ព័ត៌មានជាតិ
សរុបប្រឡងទុតិយភូមិ បេក្ខជនអវត្តមាន ២ ៤០០នាក់ បេក្ខជនប្រព្រឹត្តកំហុសឆ្គងមាន ១ករណី
ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ បានសេចក្តីប្រកាសព័ត៌មាន ស្តីពី ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៥ ធ្នូ ២០២២ ដោយបញ្ជាក់ថា បេក្ខជនអវត្តមានសរុបចំនួន ២ ៤០០នាក់ (ត្រូវជា ១,៨៧ ភាគរយនៃបេក្ខជនសរុប) ស្រី ១ ០៣៦នាក់។ បេក្ខជនចំនួន ៧០នាក់ មានបញ្ហាសុខភាព ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល ៤ករណី, និងសង្ស័យវិជ្ជមានជំងឺកូរីដ-១៩ មាន ៤ករណី។ បេក្ខជនដែលមិនអាចបន្តដំណើរការសំណេរដោយសារបញ្ហាសុខភាពមានចំនួន ៣ករណី គណៈមេប្រយោគមានបញ្ហា សុខភាពមានចំនួន ១៤នាក់ ក្នុងនោះ ១នាក់មានស្ថានភាពធ្ងន់ធ្ងរ ត្រូវបញ្ចូនទៅមន្ទីរពេទ្យ។

នៅតាមមណ្ឌលប្រឡងនីមួយៗមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ បានអនុវត្តតាមសេចក្តីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា, មានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្តាលគណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ព្រមទាំងមានការចូលរួមសហការពីអង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា, ភ្នាក់ងារសុខាភិបាល, កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ទោះបីនៅតាមខេត្តមួយចំនួនមានភ្លៀងធ្លាក់ក៏ដោយ ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។ បេក្ខជនបានគោរពបទបញ្ញត្តិ នៃការប្រឡងបានយ៉ាងល្អ។ បេក្ខជនប្រព្រឹត្ត កំហុសឆ្គងមានចំនួន ១ករណី។

ក្រសួងអប់រំ យុវជន និងកីឡា បានជម្រាបថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២។ បេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់, មណ្ឌលប្រឡង ២២១, និងត្រូវជា ៥ ១៧៤បន្ទប់។ ដំណើរការសំណេរត្រូវបានចូលរួមរៀបចំ ដោយគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានាសរុបចំនួន ១៧ ២៤០នាក់, ជំនួយការអប្បមាទ ដែលជាគរុសិស្ស និងគរុនិស្សិតចំនួន ២ ៧៥៦នាក់, អង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមសង្កេតការណ៍ ចំនួន ៣៥០នាក់ និងអ្នកសង្កេតការណ៍ រាជធានី ខេត្តចំនួន ២ ៧០០នាក់។

ដំណើរការសំណេរបានបញ្ចប់ទៅនៅម៉ោង ១៦:៣០ រសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។ ហឹបសំណៅកិច្ចការបេក្ខជន និង សំណុំឯកសារពាក់ព័ន្ធការប្រឡង នឹងត្រូវត្រួតពិនិត្យដោយហ្មត់ចត់បំផុត និងត្រូវបញ្ជូនមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២២ ដើម្បីត្រៀមដំណើរការកំណែ។

ជារួម ដំណាក់កាលសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៥ ធ្នូ ២០២២ បានប្រព្រឹត្តទៅ ដោយគោរពតាមគោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌ និងលទ្ធផលអាចទទួលយកបាន និងស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”។ តាមការគ្រោងទុក លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ និងផ្សព្វផ្សាយ តាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា៕



-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


