Connect with us

សុខភាព

ការបង្កកំណើតកូនភ្លោះ អាចមានផលវិបាកឬទេ?

បានផុស

នៅ

កូនភ្លោះ គឺជាការបង្កកំណើតកូន២ក្នុងស្បូន ក្នុងពេលតែមួយ។ ការមានផ្ទៃពោះកូនភ្លោះ ត្រូវបានគេចាត់ចូលក្នុងក្រុមគភ៌មានវិបត្តិ ដោយសារតែការពរពោះមានផលវិបាកច្រើន ចំពោះម្តាយនិងទារកក្នុងផ្ទៃ។ អត្រានៃការស្លាប់ទារកជុំវិញសម្រាល គឺខ្ពស់ជាង៦ដងនៃផ្ទៃពោះកូនតែមួយ ហើយភាគច្រើនស្រ្តីអាចមានជំងឺលើសឈាម សម្រាលកូនមិនគ្រប់ខែ ឬកូនមិនគ្រប់គីឡូ។ ម្យ៉ាងទៀតការសម្រាលកូនភ្លោះមានហានិភ័យខ្ពស់ចំពោះម្តាយ ដោយការធ្លាក់ឈាមធ្ងន់ធ្ងរ និងកូន (ទងសុកលូនចេញក្រៅ)។ ដូច្នេះទើបទាមទារការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ និងស្រ្តីព្រមទាំងក្រុមគ្រួសារផ្ទាល់ ក្នុងការថែទាំ និងតាមដានផ្ទៃពោះអោយបានដិតដល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ននេះគេសង្កេតឃើញអត្រានៃស្រ្តីមានកូនភ្លោះមានការកើនឡើងជាលំដាប់ ដោយសារតែបច្ចេកទេស នៃការបង្កកំណើតបែបវិទ្យាសាស្រ្ត និងការកើនឡើងនៃអាយុម្តាយ។ តាមការសិក្សានៅប្រទេសបារាំងនៅឆ្នាំ ២០១០ អត្រានៃកូនភ្លោះពីរ មាន ៣,៥% និង ភ្លោះបី ០,០៧%។

គោលបំណងនៃអត្ថបទនេះគឺចង់បង្ហាញត្រួសៗដល់ស្ត្រីអំពីការពរពោះកូនភ្លោះ ផលវិបាក និងការថែទាំពេលមានគភ៌។

១) ចំណាត់ថ្នាក់៖ ផ្ទៃពោះភ្លោះមាន២ប្រភេទ គឺ

   – ភ្លោះពិត (២៥%)៖ កើតចេញពីការបង្កកំណើតដោយអូវ៉ូស៊ីតតែមួយ បន្ទាប់មកបានធ្វើការបំបែកខ្លួនជាពីរ។ កូនទាំងពីរមានហ្សែនដូចគ្នា និងភេទដូចគ្នា។

   – ភ្លោះមិនពិត (៧៥%)៖ កើតចេញពីការបង្កកំណើតដោយអូវ៉ូស៊ីត២ផ្សេងគ្នា។ កូនទាំងពីរមានហ្សែនខុសគ្នា ហើយភេទអាចខុសគ្នា។

២) មូលហេតុ ៖

   – កូនភ្លោះពិត ភាគច្រើនពុំមានមូលហេតុទេ ហើយកត្តាដែលបង្កគឺទាក់ទងនឹងអាយុម្តាយ (មុន១៨ឆ្នាំ ឬក្រោយ ៣៥ឆ្នាំ) ដែលវដ្តរដូវមានភាពរអាក់រអួល។

   – កូនភ្លោះមិនពិត បណ្តាលមកពីកត្តាជាច្រើនដូចជា:

      • កត្តាជាតិសាសន៍ (អាស៊ី ៣% អឺរ៉ុប ៨% អាហ្រ្វិក ១៦% និង នីហ្សេរីយ៉ា៤០%)

      • អាយុម្តាយ

      • ការប្រើថ្នាំ ឬបច្ចេកវិទ្យាអោយមានកូន

      • ប្រវត្តិគ្រួសារមានកូនភ្លោះ

      • ទម្ងន់ និងកម្ពស់ម្តាយ

៣) ផលវិបាក ៖

   – ការសម្រាលកូនមិនគ្រប់ខែ

   – ការលូតលាស់យឺតរបស់ទារកក្នុងផ្ទៃ

   – ម្តាយមានជំងឺលើសឈាម

   – ម្តាយមានភាពស្លេកស្លាំង

   – កូនមានសរីរាង្គមិនប្រក្រតី

ផលវិបាកធ្ងន់ធ្ងរសំរាប់កូនភ្លោះសុកតែមួយ គឺការចំលងចរន្តឈាមពីកូនមួយទៅកូនមួយទៀតដែលអាចប៉ះពាល់ដល់អាយុជីវិតកូនក្នងផ្ទៃមួយ ឬទាំងពីរ។

៤) ការធ្វើរោគវិនិច្ឆ័យ ៖

   – ពោះធំខ្លាំងមិនសមាមាត្រនឹងអាយុគភ៌

   – ការស្ទាបប៉ះនូវប៉ូលពីរដូចគ្នា (ក្បាលពីរ ឬ គូទពីរ)

   – ស្តាប់លឺបេះដូងកូនពីរ

៥) ការធ្វើអេកូសាស្ត្រ ៖ 

ជាទូទៅគេអាចដឹងលឿនបានដោយការធ្វើអេកូផ្ទៃពោះនៅត្រីមាសទីមួយ ដែលអាចបែងចែកច្បាស់អំពីទីតាំង និងចំនួនសុក ដើម្បីមានភាពងាយស្រួលក្នុងការវិភាគ និងតាមដានរកភាពមិនប្រក្រតីនៃគភ៌។

៦) ការតាមដាន និងការថែទាំផ្ទៃពោះ៖

   – ស្រ្តីត្រូវតាមដានផ្ទៃពោះជារៀងរាល់ខែតាមការណាត់ជួបរបស់គ្រូពេទ្យ និងរៀងរាល់២សប្តាហ៍ ពេលគភ៌ជិតគ្រប់ខែ។

   – ត្រូវតាមដានអេកូសាស្ត្រជារៀងរាល់ខែ និងញឹកញាប់ជាងនេះ ក្នុងករណីមានការលូតលាស់យឺត ឬមានភាពខុសប្រក្រតី ជាពិសេសករណីកូនភ្លោះសុកតែមួយ។

   – ស្ត្រីត្រូវបានអនុញ្ញាតអោយសម្រាកពីការងារមុនកំណត់។

   – ស្ត្រីត្រូវបរិភោគអាហារសំបូរកាឡូរីខ្ពស់។

   – ជៀសវាងការធ្វើដំណើរផ្លូវឆ្ងាយចាប់ពីគភ៌អាយុ ២៥សប្តាហ៍ឡើងទៅ។

៧) ការសម្រាល៖

ជាទូទៅ ស្ត្រីត្រូវបានលើកទឹកចិត្តអោយសម្រាលតាមធម្មជាតិ លើកលែងលក្ខខណ្ឌមួយចំនួនដូចខាងក្រោមដែលចាំបាច់ត្រូវធ្វើការវះកាត់៖

   – សុកពាំងមាត់ស្បូន

   – កូនទី១នៅទទឹងពោះ

   – ស្បូនមានស្លាកស្នាម (ធ្លាប់វះកាត់យកកូន)

   – ម្តាយលើសឈាមធ្ងន់ធ្ងរ

   – កូនលូតលាស់យឺតខ្លាំង និងវិបត្តិសរសៃឈាមចិញ្ចឹមទារក

   – កូនទី២ធំជាងកូនទី១ប្រហែល ៣០% នៃទំងន់សរុប

៨) ផលវិបាកនៃការសម្រាល ៖

   – វិបត្តិនៃការកន្ត្រាក់ស្បូន

   – ការលូនទងសុកមកក្រៅមុនពេលកូនចេញ

   – ការធ្លាក់ឈាមខ្លាំង

   – ស្ហុក (choc a vacuo) កូនចុះដំណាលគ្នា (ដែលទាមទារការវះកាត់បន្ទាន់)

ការតាមដានផ្ទៃពោះដិតដល់ អាចជួយអោយយើងជៀសផុតហានិភ័យមួយចំនួនធំ ជាពិសេសរកឃើញទាន់ពេលនូវផលវិបាកផ្សេងៗ ដែលអាចកើតមានឡើង ដើម្បីសម្រេចវិធីសាស្ត្រព្យាបាលដ៏សមស្រប។

ការសម្រាលកូនភ្លោះអាចមានផលវិបាក និងគ្រោះថ្នាក់សំរាប់ម្តាយនិងកូន ដូច្នេះស្ត្រីត្រូវតាមដាននិងពិគ្រោះជាប់លាប់ជាមួយក្រុមការងារវេជ្ជបណ្ឌិតឯកទេសផ្នែកសម្រាលនៃមន្ទីរពេទ្យកាល់ម៉ែត តាមការណែនាំជាដំណាក់កាលៗ ៕

អត្ថបទ៖រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២០ នាទីutes មុន

ស្ត្រីម្នាក់ធ្លាក់ពីអគារខុនដូជាន់ទី១៩ បាត់បង់ជីវិតភ្លាមៗ

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ចប់ការចរចានៅតួកគីភ្លាម, ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប៤ប្រទេស ទាញទូរស័ព្ទ call ទៅ ត្រាំ ភ្លែត

សេចក្ដីជូនដំណឹង២៦ នាទីutes មុន

ឧកញ៉ា ឡេង និមល ដឹកដៃភរិយា ធ្វើម្ហូបតុងយ៉ាំបង្កង ១ខ្ទះត្នោតធំឲ្យកូនៗប្រមាណ ២០០នាក់ក្នុងមណ្ឌលមែកឈើ

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា បែងចែកកំណត់​ជា ៦ ប្រភេទ តាមស្ថានភាព​ប្រើប្រាស់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី៖ សង្គ្រាមត្រូវចប់តាំងពីដំបូងមកម្ល៉េះ តែអ៊ុយក្រែន មិនព្រមចរចាសោះ!

Sokha Hotels

ព័ត៌មានពេញនិយម