ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី និងតំណាងរាស្រ្ត ២រូបទៀត មានវ័យក្មេងជាងគេក្នុងរដ្ឋសភា
ឯកឧត្តម ហ៊ុន ម៉ានី ដែលជាបេក្ខជនជាប់ឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា និងបេក្ខជនជាប់ឆ្នោតមកពីគណបក្សហ្វ៊ុនស៊ិនប៉ិចចំនួន ២រូបផ្សេងទៀត គឺជាតំណាងរាស្ត្រមានអាយុតិចជាងគេ សម្រាប់នីតិកាលទី៧ នេះ។

បើតាមបញ្ជីរាយនាមបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ នេះ ឯកឧត្តម ហ៊ុន ម៉ានី បានជាប់ជាតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តកំពង់ស្ពឺ ដែលមានអាយុ ៤០ឆ្នាំ។ ការជាប់ជាតំណាងរាស្ត្រ នីតិកាលទី៧ នេះ មិនមែនជាលើកទី១ របស់ឯកឧត្តម ហ៊ុន ម៉ានី ឡើយ ខណៈឯកឧត្តមបានជាប់ឆ្នោតជាតំណាងរាស្ត្រ ២អាណត្តិមកហើយ គឺនៅអាណត្តិទី៥ និងអាណត្តិទី៦ ហើយនៅអាណត្តិទី៧ នេះ ឯកឧត្តមក៏បានបន្តជាប់ឆ្នោតជាថ្មីម្ដងទៀត។
នៅក្នុងអាណត្តិទី៦ កន្លងមកនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជា ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា គឺគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍។ ក្រៅពីកិច្ចការនៅរដ្ឋសភា ឯកឧត្តម ហ៊ុន ម៉ានី ក៏កំពុងកាន់ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ានី កើតនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៨២ ជាកូនប្រុសទី៤ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ឯកឧត្តម បានឆ្លងកាត់ការសិក្សាមកពីប្រទេសបារាំង សហរដ្ឋអាមេរិក និងអូស្ត្រាលី។ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ចប់ការសិក្សាសញ្ញាបត្រអនុបណ្ឌិតចំនួន២ គឺសញ្ញាបត្រអនុបណ្ឌិតទំនាក់ទំនងអន្តរជាតិ នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី និងសញ្ញាបត្រអនុបណ្ឌិតយោធា ជំនាញសន្តិសុខជាយុទ្ធសាស្ត្រ ដែលផ្ដោតលើការប្រឆាំងអំពើភេរវកម្ម នៃសាកលវិទ្យាការពារជាតិ សហរដ្ឋអាមេរិក។
រីឯបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ មកពីគណបក្សហ្វ៊ុនស៊ិនប៉ិចចំនួន ២រូបផ្សេងទៀត ដែលមានអាយុតិចជាងគេនោះ គឺលោក ញឿន រ៉ាដែន និងលោក នាង ចាន់ណាក់។ លោក ញឿន រ៉ាដែន បានជាប់ជាតំណាងរាស្ត្រ ដែលមានអាយុតិចជាងគេបំផុត ក្នុងវ័យត្រឹមតែ ៣៧ឆ្នាំប៉ុណ្ណោះ។ ការជាប់ជាតំណាងរាស្ត្រ នាពេលនេះ ជាលើកដំបូងហើយរបស់លោក ញឿន រ៉ាដែន ក្រោយពេលលោកបានឈរឈ្មោះជាបេក្ខជនពេញសិទ្ធិរបស់ គណបក្សហ្វ៊ុនស៊ិនប៉ិច នៅលេខរៀងទី១ មណ្ឌលខេត្តកំពង់ចាម សម្រាប់ការបោះឆ្នោតជាតិ នីតិកាលទី៧ នេះ។

ក្រោយជាប់ជាសមាជិករដ្ឋសភា ក្នុងអាណត្តិថ្មីនេះ លោក ញឿន រ៉ាដែន បានថ្លែងអំណរគុណដល់ម្ចាស់ឆ្នោតទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោត និងបានគាំទ្រដល់គណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅនេះ។ ក្នុងនាមជាតំណាងរាស្ត្រមួយរូប លោក ញឿន រ៉ាដែន បានប្ដេជ្ញាចិត្តបំពេញបេសកកម្មក្នុងការបម្រើ ការពារផលប្រយោជន៍ជាតិ ប្រជាជន ដោយស្មារតីជាតិនិយមជានិច្ច។ សព្វថ្ងៃ លោក ញឿន រ៉ាដែន គឺកំពុងកាន់តួនាទីជាអ្នកនាំពាក្យ និងជា ប្រធានក្រុមការងារខេត្តកំពង់ចាមរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច។
ដោយឡែក លោក នាង ចាន់ណាក់ ក៏បានក្លាយជាបេក្ខជនជាប់ឆ្នោតដែលមានវ័យក្មេងជាងគេផងដែរ ក្នុងចំណោមតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ចំនួន ១២៥រូប។ លោក នាង ចាន់ណាក់ ជាតំណាងរាស្រ្តជាប់ឆ្នោតនៅមណ្ឌលខេត្តកំពង់ធំ ដែលមានអាយុ ៣៩ឆ្នាំ និងជាតំណាងរាស្រ្តមួយរូបក្នុងចំណោម ៥រូប មកពី គណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច។

កាលពីអាណត្តិទី៥ ឆ្នាំ២០១៣ លោក នាង ចាន់ណាក់ ធ្លាប់ធ្វើជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ម្ដងរួចមកហើយ ក្រោយពេលដែលអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានប្រកាសរំលាយដោយអំណាចតុលាការ ហើយអាសនៈទាំងអស់របស់អតីតបក្សប្រឆាំងនេះ គឺត្រូវបែងចែកឱ្យគណបក្សផ្សេងទៀត ខណៈពេលនោះ គណបក្សហ្វ៊ុនស៊ិនប៉ិច ក៏ទទួលបានអាសនៈមួយចំនួនផងដែរ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


