ព័ត៌មានជាតិ
មន្ត្រីអាជ្ញាធរអេដស៍៖ យុវជនដើរតួនាទីដ៏សំខាន់ក្នុងការប្រយុទ្ធជំងឺអេដស៍នៅកម្ពុជា
អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងថា យុវជនដើរតួនាទីដ៏សំខាន់ក្នុងការចូលរួមផ្សព្វផ្សាយអប់រំ និងការងារប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់។

បើតាមវីដេអូដែលចេញផ្សាយដោយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានលើកឡើងដូច្នេះថា៖ «មេរោគអេដស៍ និងជំងឺអេដស៍ នៅតែជាការគំរាមកំហែងដល់សុខភាពសាធារណៈនៅកម្ពុជា ហើយមេរោគអេដស៍ និងជំងឺអេដស៍ បានផ្ដល់ផលប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ចកម្ពុជា»។
ផ្អែកលើទិន្នន័យដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានសិក្សាស្រាវជ្រាវ គឺបានរកឃើញថា ក្នុងឆ្នាំ២០២១ កន្លងទៅ មានអ្នកផ្ទុកមេរោគអេដស៍ចំនួន៧៤ ០០០នាក់ ហើយក្នុងនោះ មានចំនួន៦៤ ០០០នាក់ បានទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និងជំងឺអេដស៍ ដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ អ្នកឆ្លងថ្មីមានចំនួន១ ១០០នាក់ ខណៈអ្នកស្លាប់ដែលទាក់ទងនឹងជំងឺអេដស៍នេះ គឺមានចំនួន១ ១០០នាក់ផងដែរ។ នេះជាការបញ្ជាក់ឲ្យដឹងរបស់លោក ឈឹម ឃិនដារ៉េត។

ក្នុងន័យនេះ លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអំពាវនាវដល់យុវជនកម្ពុជាទាំងអស់ចូលរួមការពារខ្លួន តាមរយៈការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ក៏ដូចជាការបន្តផ្សព្វផ្សាយឲ្យកាន់តែសកម្មថែមទៀតទៅដល់ស្រទាប់យុវជន និងប្រជាជនទូទៅឲ្យយល់កាន់តែច្បាស់អំពីមេរោគអេដស៍ និងជំងឺអេដស៍ ជាពិសេសផលប៉ះពាល់ដែលបង្កឡើងដោយមេរោគអេដស៍នេះ។
គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងតែជំរុញចរន្តជាតិតែមួយទូលំទូលាយក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីឈានឆ្ពោះទៅសម្រេចគោលដៅនៅឆ្នាំ២០២៥។ ក្នុងនោះ គោលនយោបាយ បឋមរបស់កម្ពុជា គឺឈានទៅបញ្ចប់វិសមភាព បញ្ចប់ជំងឺអេដស៍ និងបញ្ចប់ជំងឺរាតត្បាត ដោយជំរុញលើសកម្មភាព MSM ការឆ្លងពីម្តាយទៅទារក ស្វែងរកអ្នកបាត់មុខ ពិធីបង្ការ ថែទាំ ព្យាបាលឲ្យកាន់តែទូលំទូលាយ និងផ្តល់នូវការគាំពារសង្គម កាន់តែល្អប្រសើរឡើងចំពោះអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ដោយពុំទុកចោលនរណាម្នាក់ឡើយ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


