Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បញ្ជូនសារទៅពលរដ្ឋនៅឃុំព្រះដាក់ឲ្យស្ងប់ស្ងាត់ ហើយបញ្ជូនរដ្ឋមន្ត្រីពីររូប ទៅជួបពន្យល់

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជូនសារទៅប្រជាពលរដ្ឋនៅឃុំព្រះដាក់ ខេត្តសៀមរាប ឲ្យរក្សាភាពស្ងប់ស្ងាត់ ដោយសម្ដេចនឹងបញ្ជូនរដ្ឋមន្ត្រីពីររូប ទៅជួបពន្យល់ប្រជាពលរដ្ឋនៅទីនោះ នាថ្ងៃស្អែកតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជូនសារយ៉ាងដូច្នេះ បន្ទាប់ពីប្រជាពលរដ្ឋប្រមាណជិត ២០០០នាក់ រស់នៅក្នុងភូមិចំនួន ៤ នៃឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានលើកគ្នាមកសាលាឃុំដើម្បីសួរនាំ ដោយពួកគាត់បាននិយាយថា មានករណីអាជ្ញាធរឲ្យពួកគាត់ចាកចេញពីភូមិកំណើត ទៅរស់នៅភូមិរុនតាឯក។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ ២០២២» ក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩» នាព្រឹកថ្ងៃទី ៦ ខែតុលានេះថា កាលពីថ្ងៃម្សិលមិញ ប្រជាពលរដ្ឋនៅឃុំព្រះដាក់ ខេត្តសៀមរាប មានការប្រមូលផ្ដុំតវ៉ាមួយ ពីសំណាក់ប្រជាពលរដ្ឋនៅទីនោះតែម្ដង។

សម្ដេចតេជោ ហ៊ុន សែន​ បានថ្លែងយ៉ាងដូច្នេះថា «នៅឯឃុំព្រះដាក់ ខេត្តសៀមរាប ដែលម្សិលមិញនេះ មានការប្រមូលផ្ដុំការតវ៉ាមួយ ដោយប្រជាពលរដ្ឋទូទាំងឃុំនោះតែម្ដង អំពីការរើចេញពីឃុំព្រះដាក់ មកកាន់រុនតាឯក ខ្ញុំក៏គួរតែត្រូវនិយាយថា យើងមិនទាន់បានមានការប៉ះពាល់ណាមួយ ទៅលើប្រជាជននៅឃុំព្រះដាក់នោះទេ យើងគ្រាន់តែបានគិតគូរអំពីហេដ្ឋារចនាសម្ព័ន្ធរបស់អង្គរ ដែលមុននេះ មានគេហៅថា បារាយណ៍ខាងកើត ដែលអាចមានទឹករហូតទៅដល់ ៣០ម៉ឺនម៉ែត្រគីប ប៉ុន្តែជាមួយនឹងការគិតគូរបែបនេះ យើងក៏បានដឹងដែរថា ឃុំព្រះដាក់ ត្រូវបានកសាងឡើងប្រមាណជា ៣០០, ៤០០ឆ្នាំ រួចមកហើយ…ហើយឃុំនេះឋិតនៅជាឃុំមួយ ដែលទាក់ទងនឹងផ្នែករដ្ឋបាលដែនដីរបស់យើងផង»។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការងើងឆ្ងល់ ថាតើហេតុដូចម្ដេចបានជាប្រជាជននៅឃុំព្រះដាក់ ចាប់ផ្ដើមព្រួយបារម្ភអំពីរឿងនេះ ដោយសម្ដេចបញ្ជូនសារទៅប្រជាពលរដ្ឋនៅទីនោះថា សូមរក្សាភាពស្ងប់ស្ងាត់។ ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមទៀថា «ប៉ុន្តែហេតុយ៉ាងដូចម្ដេច បានជាប្រជាជនចាប់ផ្ដើមព្រួយបារម្ភអំពីរឿងនេះ ខ្ញុំសូមយកឱកាសនេះ បញ្ជូនសារនេះទៅជូនប្រជាពលរដ្ឋនៅទីនោះ សូមស្ងប់ស្ងាត់ យើងគិតគូរដោយម៉ត់ចត់»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេច នឹងបញ្ជូនលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទៅជួបប្រជាពលរដ្ឋនៅឃុំព្រះដាក់នៅថ្ងៃស្អែក ដើម្បីពន្យល់ប្រជាពលរដ្ឋនៅទីនោះតែម្ដង៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម