Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថាន​ជាតិ​ការទូត ទទួល​បាន​សៀវភៅ “​អគ្គ​កុងស៊ុល​” ដើម្បី​តំកល់ទុក​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​របស់​មន្ត្រី​ក្រសួង

បានផុស

នៅ

លោក ទាន សំណាង ប្រធាន​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា (NIDIR) កាលពី​ព្រឹក​ថ្ងៃទី​ចន្ទ ទី​៣០ ខែសីហា ឆ្នាំ​២០២១ បាន​ទទួល​សៀវភៅ “​អគ្គ​កុងស៊ុល​” ពី​លោក​បណ្ឌិត តាំង សុខ​ងី ចំនួន​០៥​ក្បាល ដើម្បី​រក្សា និង​តម្កល់ទុក​នៅក្នុង​បណ្ណាល័យ​របស់​វិទ្យាស្ថាន សម្រាប់​ការសិក្សា និង​ស្រាវជ្រាវ​របស់​មន្ត្រី និង​បុគ្គលិក​ក្រសួង​។

សៀវភៅ “​អគ្គ​កុងស៊ុល​” ផ្តោត​លើ​ការអនុវត្ត​កិច្ចការ​កុងស៊ុល​ទូទៅ ដែល​រដ្ឋ​បញ្ជូន និង​រដ្ឋ​ម្ចាស់ផ្ទះ បាន​ព្រមព្រៀងគ្នា​ស្របតាម​អនុសញ្ញា​ក្រុង​វី​យែ​ន ស្តីពី​ទំនាក់ទំនង​កុងស៊ុល​ឆ្នាំ​១៩៦៣ ដោយ​ផ្តោតលើ​ទិដ្ឋភាព និង​ការងារ​នៃ​វិស័យ​មួយចំនួន រួមមាន​៖ ក្រសួងការបរទេស និង​វិទ្យាស្ថាន​ជាតិ​ការទូត​, កុងស៊ុលអាជីព និង​កុងស៊ុល​កិត្តិយស​, ដំណើរការ និង​ការប្រព្រឹត្ត​ទៅ​របស់​មន្ត្រី​កុងស៊ុល​, បុព្វសិទ្ធិ និង​អភ័យឯកសិទ្ធិ​កុងស៊ុល និង​សិទ្ធិ​ផ្សេងៗ​, រឿងក្តី​ពាក់ព័ន្ធ នឹង​មន្ត្រី​កុងស៊ុល​, ការប្រតិបត្តិ​ពិធីការ​ការទូត​, និង​អនុសញ្ញា​ក្រុង​វី​យែ​ន​ស្តីពី​ទំនាក់ទំនង​កុងស៊ុល​ឆ្នាំ​១៩៦៣​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅ​ពីនេះ សៀវភៅ “​អគ្គ​កុងស៊ុល​” ក៏​បានផ្តល់​ជូន​អ្នកអាន ជាពិសេស​និស្សិត បាន​យល់ដឹង​ទៅលើ​ចំណុច​មួយចំនួន​បន្ថែម​ទៀតផង​ដែរ ដូចជា អភ័យឯកសិទ្ធិ​ការទូត នីតិវិធី​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់​លើ​មន្ត្រី​កុងស៊ុល (​ឬ​ភ្នាក់ងារ​ការទូត​) និង​ការអនុវត្ត​ច្បាប់​កម្ពុជា​ប្រទាក់ក្រឡា​គ្នា​ជាមួយនឹង​ច្បាប់​អន្តរជាតិ ព្រមទាំង​ការ​យល់ដឹង​អំពី​សកម្មភាព​ការងារ​កុងស៊ុល​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់ សម្រាប់​មន្ត្រីរាជការ ជាពិសេស មន្ត្រី​កុងស៊ុល នឹង​បាន​បំពេញ​ចន្លោះប្រហោង​ពី​ការអនុវត្ត​កិច្ចការ​របស់ខ្លួន​មួយចំនួន​ជាក់​ជាមិនខាន​ឡើយ​។

​ថ្លែង​ក្នុង​ឱកាស​ទទួល​សៀវភៅ​នោះ លោក ទាន សំណាង បាន​កោតសរសើរ​ចំពោះ​ការខិតខំ​ចំណាយពេល​វេលា​ស្រាវជ្រាវ​ចងក្រង​ជា​សៀវភៅ​របស់​អ្នកនិពន្ធ​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នកអាន ព្រមទាំង​បាន​ថ្លែងអំណរគុណ​ចំពោះ លោក​បណ្ឌិត តាំង សុខ​ងី សម្រាប់​ការ​បរិច្ចាគ​សៀវភៅ​មកដល់​វិទ្យាស្ថាន​នៅ​ពេល​នេះ ដែល​ឆ្លុះបញ្ចាំង​អំពី​ការគាំទ្រ​ចំពោះ​ការសិក្សា​ស្រាវជ្រាវ និង​ការអភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា និយាយ​ជា​រួម នឹង​អាច​រួម​ចំណែក​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​វិទ្យាស្ថាន​ក្នុង​ការ​បណ្តុះបណ្តាល​អ្នកការទូត​ដែល​មាន​សមត្ថភាព វិជ្ជាជីវៈ ស្មារតី​ស្រលាញ់ និង​ស្មោះត្រង់​ចំពោះ​ជាតិ​មាតុភូមិ និយាយ​ដោយឡែក​។

សូម​បញ្ជាក់​ថា លោក​បណ្ឌិត តាំង សុខ​ងី ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​សាកលវិទ្យាល័យ អាស៊ី​-​អឺរ៉ុប ក្នុង​រាជធានី​ភ្នំពេញ និង​ជា​អ្នកនិពន្ធ​សៀវភៅ ដែលមាន​ចំណងជើង​ថា “​ដំណោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​”៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម