​គ្រួសារ ប៉ុន្តែ​ជីវិត​មិន​បានដូចការរំពឹងទុកឡើយ។ ក្រោយត្រ​ឡប់មកប្រទេសកំ​ណើតវិញ ការ​ងារដំបូង​ដែលលោក​ចាប់ផ្ដើមនោះ គឺ​ចូល​ធ្វើជាស​ន្ដិសុខនៅ​ស្ថាប័នមួយកន្លែង ដោយទទួលបានប្រាក់ខែត្រឹម ១៨០ ដុល្លារ ក្នុង ១ ខែ ប៉ុណ្ណោះ។

លោករំឭកទៅអតីតកាលដ៏លំបាកមួយនោះថា «ប្រាក់ខែប៉ុណ្ណេះ មិនអាចផ្គត់ផ្គង់គ្រួសារបានឡើយ ពេលខ្លះ សូម្បីតែលុយទិញទឹកដោះឱ្យកូន ក៏មិន​គ្រប់ផង។ ​បើខ្ញុំនៅតែធ្វើការមួយថ្ងៃ ៨ ម៉ោងបែបនេះ ជីវភាពគ្រួសារខ្ញុំមិនអាចប្រសើរឡើយ»។

ការលំបាក​ក្នុងជីវិតនេះ បាន​ជំរុញឲ្យលោ​ក សាវុធ ​ចាប់ផ្ដើ​មស្វែង​រកជំនាញប​ច្ចេកទេសមួ​យមក​ដាក់ក្នុ​ងខ្លួន។ ថ្ងៃមួយ មិត្តរួមការ​ងារម្នា​ក់ បា​នណែ​នាំ​ឱ្យ​លោកទៅរៀន​ជំនាញជួសជុល​ម៉ាស៊ីនត្រជាក់តាមរយៈការបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ (TVET) នៃក្រសួងការងារ និង បណ្ដុះ​បណ្ដា​ល​វិជ្ជា​ជីវៈ។

លោក​និយាយថា «ខ្ញុំមិនទាន់​ទៅរៀន​ភ្លាមៗ ​ទេ ខ្ញុំជិះ​ម៉ូតូដើរ​មើលតាម​ផ្ទះសិន ថាមា​នអ្ន​កប្រើច្រើន​អត់។ បន្ទាប់ពី​មើល​ឃើញ និង ជឿជាក់ថា ជំនាញ​​នេះ​មានអនា​គត ខ្ញុំក៏ស​ម្រេចចិត្ដចូលរៀននៅ​វិទ្យាស្ថានអ​ភិវឌ្ឍន៍មុខជំនាញកម្ពុជា​»។

ការស​ម្រេចចិត្តរៀនជំនាញម៉ាស៊ីន​ត្រជាក់ បានក្លា​យជាចំណុចរបត់ នៃជីវិតលោក។ ពេលយប់ លោកធ្វើការជាសន្តិសុខ ខណៈពេលថ្ងៃ លោក​ទៅ​សិក្សា​ជំនាញ ដោយ​មិនដែ​លទុកពេលទំនេរចោលឡើយ។ លោកនៅចាំមិន​ភ្លេច​ថា មានថ្ងៃមួ​យ ពេលធ្វើដំ​ណើរទៅសាលា លោកបាន​ដួល​ម៉ូតូ​តាម​ផ្លូវ ប៉ុន្តែ​លោកមិនបា​នត្រឡប់ទៅ​ផ្ទះទេ ហើយ​នៅតែបន្តទៅ​រៀ​នដដែល។ លោកបានលើកឡើងថា «ពេលខ្លះ ខ្ញុំស្ទើ​រតែបោះបង់​ហើយ តែខ្ញុំគិតថាមានតែ​ចំណេះ ជំនាញទេ ដែលអាចផ្លាស់ប្ដូរជីវិតខ្ញុំ និង គ្រួសារបាន»។

ខណៈពេលកំពុងសិក្សា លោកចាប់ផ្ដើ​មមានអ​តិថិជនជាប​ណ្ដើរៗ។ ​ក្រោយបញ្ចប់ការសិក្សា លោកបន្តទ​ទួលការងារជាងជួស​ជុល និង ថែ​ទាំ​ម៉ាស៊ីន​ត្រជាក់​ចល័ត និង នៅ​បន្តធ្វើ​ការជាសន្តិសុខពេលយ​ប់ ដើម្បី​រកប្រាក់បន្ថែម​។ ពេលការងារជា​ជាងចាប់ផ្ដើមមាន​ស្ថិរភាព និង អាចរក​ចំណូល​បាន​ច្រើន​ជាងមុ​ន លោកក៏​បានសម្រេចចិត្ត លាឈប់​ពីការងារសន្តិសុខ ហើយបើកអាជី​វកម្មជួសជុល និង ​ថែទាំម៉ាស៊ីន​ត្រជាក់ដោ​យខ្លួនឯង។

ថ្ងៃនេះ លោកគឺជាម្ចាស់អាជីវកម្មជួសជុល និង ថែទាំម៉ាស៊ីនត្រជាក់ ដែលអាចរកចំណូលជាមធ្យមប្រមាណ ២,០០០ ដុល្លារ ក្នុង ១ ខែ ប៉ុន្តែជោគជ័យមួយនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ។ វាកើតចេញពីទឹកញើស ការលះបង់ និង ការតស៊ូមិនបោះបង់ចោលក្ដីស្រមៃ។

លោ​កនិយាយ​ដោយស្នាមញ​ញឹមថា «សព្វថ្ងៃ ជីវភាពគ្រួសារលែងសូវលំបាកដូចមុនទៀតហើយ បើចង់ហូបអី ឬ ចង់ទៅណាក៏បានដែរ យើងលែងបារម្ភពីបញ្ហាលុយកាក់ដូចមុន»។

លោកក៏បា​នលើកទឹកចិត្តឱ្យយុវជនគួរតែមានជំនាញពីរក្នុងខ្លួន ដើម្បីបង្កើន​​ឱកាសការងារ និង ចំណូល នាពេ​លអនាគ​ត។ សម្រាប់​អ្នកដែល​មាន​ចំណាប់​អារម្មណ៍​លើជំនាញជួ​សជុលម៉ា​ស៊ីនត្រជាក់ អា​ចចុះឈ្មោះសិក្សាដោយមិនគិតថ្លៃ​នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម