Connect with us

ព័ត៌មានជាតិ

អឺរ៉ុប ផ្តល់ថ្នាំប្រឆាំងវិទ្យុសកម្មដល់ អ៊ុយក្រែន​ ចំពេលព្រួយបារម្ភ អំពីគ្រោះមហន្តរាយនុយក្លេអ៊ែរ (មានវីដេអូ)

បានផុស

នៅ

សហភាពអឺរ៉ុប (EU) បានផ្តល់ថ្នាំគ្រាប់ប្រឆាំងវិទ្យុសកម្ម ចំនួន៥.៥លានគ្រាប់ដល់អ៊ុយក្រែន ជាការប្រុងប្រយ័ត្នជាមុន សម្រាប់ប្រជាជនដែលរស់នៅជិតរោងចក្រថាមពល Zaporizhzhia ដែលគ្រប់គ្រងដោយរុស្ស៊ី ចំពេលមានការព្រួយបារម្ភថា ការប្រយុទ្ធគ្នាខ្លាំងក្លានៅជុំវិញរោងចក្រនេះ អាចបង្កឲ្យមានគ្រោះមហន្តរាយនុយក្លេអ៊ែរ។

គណៈកម្មការ EU បាននិយាយនៅលើគណនី Twitter ផ្លូវការរបស់ខ្លួនថា “រាល់សកម្មភាពយោធានៅជុំវិញរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ត្រូវតែបញ្ឈប់ជាបន្ទាន់។ តាមសំណើរបស់អ៊ុយក្រែន យើងបានផ្តល់ថ្នាំប៉ូតាស្យូមអ៊ីយ៉ូតចំនួន ៥.៥លានគ្រាប់ សម្រាប់សុវត្ថិភាពរបស់មនុស្សដែលរស់នៅជុំវិញរោងចក្រ។ យើងកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់”។

ថ្នាំប៉ូតាស្យូមអ៊ីយ៉ូត អាចការពារមនុស្សពីជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ដែលបណ្តាលមកពីជាតិវិទ្យុសកម្ម។ រោងចក្រ Zaporizhzhia ដែលជារោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប បានផ្តល់ថាមពលសម្រាប់អ៊ុយក្រែន និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀត។ វាជាទីតាំងមួយក្នុងចំណោមទីតាំងដំបូងៗ ដែលត្រូវបានដណ្តើមយកដោយកងកម្លាំងរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បន្ទាប់ពីសង្រ្គាមផ្ទុះឡើងនៅចុងខែកុម្ភៈ ប៉ុន្តែរោងចក្រនេះនៅតែដំណើរការដោយបុគ្គលិកអ៊ុយក្រែន។

រុស្ស៊ី និងអ៊ុយក្រែន តែងតែចោទប្រកាន់គ្នាទៅវិញទៅមក អំពីការបាញ់ផ្លោងនៅជិតរោងចក្រ មានទីតាំងនៅជិតទីក្រុង Enerhodar ដែលមានប្រជាជនប្រហែល ៥៣ ០០០នាក់នៅភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន។

កាលពីថ្ងៃអាទិត្យ មន្ត្រីអ៊ុយក្រែននិយាយថា ជនស៊ីវិលយ៉ាងតិច១០នាក់បានរងរបួសដោយសារការបាញ់ផ្លោងដោយកងកម្លាំងរុស្ស៊ី នៅក្នុងតំបន់លំនៅដ្ឋាន។

ទីតាំងនេះមានចម្ងាយ ៤៨២គីឡូម៉ែត្រពីកន្លែងដែលគ្រោះមហន្តរាយនុយក្លេអ៊ែរ Chernobyl កើតឡើងក្នុងឆ្នាំ ១៩៨៦ ហើយក្រុមមន្ត្រីបារម្ភថា ប្រសិនបើការប្រយុទ្ធនៅតែបន្តជិតរោងចក្រនោះ វាអាចនឹងបង្កគ្រោះមហន្តរាយមួយផ្សេងទៀត ក្នុងទ្រង់ទ្រាយស្រដៀងគ្នា ឬធំជាងនេះ។

ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុនរដ្ឋអ៊ុយក្រែន Energoatom ដែលដំណើរការរោងចក្រនេះ បានព្រមានពីគ្រោះថ្នាក់នៃការលេចធ្លាយសារធាតុវិទ្យុសកម្ម ប្រសិនបើជម្លោះនៅរោងចក្រនៅតែបន្ត៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ News Week

ចុចអាន៖ ពូទីន អនុញ្ញាត ឲ្យ UN ចូលត្រួតពិនិត្យ រោងចក្រ នុយក្លេអ៊ែរ Zaporizhzhia

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម