ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម បានក្រើនរំលឹកឱ្យមន្ត្រី កែប្រែឥរិយាបថបម្រើប្រជាពលរដ្ឋ
លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានធ្វើការក្រើនរំលឹកដល់មន្រ្តីមួយចំនួន ត្រូវកែប្រែ ឥរិយាបថ ក្នុងការងារបម្រើសេវា ជូនប្រជាពលរដ្ឋឱ្យបានល្អ និងត្រូវប្រញាប់ដោះស្រាយ ប្រសិនបើប្រជាពលរដ្ឋ មានតម្រូវការផ្សេងៗនៅក្នុងមូលដ្ឋាន។

ការក្រើនរំលឹកនេះ ធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យ លទ្ធផល វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី៤ អាណត្តិទី៣ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។

លោក អ៊ុន ចាន់ដា មានប្រសាសន៍បន្តថា ការរៀបវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត មានសំណើ សំណូមពររបស់ប្រជាពលរដ្ឋជាច្រើន ត្រូវតែយកមកដោះស្រាយ ពីព្រោះនេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាកម្មវិធីកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ ដែលតម្រូវឱ្យមន្ត្រីទាំងអស់ ត្រូវតែខិតខំធ្វើការងារឱ្យអស់ពីចិត្តពីថ្លើម និងដោយស្មោះត្រង់បំផុត ជាមួយនឹងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ជាពិសេស ការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ។

លោក អ៊ុន ចាន់ដា បញ្ជាក់ថា ប្រជាពលរដ្ឋបានផ្ដល់ប្រាក់ឱ្យមន្ត្រីរាជការតាមរយៈរាជរដ្ឋាភិបាល។ ដូច្នេះ មន្ត្រីរាជការត្រូវតែខិតខំធ្វើការ បម្រើប្រជាពលរដ្ឋ ពោលគឺ បន្ទាប់ពីបានទទួលសំណើ និងសំណូមពរ ពីប្រជាពលរដ្ឋហើយ ត្រូវតែយកមកដោះស្រាយជូនពួកគាត់ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។ ម្យ៉ាងទៀត រាល់ផែនការដែលបានដាក់ចេញ គឺត្រូវតែអនុវត្ត។ ដូច្នេះ មន្ត្រីទាំងអស់ ត្រូវតែរួមគ្នាខិតខំដោះស្រាយគ្រប់បញ្ហា បើទោះបីជា រឿងតូច ឬរឿងធំក៏ដោយ ត្រូវតែរួមគ្នាយកមកដោះស្រាយឱ្យបានឆាប់រហ័ស ចៀសវាងបញ្ហាតូច ក្លាយជារឿងធំ។

លោក អ៊ុន ចាន់ដា បានលើកឡើងបន្ថែមថា ចំពោះ ខេត្តកំពង់ចាម ថ្នាក់ដឹកនាំ បានកោតសរសើរ ដល់អាជ្ញាធរខេត្ត ដែលបានខិតខំដោះស្រាយគ្រប់បញ្ហាជូនប្រជាពលរដ្ឋ រហូតដល់ពេលនេះមានសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋត្រឹមតែ ១៩ ករណីប៉ុណ្ណោះ ខណៈខេត្តមានប្រជាពលរដ្ឋច្រើនដល់ទៅជាង ១លាននាក់ បើប្រៀបធៀបទៅនឹងខេត្តផ្សេងៗ មានប្រជាជនតិច តែកើតមានបញ្ហាច្រើន មិនទាន់បានដោះស្រាយ។

អភិបាលខេត្ត បានបញ្ជាក់ថា បញ្ហារបស់ប្រជាពលរដ្ឋកើតឡើងនាពេលកន្លងមក មានដូចជា៖ បញ្ហាក្នុងក្រុមគ្រួសារ បញ្ហាព្រំដី ករណីសុំបើកផ្លូវជាដើម ដែលទាំងនោះជាករណីតូចៗ ប៉ុន្តែត្រូវបានអាជ្ញាធរខេត្ត ធ្វើការដោះស្រាយភ្លាមៗ ដោយមិនទុករឿងទាំងនោះឱ្យរីករាលដាលទៅជារឿងធំនោះឡើយ។ ដូច្នេះ សូមឱ្យមន្ត្រីទាំងអស់ រួមសហការគ្នា ដោយត្រូវកែប្រែឥរិយាបថ ខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរថែមទៀត និងដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ៖ ថង សីហា

-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


