Connect with us

ព័ត៌មានជាតិ

ការប្រើប្រាស់​ផលិតផល​ខ្មែរ​កើន​ចំណែក​ទីផ្សារ​ដល់ ៣០% ក្រោយ​​ពលរដ្ឋ​​ធ្វើ​ពហិការ​ផលិតផល​ថៃ

បានផុស

នៅ

សន្ទុះ​នៃ​ការ​គាំទ្រ​ផលិតផល​ខ្មែរ​បាន​កើន​ឡើង​យ៉ាង​គំហុក ក្រោយ​ការ​ធ្វើ​ពហិការ​ផលិតផល​ថៃ​ដែល​នាំ​ឲ្យ​សហគ្រាស​ក្នុង​ស្រុក​ខិតខំ​ពង្រីក​ខ្សែ​សង្វាក់​ផលិតកម្ម ឆ្លើយតប​តម្រូវការ​ប្រើប្រាស់​ក្នុង​ស្រុក។

ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា​ ក្នុង​វេទិកាសារព័ត៌មាន​ក្រោម​យុទ្ធនាការ​​ «រួម​គ្នា​ផលិត ​រួម​គ្នា​ប្រើ​ផលិត​ផល​ជាតិ» បាន​បង្ហាញ​ការ​​ភ្ញាក់​ផ្អើល​ក្រោយ​លោក​ទទួល​បាន​របាយការណ៍​ពី​ក្រសួង​ពាណិជ្ជកម្ម​ពី​កំណើន​ការ​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក​ ដែល​បាន​ស្រូប​ចំណែក​ទីផ្សារ​បាន​ប្រមាណ ៣០% ខណៈ​​ពលរដ្ឋបានបន្ត​​​រួម​គ្នា​ធ្វើ​ពហិការ​មិន​ប្រើប្រាស់​ផលិតផល​ថៃ និង​​ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុកកាន់តែផុលផុស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧកញ៉ា តែ តាំងប៉ បាន​សង្កេត​ឥរិយាបថ​របស់​ប្រជាជនខ្មែរ បានងាកមកគាំទ្រផលិតផលក្នុងស្រុកយ៉ាង​ខ្លាំងក្លា ដោយមាន​ការ​ស្ទុះ​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់មិន​ថា​តែ​ប្រជា​ពលរដ្ឋ​ទូទៅ សូម្បី​តែ​ក្មេងៗ​ក៏មា​នការយល់​ដឹងច្រើន​ក្នុង​ការ​ចូលរួម​​ពហិការ​មិនប្រើប្រាស់​ផលិតផលថៃ។

«កាល​ពី​ជិត ២០ ឆ្នាំមុន ផលិតផល​ខ្មែរ​យើង​មាន​ចំណែក​ទីផ្សារ​ត្រឹម​តែ ២% ប៉ុណ្ណោះ។ និយាយ​រួម​គ្នា​ក្នុងតួនាទីជាប្រធាន​សមាគម​ពិត​ជា​រឿង​គួរ​ឲ្យខ្មាសអៀនណាស់។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ចំណែក​ទីផ្សារ​ផលិតផលក្នុងស្រុក​បាន​កើន​ដល់ ៣០% ឯ​ការនាំចូល​នៅសល់ ៧០%។ នេះ​បង្ហាញ​នៃ​ឆន្ទៈ​នៃ​ការ​គាំទ្រ​ផលិតផល​ផលិតក្នុងស្រុក កំពុង​មាន​សន្ទុះ​គាំទ្រ​កាន់តែ​ខ្លាំង»។

​ពាក់ព័ន្ធ​ផលិតផល​ក្នុង​ស្រុកនេះ​​ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា​​​បាន​ធ្វើ​ការ​ពន្យល់​ថា ​ផលិត​ផល​ក្នុង​ស្រុក​បែងចែក​ជា ៣ ប្រភេទ​ធំៗ​គឺ៖ទី១. ផលិតផល​ខ្មែរ ១០០% ទាំង​ម៉ាក​សញ្ញា ​និង​ការ​ផលិត​គឺ​ធ្វើ​ឡើង​ក្នុងស្រុក​ផ្ទាល់។ ទី​២. ផលិតផល​ម៉ាក​សញ្ញា​ក្នុង​ស្រុក តែ​បញ្ជា​ផលិត​នៅ​បរទេស (OEM) ដែល​យក​ម៉ាក​សញ្ញា​ខ្មែរតែ​បញ្ជាទិញ​ឬ​ឱ្យ​គេ​ផលិត​ពី​បរទេស និង​ទី​៣. ផលិត​ផល​ម៉ាក​សញ្ញា​បរទេស​តែ​ផលិត​ក្នុងស្រុក ជា​ប្រភេទ​ក្រុមហ៊ុន​អន្តរជាតិ​ដែល​មក​វិនិយោគ​និង​បង្កើត​រោងចក្រ​ផលិត​ដោយ​ផ្ទាល់​នៅ​លើ​ទឹកដី​កម្ពុជា។

លោក​ឧកញ៉ាបាន​លើក​ឡើង​ពី​​យុទ្ធសាស្ត្ររបស់​​រាជរដ្ឋាភិបាល​ គឺ​​​​ជំរុញ​ឱ្យ​មាន​ការផលិត​ក្នុង​ស្រុកដើម្បី​កាត់បន្ថយ​ការនាំចូល​ពី​បរទេស រួម​ទាំង​ការ​លើក​ទឹកចិត្ត​ឱ្យអ្នកវិនិយោគ​បរទេស​មក​ផលិត​នៅក្នុងស្រុក​ឲ្យ​បាន​ច្រើន។

នៅក្នុងជំនួបពិភាក្សា​ការងារជាមួយ​សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកាលពីថ្ងៃទី ០១ ខែមេសាឆ្នាំ ២០២៦ លោក តាកាយ៉ាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association) បានលើកឡើងអំពីសក្ដានុពលរបស់កម្ពុជា ពោលគឺសក្ដានុពលនៅក្នុងការវិនិយោគផ្នែកសហគ្រាសខ្នាតតូច និងមធ្យម ដែលជាចំណុចស្នូលដែលសមាគមជប៉ុន-កម្ពុជា ចាប់អារម្មណ៍ហើយសមាគមរបស់លោកកំពុងជំរុញការវិនិយោគឱ្យបានច្រើន។

ប្រធានសមាគមជប៉ុន-កម្ពុជាបានកោតសរសើរចំពោះសក្ដានុពលធនធានធម្មជាតិ ដែល​កម្ពុជាមានលក្ខណៈអំណោយ​ផល ហើយជប៉ុនមានលក្ខណៈពិសេសផ្នែកបច្ចេកទេសនិងបច្ចេកវិទ្យា ដូច្នេះបើមានការ​បូកបញ្ចូលគ្នា​អាចនាំឱ្យកម្ពុជាបង្កើតបាននូវផលិតផលជាច្រើនទៀត ដើម្បីនាំចេញទៅក្រៅប្រទេស។

ឆ្លើយតបការ​លើកឡើង​អំពីឱកាស​វិនិយោគទៅលើសហគ្រាសខ្នាតតូច និងមធ្យម​របស់​សមាគម​ជប៉ុន សម្តេច​តេជោ ហ៊ុន​ សែន​ បាន​បង្ហាញនូវការពេញចិត្តដោយសម្ដេចបញ្ជាក់ថា តាំងពីសម្ដេចធ្វើជានាយករដ្ឋមន្រ្ដី គឺបានផ្ដោតសំខាន់​ចំពោះការវិនិយោគទៅលើសហគ្រាសខ្នាតតូច និងមធ្យម ពីព្រោះសម្ដេចបានចាត់ទុកសហគ្រាសខ្នាតតូច និងមធ្យមនេះ​គឺជាចលករនៃការជ្រោមជ្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។

នៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ នឹង​មានការ​រៀបចំ​ពិព័រណ៍ផលិតផលខ្មែរលើកទី៣ និង​ត្រូវធ្វើឡើងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៦។ ក្នុង​ពិព័រណ៌​​ផលិតផលក្នុងស្រុក​ដ៏ធំប្រចាំឆ្នាំនេះ​​ មានស្តង់​ចូលរួមប្រមាណ ៣០០ ស្តង់ ដែលនឹង​មាន​ការ​តាំងប​ង្ហាញ​ផលិតផលក្នុងស្រុកចម្រុះ​មាន​​ទាំងផ្នែក​​ឧស្សាហកម្មផលិតចំណីអាហារ និងគ្រឿងប្រើប្រាស់ផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម