ព័ត៌មានជាតិ
សម្តេច ហ៊ុន ម៉ាណែត ផ្តាំទៅយុវជនឱ្យខិតខំរៀនសូត្រ ព្រោះបើមានជំនាញក្នុងខ្លួន គឺមានជម្រើសច្រើនសម្រាប់អនាគត
«១ថ្ងៃ ២៤ម៉ោង ១អាទិត្យ ៧ថ្ងៃ អត់ចាំយើងទេ បើយើងចំណាយពេល ៣ខែ ៦ខែ ១ឆ្នាំា ដើម្បីទាញយកជំនាញនៅក្នុងខ្លួនរបស់យើង យើងអាចមានជម្រើសច្រើនសម្រាប់អនាគត»។ នេះ គឺជាសារផ្តើផ្តាំ និងដាស់តឿនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាទៅកាន់យុវជន ជាពិសេស យុវជនដែលនឹងចូលរៀនក្នុងវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យយុវជនដាក់ចិត្តដាក់កាយ និងចំណាយពេលវេលាក្នុងការក្រេបជញ្ជក់យកចំណេះដឹង និងជំនាញវិជ្ជាជីវៈ បច្ចេកទេសផ្សេងៗ ដើម្បីអនាគតរបស់ពួកគេម្នាក់ៗ។

នៅក្នងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត” និង “កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ” សណ្ឋាគារ សុខា នៅព្រឹកថ្ងៃអង្គារ នេះ សម្តេច នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា យុវជន ត្រូវខិតខំប្រឹងប្រែងបន្ថែមដោយខ្លួនឯង ព្រោះថា រាជរដ្ឋាភិបាល ក៏ដូចជា អាណាព្យាបាលអ៉ីចឹង មិនអាចនៅតាមជួយពួកគេបានរហូតនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖« រាជរដ្ឋាភិបាលមិនអាចទៅជួយផ្តល់ត្រីជូនដល់បងប្អូនរហូតទេ។ រាជរដ្ឋាភិបាលគ្រាន់តែជាអាណាព្យាបាលដែលអាចជួយបណ្តុះបណ្តាលរឹងដៃរឹងជើង និងផ្តល់ឱកាសក្នុងពេលចាំបាច់ ប៉ុន្តែ រាជរដ្ឋាភិបាលដូចឪពុកម្តាយមិនអាចនៅជាមួយរហូតទេ។ អ៉ីចឹងទាមទារឱ្យយុវជនរបស់យើង ប្រជាពលរដ្ឋរបស់យើងដែលបានទទួលផលពីនេះ{ការបណ្តុះបណ្តាលជំនាញបច្ចេកទេស} ខិតខំ ដើម្បីរឹងដៃរឹងជើងដោយខ្លួនឯង ដើម្បីជួយមកវិញ ជួយខ្លួនឯងហើយ ជួយដល់អាណាព្យាបាលថែមទៀត ដើម្បីឱ្យអាណាព្យាបាលអាចជួយដល់ប្អូនៗរបស់យើងតទៅទៀត»។

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យប្រមាណ១លាន៥សែននាក់ ដើម្បីឱ្យពួកគេមានជំនាញវិជ្ជាជីវៈ និងបច្ចេកទេសច្បាស់លាស់សម្រាប់អនាគត ហើយម្យ៉ាង កម្មវិធីបណ្តុះបណ្តាលនេះ ក៏ជាផ្នែកមួយនៃការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាផងដែរ។ ស្របពេលដែលការរៀបចំបណ្តុះបណ្តាល កំពុងចាប់ផ្តើមចេញដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវយកចិត្តទុកដាក់ឱ្យមែនទែនលើការបណ្តុះបណ្តាលនេះ ដើម្បីធ្វើយ៉ាងណាឱ្យការបណ្តុះបណ្តាលពោរពេញគុណភាព និងផ្តល់ជំនាញពិតប្រាកដ និងច្បាស់លាស់ដល់យុវជនដែលបានបញ្ចប់ការបណ្តុះបណ្តាលទ្រង់ទ្រាយធំនេះ។

ជាមួយគ្នានេះ សម្ដេច ប្រមុខរាជរដ្ឋាភិបាល ក៏បានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវសហការជាមួយក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធទាំងអស់ ផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំង បុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ អំពីឱកាសបណ្ដុះបណ្ដាល និងការចុះឈ្មោះរៀននៃកម្មវិធីនេះ។ មិនតែប៉ុណ្ណោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ប្រាប់ឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបណ្ដុះបណ្ដាលដល់ស្ថាប័ន និងដៃគូពាក់ព័ន្ធ ឲ្យចេះប្រើប្រាស់កម្មវិធីចុះឈ្មោះរៀនតាមប្រព័ន្ធឌីជីថល ដើម្បីត្រៀមជួយដល់ក្រុមគោលដៅក្នុងការចុះឈ្មោះចូលរៀនកម្មវិធីបណ្ដុះបណ្ដាលនេះ៕



-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


