ព័ត៌មានជាតិ
ជម្លោះផ្ទៃក្នុងគណបក្សឯកភាពជាតិខ្មែរ ប្រធានស្ដីទីគ្រោងប្ដឹងលោក អ៊ុន ជឹម ទៅតុលាការទាក់ទងទៅនឹងការក្លែងសាសម្លេងថ្នាក់ដឹកនាំ
លោកស្រី ឡាក់ សុភាព ប្រធានស្តីទីគណបក្សឯកភាពជាតិខ្មែរ បានថ្លែងថា លោកស្រីនឹងប្ដឹងលោក អ៊ុន ជឹម ដែលមានតួនាទីជាអនុប្រធានទី១ គណបក្សទៅសាលាដំបូងរាជធានីភ្នំពេញ ទាក់ទងទៅនឹងការក្លែងសារសំឡេងថ្នាក់ដឹកនាំ បានធ្វើឲ្យប៉ះពាល់កិត្តិយសរបស់លោកស្រី ក៏ដូចជាថ្នាក់ដឹកនាំប្រទេស គឺសម្តេចនាយករដ្ឋមន្រ្តីយ៉ាងខ្លាំង។ លោកស្រីថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ម្សិលមិញ។

លោកស្រី ឡាក់ សុភាព បានអះអាងថា រចនាសម្ព័ន្ធដែលបានដាក់ទៅក្រសួងមហាផ្ទៃនៅក្នុងគណបក្សនេះ គឺលោក នៅ សំអាត ជាប្រធានគណបក្ស លោក អ៊ុន ជឹម ជាអនុប្រធានទី១ ហើយលោកស្រី គឺជាអនុប្រធានទី២ ហើយលោកស្រីត្រូវបានតែងតាំងជាប្រធានស្តីទី ក្រោយពីថ្នាក់ដឹកនាំគណបក្ស គឺលោក នៅ សំអាត បានត្រឡប់ទៅក្រៅប្រទេសវិញ ប៉ុន្តែលោក លោក អ៊ុន ជឹម បែរជាចុះអនុវត្តការងារដោយអនាធិបតេយ្យ ផ្ទុយពីខ្លឹមសារនៅក្នុងលក្ខន្តិកៈរបស់គណបក្ស ។
លោកស្រីអះអាងថា ជាធម្មតានៅក្នុងគណបក្សគេតែងសហការគ្នាធ្វើការងារ ប៉ុន្តែលោក អ៊ុន ជឹម បានចុះធ្វើការដោយខ្លួនឯង ហើយអះអាងថា បានចាយលុយផ្ទាល់ខ្លួន។ លោកស្រីបន្តថា លោក អ៊ុន ជឹម ចង់ធ្វើថៅកែបក្ស ចង់ដណ្ដើមអំណាច ហើយនៅពេលខាងមុខ លោក អ៊ុន ជឹម នឹងប្លន់យកគណបក្សឯកភាពជាតិខ្មែរ ហើយធ្វើជាប្រធានបក្សតែម្ដង។ បើតាមលោកស្រី ឡាក់ សុភាព លោក អ៊ុន ជឹម បានរៀបចំសមាសភាពរួចហើយ ដើម្បីប្លន់យកគណបក្សនេះធ្វើជាកម្មសិទ្ធិរបស់គាត់ ហើយនៅថ្ងៃស្អែក (ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២) លោក អ៊ុន ជឹម នឹងធ្វើកិច្ចប្រជុំមួយនៅឈូកវ៉ា ដោយប្រមូលគណៈកម្មាធិការនាយកមួយចំនួន និងប្រើទឹកលុយម្នាក់៣០០ដុល្លារ ដើម្បីចូលរួមប្រជុំនោះ។
លោកស្រីបានស្នើឲ្យសមត្ថកិច្ចអនុវត្តវិធានការលើបុគ្គល អ៊ុន ជឹម ជាបន្ទាន់ ពីព្រោះសកម្មភាពរបស់បុគ្គលនេះ ធ្វើឡើងដោយគ្មានការអនុញ្ញាតពីគណបក្ស ហើយក៏គ្មានត្រានៅក្នុងដៃដែរ។ លោកស្រីអះអាងថា សកម្មភាពនោះអាចនិយាយបានថា ជាការធ្វើដោយអនាធិបតេយ្យ ជាការធ្វើបដិវត្តពណ៌ ក៏អាចថាបានដែរ។ មិនតែប៉ុណ្ណោះបុគ្គល អ៊ុន ជឹម បានផ្សព្វផ្សាយសាសំឡេងមួយ ដែលបុគ្គល អ៊ុន ជឹម អះអាងថា ជាសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។
លោកស្រីថា សារសំឡេងនោះមិនមែនជាសាសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន ដូច្នេះជាសាសំឡេងកាត់តក្លែងក្លាយ ហើយលោកស្រីនឹងដាក់ពាក្យប្ដឹងទៅតុលាការ ពីព្រោះបានធ្វើប៉ះពាល់កិត្តិយសរបស់ប្រមុខរាជរដ្ឋាភិបាល កិត្តិយសរបស់លោកស្រី និងកិត្តិយសរបស់លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតផងដែរ ខណៈដែលពួកគាត់មិនបានដឹងអីទាល់តែសោះ។ លោកស្រី ឡាក់ សុភាព ថា លោក អ៊ុន ជឹម បានយកសារនេះបង្ហោះឲ្យកូនចៅនៅខេត្តព្រះសីហនុ នៅខេត្តសៀមរាបទាំងអស់ ធ្វើឲ្យសមាជិកគណបក្សមួយចំនួនខ្លោចចិត្តក្រោយពីឮសំឡេងនេះ។
ទាក់ទងទៅនឹងសារសំឡេងនេះលោក នៅ សំអាត ដែលជាប្រធាន “គណបក្សឯកភាពជាតិខ្មែរ” បានបញ្ជាក់នៅលើហ្វេសប៊ុករបស់ខ្លួនថា លោកទទួលសារសំឡេងនេះ ដែលបែកធ្លាយមកពីលោក អ៊ុន ជឹម ដែលបញ្ជូនសាសំឡេងនេះឲ្យមនុស្សគ្រប់គ្នា។ លោកថា ពេលលោក អ៊ុន ជឹម ទៅដល់ស្រុកខ្មែរ ចាប់ផ្ដើមចង់ធ្វើជាប្រធានគណបក្ស រករឿងដល់ប្រធានស្ដីទី គឺលោកស្រីដុកទ័រឡាក់ សុភាព។ ឥឡូវនេះ លោក អ៊ុន ជឹម នៅស្រុកខ្មែរ លោកបានស្នើឲ្យសម្ដេចនាយករដ្ឋមន្ត្រី ដែលជាថ្នាក់ដឹកនាំកំពូលចាត់វិធានការលើបុគ្គល អ៊ុន ជឹម ដែលចង់ធ្វើបក្សប្រហារ ហើយលោកនឹងបញ្ជូនសារនេះទៅដល់ទីប្រឹក្សារបស់សម្ដេច ព្រមទាំងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធផងដែរ ដើម្បីរកមូលហេតុ វែកមុខជនដែលបញ្ចេញសារសំឡេងក្លែងក្លាយនេះ។
រហូតមកដល់ពេលនេះ កម្ពុជាថ្មីមិនទាន់អាចស្វែងរកការបញ្ជាក់ពីលោក អ៊ុន ជឹម នៅឡើយទេ៕ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់