ព័ត៌មានជាតិ
ស្រួង ភាវី ម្ចាស់ពាន Blue One Resort LPBA Championship ទទួលបានការសាទរពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ
កីឡាការិនីស្នូកឃ័រឆ្នើមរបស់កម្ពុជា ស្រួង ភាវី បានគ្រងតំណែងជើងឯកលើកដំបូង ក្នុងការប្រកួតកីឡាស្នូកឃ័រ (ការ៉ុម) ពានរង្វាន់ Blue One Resort LPBA Championship (ផ្នែកនារី) នៅសាធារណរដ្ឋកូរ៉េ បន្ទាប់ពីវាយបកយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Kim Gayoung ដោយលទ្ធផល ៣-១សិត នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។
ជាមួយនឹងជ័យជម្នះដ៏ត្រចះត្រចង់នេះ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចេញលិខិតជូនពរ និងអបអរសាទរជូនចំពោះលោកស្រី ស្រួង ភាវី កីឡាការិនីស្នូកឃ័រជម្រើសជាតិកម្ពុជា ដែលបានទទួលបានជ័យលាភីជើងឯក ក្នុងការប្រកួតពានរង្វាន់អន្តរជាតិ Blue One Resort LPBA Champion ship (ផ្នែកនារី) នេះ។

តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកទាំងអស់នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងក្រុមគ្រួសារ លោកបានសម្តែងនូវអំណរសាទរជាអនេក ប្រកបដោយមនោសញ្ចេតនារីករាយក្រៃលែង ក្នុងឱកាស លោកស្រីទទួលបានជ័យលាភីជើងឯកក្នុងការប្រកួតពានរង្វាន់អន្តរជាតិនេះ។
លោកឯកអគ្គរាជទូតរូបនេះបានចាត់ទុកថា នេះជាសមិទ្ធផលជោគជ័យ និងគំរូវីរភាពដ៏ល្បីរន្ទឺជាបន្តបន្ទាប់ ក្នុងអាជីពកីឡាស្នូកឃីរជម្រើស ជាតិកម្ពុជារបស់លោកស្រី ហើយពិតជាបាននាំមកនូវកិត្តិយសដ៏ឧត្តុង្គឧត្តមដល់ប្រទេសជាតិ និងមោទនភាពជាតិក្រៃលែង ជាពិសេសនៅក្នុង ចំណោមសាធារណ ជនទូទៅនៃសាធារណរដ្ឋកូរ៉េ ដែលតែងតែសម្តែងការគោពស្រឡាញ់ គាំទ្រ និងបានចាត់ទុកលោកស្រីជាគំរូវីរភាពស្ត្រីនៅក្នុងវិស័យកីឡា។ ជោគជ័យគួរជាទីមោទនៈរបស់លោកស្រីក៏នឹងក្លាយជាគម្រូដ៏ថ្លៃថ្លា សម្រាប់យុវជន យុវនារី និងកីឡាករកម្ពុជាទាំងអស់ ក្នុងការចូលរួមលើកតម្កើងកិត្យានុភាពជាតិយ៉ាងថ្លៃថ្លារបស់កម្ពុជា នៅលើឆាកអន្តរជាតិនាពេលខាងមុខផងដែរ។

កីឡាការិនី ស្រួង ភាវី ក៏បានបង្ហាញនូវក្តីរីក រាយតាមរយៈហ្វេសប៊ុករបស់ខ្លួនដែរថា «ខ្ញុំបានប្រកួតកីឡាស្នូកឃ័រពានរង្វាន់ជើងឯកពិភព លោកដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ការប្រកួតដ៏លំបាក និងតឹងតែងនេះ ខ្ញុំខំហ្វឹក ហាត់ទាំងយប់ទាំងថ្ងៃមិនសម្រាក ខំឡើងធ្លាក់ ខ្លួនឈឺយ៉ាងណា ក៏នៅតែប្រឹង ដើម្បីជាតិកម្ពុជារបស់ខ្ញុំ។ ខ្ញុំស្រឡាញ់អ្នកណាស់ ដើម្បីអ្នកព្រោះអ្នកបានផ្ដល់កំណើត និងអត្តសញ្ញាណដល់ខ្ញុំ និងជនជាតិខ្ញុំ។ ថ្ងៃនេះខ្ញុំបានទទួលពានជើងឯកពិភពលោកលេខ១បានសម្រេចហើយ ក៏ព្រោះតែកិត្តិយសកម្ពុជាលើឆាកអន្តរជាតិ ក្នុងសម័យកូវីដ-១៩ក៏ដោយ។ អរគុណបងប្អូនជនជាតិខ្មែរ ដែលតែងតែបន្តគាំទ្រនិងផ្ដល់កម្លាំងចិត្តដល់ខ្ញុំ។ បុព្វហេតុគ្រប់យ៉ាងដើម្បីជាតិមាតុភូមិ ព្រោះមាតុភូមិនេះហើយបានផ្ដល់កំណើតដល់ខ្ញុំ។ ខ្ញុំស្រឡាញ់អ្នកណាស់»។
សូមរំឭកថា ព្រឹត្តិការណ៍ Blue One Resort LPBA Championshipនេះ គឺកីឡាការិនីស្រួង ភាវី បានទទួលប្រាក់រង្វាន់ចំនួន ២០លានវ៉ុន ឬស្មើនឹងប្រមាណ ១៧,៥៧៩ដុល្លារ។ ការប្រកួតនេះបានធ្វើឡើងរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មានកីឡាការិនីចូលរួមសរុប ៦៤ នាក់ សុទ្ធសឹងជាជើងខ្លាំងកម្រិតពិភពលោក ៕
វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


