ព័ត៌មានជាតិ
ប្រធានសមាគម SME ជំរុញកែច្នៃឲ្យអស់លទ្ធភាព ចៀសវាងលក់វត្ថុធាតុដើមទៅក្រៅប្រទេស
ដោយមើលឃើញការហូរចេញវត្ថុធាតុដើមទៅក្រៅប្រទេសនាំឲ្យខាតបង់ប្រយោជន៍យ៉ាងច្រើន ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យម ជំរុញឲ្យសហគ្រាសក្នុងស្រុកខិតខំកែច្នៃវត្ថុធាតុដើមជាផលិតផលសម្រេចដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុកនិងអាចនាំចេញទៅក្រៅប្រទេស។
ឆ្លើយឆ្លងជាមួយសារព័ត៌មានកម្ពុជាថ្មីនៅព្រឹកនេះ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមបានឲ្យដឹងថា កម្ពុជាបានខាតបង់ប្រយោជន៍ដោយសារការនាំចេញវត្ថុធាតុដើមទៅក្រៅប្រទេស ដោយខ្វះខាតការកែច្នៃជាផលិតផលសម្រេច។
លោកបានបញ្ជាក់ថា ស្របពេលការសម្រុកនាំចេញវត្ថុធាតុដើមទៅលក់នៅក្រៅប្រទេស បែរជាទីផ្សារក្នុងស្រុកជោរជន់ដោយផលិតផលនាំចូលពីក្រៅប្រទេសទៅវិញ។
«យើងត្រូវនាំគ្នាខិតខំកែច្នៃ និងខិតខំផ្សព្វផ្សាយផលិតផលក្នុងស្រុកឲ្យបានទូលំទូលាយ។ យើងនាំវត្ថុធាតុដើមចេញ បែរជាគេកែច្នៃវត្ថុធាតុដើមរបស់យើងជាផលិតផលមកលក់ក្នុងប្រទេសយើងវិញ វានាំឲ្យខាតបង់ដល់សេដ្ឋកិច្ចជាតិបាត់បង់ចំណូលរាប់រយរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ»។
ឧកញ៉ា តែ តាំងប៉ បានលើកពីយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាល ដែលជំរុញគាំទ្រផលិតផលក្នុងស្រុក តែការអនុវត្តនៅមានភាពធូររលុង ខណៈស្ថាប័នពាក់ព័ន្ធមិនសូវយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព។
ដើម្បីឲ្យសហគ្រាសក្នុងស្រុកមានការរីកចម្រើន ត្រូវមានការចូលរួមគាំទ្រពីគ្រប់ផ្នែកដែលពាក់ព័ន្ធ។ បើតាមលោក ឧកញ៉ា ទោះបីកម្ពុជាអនុវត្តសេដ្ឋកិច្ចទីផ្សារសេរី ប៉ុន្តែក៏ត្រូវមានការគ្រប់គ្រងលើការនាំចូលឲ្យបានច្បាស់លាស់ ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់សហគ្រាសក្នុងស្រុក។
«បើយើងអាចផលិតក្នុងស្រុកបាន គួររិតត្បិតការនាំចូលពីក្រៅ។ បើនាំចូលច្រើនពេកនាំឲ្យប៉ះពាល់ ហេតុអីត្រូវបើកឲ្យនាំចូលមកទៀត? ដូចប្រទេសថៃនៅជិតខាងយើង គេរឹតបន្តឹងមិនចេះតែនាំចូលបានទេ ប៉ុន្តែយើងវិញបែរបើកឲ្យនាំចូលដោយសេរី»។
លោកតែ តាំងប៉ បានលើកឡើងបន្តថា នៅលើទីផ្សារទំនិញរាប់ពាន់មុខភាគច្រើនសុទ្ធតែនាំចូលពីក្រៅ ហើយតិចតួចណាស់ជាផលិតផលកែច្នៃក្នុងស្រុក ខណៈដែលផលិតផលបរទេសខ្លះក៏ក្នុងស្រុកអាចធ្វើបាន។
មួយឆ្នាំៗកម្ពុជាបានបាត់បង់ចំណូលយ៉ាងច្រើនពីការនាំចូលផលិតផលពីក្រៅ។ គ្រាន់តែការនាំចូលត្រីពីប្រទេសវៀតណាម មួយថ្ងៃជាង ២លានដុល្លារ។ នេះបើតាមលោក តែ តាំងប៉។
ដើម្បីឱ្យវិស័យ SME ដំណើរការបានល្អប្រសើរ បើតាមឧកញ៉ា តែ តាំងប៉ រាជរដ្ឋាភិបាលត្រូវជួយបន្ធូរបន្ថយពន្ធ កាត់បន្ថយថ្លៃដើមផលិត ពីព្រោះសហគ្រាសធុនតូចនិងមធ្យមប្រទេសកម្ពុជានៅក្មេងខ្ចីខ្លាំងណាស់ ដូច្នេះត្រូវការគាំទ្រទើបអាចរីកលូតលាស់និងមានភាពរឹងមាំបាន។
ថ្លែងក្នុងឱកាសចូលរួមពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុថ្មីៗនេះ ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានជំរុញបង្កើនការផលិតនិងដាំដុះនៅនឹងកន្លែងដើម្បីបម្រើឲ្យវិស័យទេសចរណ៍ក្នុងស្រុក។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការនាំចេញនៅនឹងកន្លែងមិនសំដៅទៅលើការនាំចេញឆ្លងកាន់ព្រំដែនទៅកាន់ប្រទេសក្រៅនោះទេ។ ប្រជាកសិករអាចដាំដុះចិញ្ចឹមសត្វ បម្រើដល់ភ្ញៀវទេសចរបរទេសទទួលទានចាត់ទុកថាជាផ្នែកមួយនៃការនាំចេញនៅនឹងកន្លែង។
សម្ដេចតេជោ ហ៊ុន សែន ក៏អំពាវនាវឲ្យវិស័យទេសចរណ៍ទាំងមូលក្លាយទៅជាទីផ្សាររបស់កសិករ និងអ្នកផលិត អ្នកចិញ្ចឹម។ បន្ថែមពីនោះទៀត សម្ដេចក៏ណែនាំដល់ក្រសួងទេសចរណ៍ រៀបចំផែនការមួយទំនាក់ទំនងជាមួយនឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាផ្នែកផលិតផ្សេងទៀតធ្វើឲ្យទេសចរណ៍ក្លាយទៅជាទីផ្សាររបស់កសិករ របស់អ្នកផលិត ដើម្បីជំរុញការលូតលាស់៕
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង