ព័ត៌មានជាតិ
និយោជកសង្ឃឹមថា រដ្ឋាភិបាល នឹងសម្របសម្រួលភាគីសហជីព និងនិយោជក រកតួលេខប្រាក់ឈ្នួលមួយសមរម្យសម្រាប់កម្មករ ឆ្នាំ ២០២៤
ឧកញ៉ា ណាង សុធី អនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី ៣ តំណាងភាគី និយោជក បានមានប្រសាសន៍ថា និយោជក ជឿជាក់លើរាជរដ្ឋាភិបាលដែលមានបទពិសោធន៍ច្បាស់លាស់ និងភាពចាស់ទុំក្នុងការសម្របសម្រួលភាគីនិយោជក និងសហជីព ដើម្បីធ្វើយ៉ាងណាស្វែងរកតួលេខមួយសមរម្យសម្រាប់កម្មករឆ្នាំ ២០២៤ ខាងមុខ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឧកញ៉ា ណាង សុធី បានបន្តថា «ជាជំហរ និយោជកបានដំឡើងបន្ថែមដល់ ២០១,៥០ ដុល្លារ ដើម្បីឲ្យឈានទៅឆាប់ត្រូវគ្នា ដោយសំណូមភាគីសហជីពរកតួលេខមួយដូចគ្នា។ ប៉ុន្តែភាគីសហជីពមិនទាន់ដាក់តួលេខថ្មី។ ក្នុងនោះ ដោយសារសហជីពនៅមិនទាន់មានការដាក់តួលេខថ្មី ឯកឧត្ដមរដ្ឋមន្ត្រី បានស្នើសុំរក្សាតួលេខចាស់ដដែល ដោយឲ្យភាគីទាំងពីរថយទៅពិភាក្សាគ្នារកតួលេខរួមសម្រាប់ដាក់នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី ១៨ ខាងមុខ»។

ឧកញ៉ា ណាង សុធី បានបញ្ជាក់ថា «ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលដែលមានបទពិសោធន៍ច្បាស់លាស់ និងភាពចាស់ទុំក្នុងការសម្របសម្រួលទាំងសងខាង ដើម្បីធ្វើយ៉ាងណាស្វែងរកតួលេខមួយសមរម្យសម្រាប់កម្មករឆ្នាំ ២០២៤ ខាងមុខ»។

ឧកញ៉ា ណាង សុធី បានបន្តទៀតថា យោងលក្ខណៈវិនិច្ឆ័យទាំង ៧ ចំណុច ការពិតយើងមិនមានលទ្ធភាពដំឡើងជូនទេ។ ប៉ុន្តែក៏មិនបានបន្ថយដែរ គឺនៅរក្សាប្រាក់ឈ្នួល ២០០ ដុល្លារ ក្នុងឆ្នាំ ២០២៣ ជាគោល។ ប៉ុន្តែដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត តិច ឬ ច្រើន ត្រូវតែជួយ យើងបានឈានទៅដល់ការឯកភាពគ្នាដំឡើងទៅតាមតួលេខមួយដែលយើងអាចមានលទ្ធភាពបាន»។

លោក គឹម ចាន់សំណាង អនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី ៣ តំណាងភាគីសហជីព បានមានប្រសាសន៍ថា «សម្រាប់កិច្ចប្រជុំថ្ងៃនេះ ភាគីសហជីព នៅមិនទាន់មានតួលេខថ្មីទេ គឺនៅរក្សា ២១៥ ដដែល។ ប៉ុន្តែយើងនឹងបន្តពិភាក្សាគ្នាជាបន្តទៀត ព្រោះថាយើងមានសមាជិកចំនួន ១៧ រូប នៅមានមតិយោបល់ខ្លះនៅមិនទាន់ចូលគ្នាជាធ្លុងមួយនៅឡើយ។ ដូចនេះយើងត្រូវរកចំណុចរួមគ្នាមួយសម្រាប់ដាក់នៅក្នុងប្រជុំលើកក្រោយ»។

យ៉ាងណាលោកសង្ឃឹមថា ប្រជុំលើកក្រោយ នឹងមានតួលេខថ្មី ហើយភាគីនិយោជក ក៏នឹងមានតួលេខថ្មីដែរ ដើម្បីឲ្យមានបម្រែបម្រួលទាំងអស់គ្នា។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា កិច្ចប្រជុំព្រឹកមិញនេះ ភាគីទាំងអស់ បានឯកភាពគ្នា កំណត់ប្រជុំប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករឆ្នាំ ២០២៤ លឿនជាងការកំណត់ ពោលនឹងខិតខំបញ្ចប់នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខនេះ ដែលតាមគម្រោងបញ្ចប់នៅថ្ងៃទី ២ តុលា។
លោករដ្ឋមន្ត្រី បានបន្តទៀតថា ពេលចប់កិច្ចប្រជុំនៅថ្ងៃទី ១១ កញ្ញានេះ ភាគីនីមួយៗ នឹងជួបប្រជុំផ្ទៃក្នុងម្ដងទៀត ដើម្បីរកឲ្យបាននូវគោលជំហរផ្លូវការរបស់ខ្លួននៅថ្ងៃទី ១៨ កញ្ញា ហើយភាគីនីមួយៗ នឹងពិនិត្យសំណូមពរដាច់ដោយឡែករៀងៗខ្លួន ដើម្បីដាក់ជូនក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាធ្វើការពិចារណា និងដោះស្រាយ។
លោករដ្ឋមន្ត្រី បន្តទៀតថា នៅក្នុងកិច្ចប្រជុំនោះដែរ ភាគីតំណាងនិយោជកនៅតែរក្សាតួលេខ ១ ដុល្លារ និងតំណាងសហជីពរក្សាតួលេខ ១៥ ដុល្លារដដែល ទៅលើប្រាក់ឈ្នួលកម្មករបច្ចុប្បន្ន ២០០ ដុល្លារ ក្នុងមួយខែ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា មូលហេតុដែលភាគីនិយោជក និងភាគីសហជីព មានតួលេខខុសគ្នាឆ្ងាយនេះ ដោយសារភាគីនីមួយៗ ឈរលើលក្ខណៈវិនិច្ឆ័យទាំង ៧ ចំណុច រៀងៗខ្លួន ដោយភាគីសហជីពផ្តោតលើអតិផរណាធ្វើឲ្យកម្មករចំណាយច្រើន ចំណូលធ្លាក់ចុះ និងភាគីនិយោជកផ្តោតទៅលើភាពប្រកួតប្រជែង តម្រូវការមានការថយចុះ និងបញ្ហាប្រឈមនៅក្នុងវិស័យ។
លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ភាគីរាជរដ្ឋាភិបាល នឹងខិតខំសម្របសម្រួលដើម្បីធ្វើយ៉ាងណាស្វែងរកតួលេខរួមគ្នាមួយសម្រាប់ប្រាក់ឈ្នួលឆ្នាំ ២០២៤។ ករណីភាគីទាំងពីរអស់លទ្ធភាពក្នុងការចរចា យើងនឹងធ្វើការបោះឆ្នោតសម្រេចតែម្ដង។ យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីសង្ឃឹមថា នឹងមានវឌ្ឍនភាពនៅក្នុងកិច្ចប្រជុំខាងមុខនេះ។
គួរបញ្ជាក់ថា នេះជាកិច្ចប្រជុំលើទី ៤ ហើយ ខណៈកិច្ចប្រជុំលើកទី ៥ នឹងរៀបចំនៅថ្ងៃទី ១៨ កញ្ញា ហើយប្រជុំចុងក្រោយនៅថ្ងៃទី ២៨ កញ្ញា ខាងមុខ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


