ព័ត៌មានជាតិ
ប្រធានមន្ទីរពេទ្យគន្ធបុប្ផា៖ កុមារមានជំងឺធ្ងន់ធ្ងរកើនឡើង ១០៨%
លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យ “កម្ពុជាថ្មី” ដឹងថា តាមរបាយការណ៍សកម្មភាពរបស់ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងខេត្តសៀមរាម ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៣នេះ កុមារមានជំងឺធ្ងន់ៗ ចំនួន ៨៨ ៩៣០ នាក់ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលចំនួននេះ កើនឡើង ១០៨ ភាគរយ ច្រើនជាងឆ្នាំ២០២២ ខណៈកុមារចំនួន ៣៩២ ០៣៤ នាក់ បានឈឺ និងបានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ ដែលចំនួននេះ កើន ៥២%។

លោកសាស្ត្រាចារ្យ គី សន់ទី មានប្រសាសន៍បញ្ជាក់បន្ថែមថា៖ “៦០ ភាគរយជាង ជាប្រភេទជំងឺឆ្លង ឆ្លងតាមប្រព័ន្ធដង្ហើម ជំងឺរលាកពោះវៀន ខ្នែងពោះវៀន ជំងឺគ្រុនឈាមជាដើម និង ៤០ ភាគរយទៀត គឺគ្រោះថ្នាក់ចរាចរណ៍ និងជំងឺផ្សេងៗទៀតដែលមិនមែនជាជំងឺឆ្លង”។

លោកវេជ្ជបណ្ឌិត គី សន់ទី មានប្រសាសន៍ថា ជាទូទៅ នៅរដូវរស្សា ឬខែភ្លៀងនេះ មានជំងឺកើតឡើងច្រើនចំពោះកូនក្មេង។ ម៉្យាងទៀតដោយសារការស្បើយនៃការរីករាលដាលជំងឺកូវីដ-១៩ ទើបនាំឱ្យអាណាព្យាបាលអាចយកកូនមកពិនិត្យសុខភាព និងព្យាបាលនៅមន្ទីរពេទ្យ ទោះបីជំងឺស្រាលក្ដី ដែលនាំឱ្យផ្នែកពិគ្រោះជំងឺក្រៅ ទទួលបានកំណើនអ្នកមកពិនិត្យជំងឺ ដូចកាលមិនទាន់មានកូវីដ-១៩ ដែរ។

លោកវេជ្ជបណ្ឌិត គី សន់ទី មានប្រសាសន៍ថា ឪពុកម្ដាយ ឬអាណាព្យាបាលកុមារត្រូវយកចិត្តទុកដាក់ថែទាំ កូនចៅ ដោយរស់នៅស្អាតមានអនាម័យ និងចូលរួមទាំងអស់គ្នា ពិសេសបំបាត់ជម្រកមូសខ្លាការពារជំងឺគ្រុនឈាម។ អាណាព្យាបាល ត្រួវស្វែងរកការពិគ្រោះព្យាបាលជំងឺ ជាមួយគ្រូពេទ្យមានជំនាញវិជ្ជាជីវៈ ពេលកូនចៅមានជំងឺដង្កាត់។

ប្រធានមន្ទីរពេទ្យគន្ធបុប្ផារូបនេះ មានប្រសាសន៍បន្តថា៖ “កុំស្វែងរកទិញថ្នាំព្យាបាលកូនចៅដោយខ្លួនឯង តែត្រូវស្វែងរកការព្យាបាលមួយត្រឹមត្រូវ នៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកជាដើម។ ស្វែងរកការបញ្ជូនអ្នកជំងឺធ្ងន់ធ្ងរ ប្រកបដោយសុវត្ថិភាព និងត្រឹមត្រូវតាមក្បួនខ្នាតបច្ចកទេស មកកាន់មន្ទីរពេទ្យឯកទេសមានជំនាញដែលទុកចិត្តបាន”។

គួរបញ្ជាក់ថា រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប គឺមិនគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។ មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង នៅតែត្រូវការថវិកាជាប្រចាំប្រមាណ ៨៤ ម៉ឺនដុល្លារក្នុង ១សប្តាហ៍ ឬត្រូវចំណាយ ប្រមាណ ៤០ លានដុល្លារ ក្នុង១ឆ្នាំ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្រ្គោះជីវិតកុមារនៅកម្ពុជា ដោយមានការជួយបំពេញបន្ថែមគ្នាទៅវិញទៅមក រវាងមូលនិធិគន្ធបុប្ផាស្វីស និងមូលនិធិ គន្ធបុប្ផាកម្ពុជា ក៏ដូចជាពីសំណាក់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ការបរិច្ចាគនេះតែមួយអាចគ្រប់គ្រាន់នៅឡើយទេសម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះមន្ទីរពេទ្យនេះ មិនមែនជាស្ថាប័នដែលរកប្រាក់ចំណូល។

មូលនិធិគន្ធបុប្ធាកម្ពុជាបានបង្កើត KHQR CODE (ទាំងប្រាក់រៀល និងដុល្លារអាមេរិក) សម្រាប់គ្រប់ App ធនាគារទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានកម្មវិធីស្ដែន QR CODE ដើម្បីសម្រួលដល់ការចូលរួមបរិច្ចាគពីសំណាក់សប្បុរសជននានា ក្នុងគោលបំណង ជួយ នាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា តាមរយៈការរួមគ្នា រក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំង ៥ទីតាំង នៅព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


