ព័ត៌មានជាតិ
ពីរទៅបីឆ្នាំទៀត កម្ពុជានឹងមានក្រុមហ៊ុនផលិតទឹកដោះគោថែមទៀត បង្កើនបរិមាណផ្គត់ផ្គង់តម្រូវការក្នុងស្រុក
នៅពីរទៅបីឆ្នាំទៀត កម្ពុជានឹងមានក្រុមហ៊ុនផលិតទឹកដោះគោមួយចំនួនថែមទៀត ដែលមានលទ្ធភាពបង្កើនបរិមាណផ្គត់ផ្គង់ទឹកដោះគោស្រស់បំពេញតម្រូវការក្នុងស្រុកបន្ថែម។
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានថ្លែងថា ដោយសារតម្រូវការទឹកដោះគោស្រស់កើនឡើង នៅប្រមាណពីរទៅបីឆ្នាំទៀតនេះនឹងមានក្រុមហ៊ុនបីទៅបួនទៀតនឹងបង្កើតខ្សែសង្វាក់ផលិតកម្មក្នុងប្រទេសកម្ពុជា ដែលអាចបង្កើនការផលិតទឹកដោះស្រស់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
«ឆ្នាំក្រោយនឹងមានក្រុមហ៊ុនចិញ្ចឹមគោបីទៅបួនក្រុមហ៊ុនទៀត ហើយដែលត្រូវការដីរាប់ម៉ឺនហិកតាដើម្បីចិញ្ចឹមគោយកទឹកដោះ»។ ឧកញ៉ា តែ តាំងប៉ បញ្ជាក់។

បើតាមឧកញ៉ា តែ តាំងប៉ ទឹកដោះគោស្រស់ជាទំនិញយុទ្ធសាស្ត្រដ៏ចាំបាច់មួយ ខណៈបច្ចុប្បន្នសមត្ថភាពផលិតក្នុងស្រុកស្ថិតនៅក្នុងកម្រិតមួយមិនទាន់អាចបំពេញតម្រូវការគ្រប់គ្រាន់នោះទេ។
ក្នុងដំណើរការទស្សនកិច្ចរបស់លោក ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅប្រទេសម៉ាឡេស៊ី កាលពីអំឡុងខែតុលា ឆ្នាំ ២០២៥ ក្រុមហ៊ុនមកពីកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនម៉ាឡេស៊ី ក្នុងការដាក់ទុនវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងបង្កើតរោងចក្រផលិតទឹកដោះគោឆៅកំប៉ុងនៅកម្ពុជា។

ក្រុមហ៊ុនទឹកដោះគោស្រស់ម៉ាឡេស៊ី Farm Fresh Berhad បានចាប់ដៃជាមួយក្រុមហ៊ុនមកពីប្រទេសកម្ពុជា Alpha group ខណៈដែល Farm Fresh Group គឺជាក្រុមហ៊ុនធំជាងគេនៅប្រទេសម៉ាឡេស៊ីដែលមានកសិដ្ឋាន ចិញ្ចឹមគោយកទឹកដោះដោយមានគោប្រមាណ ១ ម៉ឺន ៤ ពាន់ក្បាល។
លោក លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាល Alpha group បានចាត់ទុកការចាប់ដៃវិនិយោគជាមួយក្រុមហ៊ុនរបស់ម៉ាឡេស៊ីគឺជាការពង្រីកការផលិតទឹកដោះគោស្រស់ និងទឹកដោះគោឆៅ ដើម្បីបំពេញតម្រូវការទឹកដោះគោស្រស់ និងទឹកដោះគោឆៅដែលកំពុងមានកំណើនខ្ពស់។
តម្រូវការទឹកដោះគោស្រស់ក្នុងស្រុកបានបង្កើនចំណែកទីផ្សារផ្គត់ផ្គង់កើនឡើងពី ៥ ដល់ ២៥% ក្រោយការធ្វើពហិការការប្រើប្រាស់ទំនិញថៃក្នុងចំណោមពលរដ្ឋកម្ពុជា។
បច្ចុប្បន្នកម្ពុជាមានតម្រូវការទឹកដោះគោស្រស់ប្រមាណ ១០ ម៉ឺនលីត្រ ក្នុងមួយថ្ងៃ ខណៈកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំៗទាំង ៤ របស់កម្ពុជា មានសមត្ថភាពផលិតបានប្រមាណ ២ ម៉ឺនលីត្រ ក្នុងមួយថ្ងៃ។ នេះបើតាមលោក ជី សិលា សហស្ថាបនិកកសិដ្ឋានគិរីសួគ៌ប្រាប់កម្ពុជាថ្មីកន្លងទៅ។
កសិដ្ឋានគិរីសួគ៌មានគោអាចផលិតទឹកដោះបានប្រមាណ ៥០០-៦០០ ក្បាលក្នុងចំណោមគោក្នុងកសិដ្ឋានជាង ១ ពាន់ក្បាល ជាមួយលទ្ធភាពផលិតទឹកដោះគោស្រស់បានប្រមាណជាង ១ ម៉ឺន ៤ ពាន់លីត្រ សម្រាប់បញ្ចេញលក់នៅលើទីផ្សារ។
លោក ជី សិលា បានបញ្ជាក់ថា កសិដ្ឋានគ្រោងនាំចូលគោបន្ថែម ស្របតម្រូវការចេះតែកើនឡើងដើម្បីបង្កើនការផលិតឲ្យបានដល់ទៅ ៣ ម៉ឺនលីត្រ ឬ ៤ ម៉ឺនលីត្រក្នុងរយៈពេល ១ ឆ្នាំទៅមុខទៀត។


បច្ចុប្បន្នកសិដ្ឋានក្នុងស្រុកចំនួន ៤ កំពុងផលិតផ្គត់ផ្កង់ទឹកដោះគោស្រស់លក់លើទីផ្សារ ក្នុងនោះមានកសិដ្ឋានគិរីសួគ៌នៅភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ ដែលមានសមត្ថភាពផលិតទឹកដោះគោស្រស់បានចន្លោះពី ១២ ០០០-១៥ ០០០ លីត្រក្នុងមួយថ្ងៃ។
កសិដ្ឋាន មូមូ ហ្វាម ស្ថិតនៅក្រុងអរិយក្សត្រ ខេត្តកណ្ដាល មានលទ្ធភាពផលិតទឹកដោះគោស្រស់បានជិត ១ ពាន់លីត្រ ក្នុងមួយថ្ងៃ។
កសិដ្ឋានតេជោសែនឫស្សីត្រឹបស្ថិតនៅឃុំឆែប ២ ស្រុកឆែប ខេត្តព្រះវិហារ មានសមត្ថភាពផលិតទឹកដោះគោះស្រស់បានចន្លោះពី ១០០ លីត្រ ទៅ ២០០ លីត្រ ក្នុងមួយថ្ងៃ និងកសិដ្ឋាន អូម៉ ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែលកសិដ្ឋានមានគោជាង ៨០ ក្បាល ចិញ្ចឹមផ្គត់ផ្គង់ទឹកដោះគោស្រស់ចេញពីគោធម្មជាតិ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


