ព័ត៌មានជាតិ
លោក លី ធុជ ៖ សម្ដេចតេជោ សង្គ្រោះជីវិតប្រជាជនកម្ពុជារាប់លាននាក់ និងផ្ដល់ដីសុវត្ថិភាពរាប់ម៉ឺនហិកតា តាមរយៈការងារបោសសម្អាតមីននៅកម្ពុជា
ក្រោយរួចចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជា ក្រោមការដឹកនាំប្រកបដោយឆន្ទៈមោះមុតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ចូលរួមសង្គ្រោះអាយុជីវិតរបស់ប្រជាជនកម្ពុជានៅគ្រប់ទិសទីរាប់លាននាក់។ បន្ថែមនោះ ផ្ដល់ដីសុវត្ថិភាពរាប់ម៉ឺនហិកតា សម្រាប់កសាងភូមិឋាន និងបង្កបង្កើនផល ព្រមទាំងបានរកឃើញ និងកម្ទេចចោលគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់។

នេះជាការលើកឡើងរបស់ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន ក្នុងកម្មវិធីបើកយុទ្ធនាការអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅឃុំត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង នាថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣។ យុទ្ធនាការនេះ មានការចូលរួមពី លោក ផេង សិទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង រដ្ឋបាលស្រុករុក្ខគីរី ក្រុមការងារផែនការសកម្មភាពមីនខេត្តបាត់ដំបង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណជា ៤០០ នាក់។

លោកទេសរដ្ឋមន្ត្រី បានបន្តទៀតថា ការងារបោសសម្អាតមីន និងគ្រាប់ មិនត្រឹមតែបានចូលរួមផ្ដល់ដីសុវត្ថិភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ថែមទាំងបានចូលរួមដល់ការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានយ៉ាងច្រើន គួបផ្សំជាមួយនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងនោះ ជំរុញការងារផ្សព្វផ្សាយអប់រំការយល់ដឹងអំពីមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះនៅតាមមូលដ្ឋានផងដែរ។

លោកទេសរដ្ឋមន្ត្រី បន្ថែមថា ជារៀងរាល់ឆ្នាំ អាជ្ញាធរមីន សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធរួមមាន ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា កាកបាទក្រហមកម្ពុជា ប៉ូលិស អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ CMAC, NPMEC, HALO Trust, MAG, CSHD, CMVIS, SOS តែងតែរៀបចំសារ និងផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅតាមតំបន់ប្រឈមនឹងការរងគ្រោះថ្នាក់ និងរងផលប៉ះពាល់ដោយសារមីន និងគ្រាប់ ជាពិសេសតំបន់មានប្រជាពលរដ្ឋអាស្រ័យផលច្រើន ដើម្បីក្រើនរំលឹក និងផ្សព្វផ្សាយដល់ពួកគាត់នៅតាមមូលដ្ឋានយល់ដឹងបន្ថែមអំពីការគ្រោះថ្នាក់ជាយថាហេតុ។ រយៈពេល ៥ ឆ្នាំ ពីឆ្នាំ ២០១៨-២០២២ ប្រជាពលរដ្ឋបានទទួលសារអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះពីប្រតិបត្តិករជាតិ និងអន្តរជាតិ ចំនួន ៥ ៤៣២ ១១៩ នាក់ ហើយ។ ដោយឡែក ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ ប្រជាពលរដ្ឋចំនួន ៥៧៤ ០៩៥ នាក់ បានទទួលសារអប់រំនេះផងដែរ។

ទោះបីកម្ពុជាសម្រេចនូវសមិទ្ធផលយ៉ាងធំធេង ទាំងការងារបោសសម្អាតមីន/គ្រាប់ និងផ្សព្វផ្សាយអប់រំបានច្រើនយ៉ាងណាក្ដី ប៉ុន្តែប្រជាជនកម្ពុជា នៅតែបន្តទទួលរងគ្រោះថ្នាក់ក្នុងកម្រិតមួយទាប តាមសកម្មភាពផ្សេងៗជាដើម។ ទន្ទឹមនោះ លោកទេសរដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ មេត្តាបន្តយកចិត្តទុកដាក់ និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះតំបន់សង្ស័យ និងគ្រាប់មិនទាន់ផ្ទុះស្ថិតនៅរាយប៉ាយ ដែលមិនបានកំណត់ជាតំបន់គ្រោះថ្នាក់នៅឡើយ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ជំនួសឲ្យប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បានសម្ដែងនូវការដឹងគុណយ៉ាងខ្ពង់ខ្ពស់ជូនចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានចាត់ទុកសកម្មភាពមីន ជាការងារអាទិភាពមួយរបស់ជាតិ ព្រមទាំងបានបន្តដាក់ចេញនូវចក្ខុវិស័យដឹកនាំក្នុងការបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ឆ្នាំ ២០២៥ និងសូន្យគ្រោះថ្នាក់ដោយសារមីន។

លោកទេសរដ្ឋមន្ត្រី លី ធុជ ក៏បានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងកក់ក្ដៅ និងនឹករលឹកជាទីបំផុតពីសំណាក់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនប្រជាពលរដ្ឋខេត្តបាត់ដំបងទាំងអស់ និងអង្គពិធីទាំងមូល។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះគ្រប់ក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធ ដែលបានចូលរួមជាមួយសម្ដេចតេជោ ក្នុងការងារបោសសម្អាតមីន និងកាត់បន្ថយអត្រាគ្រោះថ្នាក់នៅកម្ពុជា៕




-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


