ព័ត៌មានជាតិ
ប្រជាពលរដ្ឋ នៅខណ្ឌពោធិ៍សែនជ័យ ជិត២០នាក់ ស្នើឱ្យអាជ្ញាធរ ជួយធ្វើប្លង់កម្មសិទ្ធិដីធ្លី ដាក់លូ ធ្វើផ្លូវ ទឹកស្អាត
ភ្នំពេញ ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋចូលរួមប្រមាណជិត៦០០នាក់ និងបានលើកឡើងនូវ សំណើសំណូមពរយ៉ាងផុលផុសដែលក្នុងនោះពួកគាត់បានលើកឡើងនូវសំណើផ្ទាល់មាត់ចំនួន១៧នាក់ ស្នើនឹង២៣បញ្ហា និងតាមប្រអប់សំបុត្រចំនួន១០០នាក់ផ្សេងទៀត។

រាល់សំណើនិងសំណូមពរ សុំឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយនូវទុក្ខកង្វល់របស់ពួគគាត់ ដែលភាគច្រើនស្នើសុំធ្វើប្លង់កម្មសិទ្ធិលើអចលនៈទ្រព្យ ស្នើសុំជួសជុលនិងដាក់លូ ជួសជុលផ្លូវ ស្នើសុំឱ្យពិនិត្យឡើងវិញលើការបង់ពន្ធដីធ្លីកន្លងមក ដោះស្រាយការបញ្ហាលិចលង់ភូមិដ្ឋានដោយជំនន់ទឹកភ្លៀង នឹងបញ្ហាមួយចំនួនដែលសេសសលពីគម្រោងអភិវឌ្ឍន៍មូលដ្ឋាន ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងឆ្នាំកន្លងទៅ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌពោធិ៍៦សែនជ័យនេះ ធ្វើឡើងក្រោមវត្តមាន លោក ជួប ខុន សមាជិកក្រុមប្រឹក្សានិងជាតំណាងលោកប្រធានប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោក ហួត ហៃ អភិបាលរង តំណាងលោកអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនទៀត នៅក្នុងបរិវេណ វត្តពោធិ៍ចិនតុង។

ឆ្លើយតបនៅចំពោះមុខប្រជាពលរដ្ឋពាក់ព័ន្ធនឹងសំណើសុំធ្វើផ្លូវ ជួសជុលផ្លូវ ដាក់លូ ស្តាលូ ប្រឡាយ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ក៏បានបង្ហាញពីកិច្ចសហការជាមួយរដ្ឋបាលខណ្ឌ ដើម្បីដោះស្រាយនូវសំណើទាំងឡាយណា ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួនឱ្យបានឆាប់ តាមតែអាចធ្វើទៅបាន។ ចំពោះសំណើរណាដែលមានទំហំថវិកាលើសពីដែនសមត្ថកិច្ចរបស់មន្ទីរ លោកនឹងចុះសិក្សាលំអិតរួចដាក់ជូនអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យនិងសម្រេចដោះស្រាយជូនទៅតាមផែនការជាបន្តបន្ទាប់នៅពេលក្រោយ។ ចំណែកឯបញ្ហាទីតាំងដាក់សំរាមនៅផ្សា សិនជួរី បញ្ហាពន្ធដា បញ្ហាធ្វើអត្ថសញ្ញាណបណ្ណហួសសុពលភាព និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀត ត្រូវបានអញ្ជើញមន្ត្រីជំនាញឡើងមកពន្យល់និងចូលរួមដោះស្រាយជូនប្រជាពលរដ្ឋទាំងនោះ ប៉ុន្តែយ៉ាងអាជ្ញាធរក៏បានសុំការយោគយល់ពីប្រជាពលរដ្ឋផងដែរ ចំពោះការយឺតយាវដោយសារត្រូវដោះស្រាយទៅតាមជំហានជាបន្តបន្ទាប់ជូន។

នាឱកាសនោះ លោក ហួត ហៃ បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកនេះ មានពលរដ្ឋចូលរួមយ៉ាងផុសផុលទាំងផ្ទាល់មាត់ និងតាមប្រអប់សំបុត្រ បើទោះជាបញ្ហាខ្លះ ស្ថិតនៅក្នុងគម្រោងផែនការអភិវឌ្ឍន៍៣ឆ្នាំរំកិលក្តី តែយើងបានបកស្រាយពន្យល់ជូនពួកគាត់បានជ្រាបហើយដែរ។ លោកបន្តថា ចំពោះសំណើសុំដែលមិនទាន់បានដោះស្រាយ យើងនឹងបន្តយកទៅពិភាក្សា និងដោះស្រាយតាមក្រោយទៀត។

លោក ហួត ហៃ បានលើកឡើងទៀតថា ប្រទេសកម្ពុជា នៅបន្តរក្សាបានសុខសន្តិភាព សុខសន្តិភាពនេះហើយ ដែលបានធ្វើដោយកម្ពុជាយើងអាចធ្វើជាម្ចាស់ផ្ទះ សម្រាប់កម្មវិធីធំៗ ជាក់ស្តែង ដូចជា កិច្ចប្រជុំកំពូលអាស៊ាន ការប្រកួនកីឡាស៊ីហ្គេមជាដើម។ សមិទ្ធផលធំមួយទៀត ដែលកម្ពុជាសម្រេចបាននោះ គឺកម្ពុជាឈរជើងយ៉ាងរឹងមាំនិងមិនក្ស័យធន រក្សាបានកំណើតសេដ្ឋកិច្ចថែមទៀត ខណៈពិភពលោកកំពុងឈមបញ្ហាសេដ្ឋកិច្ច បណ្តាលមកពីជំងឺកូវីដ-១៩ និងសង្គ្រាមនៅអ៊ុយក្រែនជាដើម។

ជាមួយគ្នានោះ លោក ជួប ខុន បានលើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ អំឡុងខែ តុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន បញ្ហាអភិវឌ្ឍន៍មូលដ្ឋាន និងការផ្តល់សេវាសាធារណៈជាដើម។ តាមរយៈវេទិកានេះ ក៏ចង់បង្ហាញពីសកម្មភាពការងាររបស់អាជ្ញាធររាជធានីភ្នំពេញ ដែលបានបំពេញការងារបម្រើប្រជាពលរដ្ឋកន្លងមកនោះតើបានគ្រប់ជ្រុងជ្រោយទេ ឬនៅមានចំណុចខ្វះខាតអ្វីខ្លះ ដើម្បីឱ្យប្រជាពលរដ្ឋលើកឡើងពីចំណុចខ្វះខាតទាំងនោះ យកមកបំពេញបន្ថែម ធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ មានសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថានល្អ មានការអភិវឌ្ឍន៍ ជាមួយនិងការផ្តល់សេវាសាធារណៈបានកាន់ល្អប្រសើរឆ្លើយតបទាន់ពេលវេលាជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងមូល៕
ដោយ ៖ ស្រីរ័ត្ន







-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


