ព័ត៌មានជាតិ
មូលនិធិជនពិការ ប្រគល់ផ្ទះមួយខ្នង ជូនជនពិការជើងទាំង ២ ដែលកំពុងជួបការលំបាកខ្លាំង
លោក គុណ ជាស៊ីន សមាជិកក្រុមប្រឹក្សាភិបាល នៃមូលនិធិជនពិការ តំណាងឲ្យលោករឿន រិទ្ធីរ័ត្ន ប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិជនពិការ នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បានចុះប្រគល់ផ្ទះថ្មី១ខ្នងរបស់មូលនិធិជនពិការ ធ្វើអំពីថ្មប្រកស័ង្កសីទំហំ ៤x៦ម៉ែត្រ ជូនជនពិការជើងទាំង ២ ហើយក្រីក្របំផុត។ ជនពិការភាព ដែលទទួលបានអំណោយផ្ទះ ១ខ្នង មានឈ្មោះ តេង ចាន់ថន ភេទស្រី ជាជនពិការទន់អវយវៈក្រោមទាំង ២ រស់នៅភូមិថ្នល់ថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជនពិការខាងលើរស់នៅ ជាមួយម្តាយចាស់ជរា នៅក្នុងផ្ទះទាមផ្ទាល់ដីទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើពីឈើជញ្ជាំងប្រក់ស្លឹកត្នោត និងដំបូលស័ង្កសី មានសភាពចាស់ទ្រុឌទ្រោម និងធ្លុះធ្លាយដោយអន្លើរ។ មុខរបរបច្ចុប្បន្នរបស់គាត់ គឺធ្វើនំលក់បន្តិចបន្តួច ជាមួយម្តាយចាស់ដូចជា នំអន្សម នំអាកោត្នោត និងក្រឡានជាដើម ដោយម្តាយចាស់ជាអ្នកដើរលក់ នៅតាមផ្ទះអ្នកស្រុកជិតខាង។
លោក គុណ ជាស៊ីន សមាជិកក្រុមប្រឹក្សាភិបាល នៃមូលនិធិជនពិការ បានថ្លែងថា កម្មវិធីសាងសង់ផ្ទះជូនជនពិការក្រីក្រតាមសហគមន៍នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណង លើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ជនពិការក្រីក្រ ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ផងដែរ។
ជាមួយគ្នានេះ លោកក៏សូមថ្លែងអំណរគុណ ដល់សាខាម.ជ.ព.ខេត្តកំពង់ឆ្នាំង មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់សហការស្វែងរកជនពិការក្រីក្រ និងការកសាងឯកសារពាក់ព័ន្ធជូនម.ជ.ព.។ លោកក៏បានផ្តាំផ្ញើដល់គ្រួសារជនពិការ សូមចូលរស់នៅក្នុងគេហដ្ឋាននេះ ឲ្យមានសេចក្តីសុខចម្រើន និងសូមថែរក្សាសុខភាព ដើម្បីជៀសផុតពីជំងឺនានា។
ជំនួសមុខឲ្យគ្រួសារជនពិការ លោកមេឃុំជ្រៃបាក់ បានថ្លែងអំណរគុណដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈមូលនិធិជនពិការ ដែលបានសាងសង់ផ្ទះថ្មី ១ខ្នង ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានលោក ដែលនេះពិតជាការកាត់បន្ថយទុក្ខលំបាក របស់ជនពិការបានមួយចំណែកធំ។
ក្នុងពិធីនេះដែរ មូលនិធិជនពិការក៏បានផ្តល់ជូន នូវអំណោយសប្បុរសធម៌ របស់មូលនិធិជនពិការ សម្រាប់ផ្តល់ជូនដល់គ្រួសារជនពិការ ដែលទទួលបានផ្ទះថ្មី នូវថវិកាចំនួន ១០ម៉ឺនរៀល អង្ករ ២៥គីឡូក្រោម ត្រីខ ២យួរ ទឹកស៊ីវអ៊ីវ ១យួរ ទឹកត្រី ១យួរ អំបិល ២កញ្ចប់ និងមី ១កេស។ ជាមួយគ្នានេះអាជ្ញាធរឃុំជ្រៃបាក់ ក៏បានឧបត្ថម្ភបន្ថែមនូវសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួន ផងដែរ៕
អត្ថបទ៖ វិមាន





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ