Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ស្ពឺ​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ​ច្រើន​ជាង​គេ​លំដាប់​ទី​២​ បន្ទាប់ពី​ភ្នំពេញ

បានផុស

នៅ

ភ្នំពេញ ​៖ ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៩ ​ខែមិថុនា ​ឆ្នាំ​២០២១​នេះ ខេត្តកំពង់ស្ពឺ​មាន​អ្នក​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វីដ១៩ ​កើនឡើង​ដល់​៣៣​នាក់​ដែល​ជា​តួលេខ​មួយ​ខ្ពស់​លំដាប់​ទី​២​ បន្ទាប់ពី​រាជធានី​ភ្នំពេញ​ដែល​មាន​អត្រា​ស្លាប់​ច្រើន​ជាង​គេ​នៅ​ទូទាំង​ប្រទេស​។

បើ​តាម​លោក វេជ្ជបណ្ឌិត អោ វណ្ណ​ថេ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ បាន​មានប្រសាសន៍ នៅ​ថ្ងៃទី​២៩​មិថុនា​ថា ក្នុងចំណោម​អ្នក​ស្លាប់​ចំនួន​៣៣​នាក់​នោះ​មាន​ប្រមាណ​៦០​ភាគរយ​ស្លាប់​នៅតាម​ផ្ទះ​ពេល​ក្រុមគ្រូពេទ្យ​ទៅយក​សំណាក​សព​ទើប​ដឹងថា​ មាន​ឆ្លង​ជំងឺ​កូ​វីដ ១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វេជ្ជបណ្ឌិត​បាន​បន្ត​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៩​ខែមិថុនា​ ឆ្នាំ​២០២១​នេះ​ ខេត្តកំពង់ស្ពឺ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ​ប្រមាណ​ជាង​២​ពាន់​នាក់​ ក្នុង​នោះ​ជាសះស្បើយ​ជាង​១៦០០​នាក់​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាង​៥០០​នាក់​។

លោក​វេជ្ជបណ្ឌិត​បណ្ឌិត បាន​បន្ថែម​ទៀត​ថា ចំណែក​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​វិញ​មាន​ជាង​២​ពាន់​នាក់​ក្នុង​នោះ​កំពុង​ស្នាក់​នៅ​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​មាន​ចំនួន​ប្រមាណ​៨០០​នាក់​និង​កំពុង​ធ្វើ​នៅតាម​ផ្ទះ​មាន​ជាង​១​ពាន់​នាក់​។​

បើ​តាម​លោក ប្រធាន​មន្ទីរ​សុខាភិបាល​បាន​បញ្ជាក់​ថា ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩​ នៅ​ខេត្តកំពង់ស្ពឺ​ភាគច្រើន​ឆ្លង​ទៅលើ​កម្មករ​កម្មការិនី​រោងចក្រ ប្រជាពលរដ្ឋ​ទូទៅ​និង​ពលករ​ខ្មែរ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​។​

គួរ​បញ្ជាក់​ថា​ គិត​ត្រឹម​ព្រឹក ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១ កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប​ចំនួន​៤៩២៥៥​នាក់ អ្នកជា​សះស្បើយ​ចំនួន​៤៣៤៧៣​នាក់​និង អ្នក​ស្លាប់​ចំនួន​៥៧៥​នាក់​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម