Connect with us

ព័ត៌មានជាតិ

សិប្បកម្មធ្វើឆ្នាំងរបស់អ្នកស្រុកកងមាស នៅតែបន្តធ្វើរហូតមកដល់សព្វថ្ងៃនេះ 

បានផុស

នៅ

សិប្បកម្មធ្វើឆ្នាំងរបស់អ្នកស្រុកកងមាស ខេត្តកំពង់ចាម នៅតែបន្តធ្វើរហូតមកដល់សព្វថ្ងៃនេះ ខណៈមុខរបរនៃសិប្បកម្មធ្វើឆ្នាំងនេះមានតាំងពី៤០ឆ្នាំមុនម្ល៉េះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ទាវ ថៃ អាយុ៦៦ឆ្នាំ ដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិដំណាក់ស្នាយ ឃុំពាមជីកង ស្រុកកងមាស  ខេត្តកំពង់ចាម គឺលោកបានប្រកបរបរធ្វើឆ្នាំងជាច្រើនឆ្នាំមកហើយ ដែលយកដែកដេរ៉ាមកច្នៃធ្វើជាឆ្នាំងដាំបាយ ខ្ទះ និងឧបករណ៍ប្រើប្រាស់ជាច្រើនមុខទៀត។ លោក ទាវ ថៃ បានប្រាប់ឱ្យដឹងថា មុខរបរមួយនេះ លោក និងគ្រួសារបានធ្វើតាំងពីបញ្ចប់សង្គ្រាមមកម្ល៉េះ ពោល គឺប្រទេសជាតិមានសុខសន្តិភាពមក គ្រួសាររបស់លោកបានចាប់ផ្តើមរបរមួយនេះដោយមានដើមទុនប្រមាណ១ម៉ឺនរៀលតែប៉ុណ្ណោះ។

លោក ទាវ ថៃ ដែលជាម្ចាស់សិប្បកម្មឆ្នាំង នៅឃុំពាមជីកងរូបនេះ បានបន្ថែមថា វត្ថុធាតុដើមដែលអាចផលិតចេញជាឆ្នាំង ជាខ្ទះ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ គឺយកដែកដេរ៉ា មកកែច្នៃ​ ដោយរំលាយឱ្យរលាយទើបបអាចចាក់ទៅតាមពុម្ភដែលក្រុមការងារបានធ្វើ ហើយដែកដេរ៉ាទាំងអស់នេះ​ គឺបានពីសំបកកំប៉ុង រនាំងផ្ទះ ដែលធ្វើអំពីដេរ៉ាយកមក ដុតឱ្យរលាយ ទើបបអាចច្នៃទៅជាសម្ភារៈ ឬឧបករណ៍ប្រើប្រាស់បាន។

សិប្បកររូបនេះ បានរៀបរាប់បន្តថា សិប្បកម្មឆ្នាំងដែលធ្វើមកដល់សព្វថ្ងៃនេះ ហើយគ្រួសារលោកមិនបោះបង់ចោលនោះ ព្រោះជាមុខរបរមួយនេះ អាចចិញ្ចឹមជីវភាពគ្រួសារបានមួយកម្រិតផង និងអាចជួយឱ្យអ្នកភូមិអ្នកស្រុកមានការងារធ្វើដោយមិនចាំបាច់ចំណាកស្រុកទៅធ្វើការនៅឆ្ងាយគ្រួសារ។

ដោយសាររបរធ្វើឆ្នាំងនេះ មានជនខិលខូចក្លែងបន្លំឈ្មោះសម្គាល់ម៉ាក់ឆ្នាំង ដែលនាំឱ្យខុសគុណភាពផងនោះ លោក  ទាវ ថៃ ក៍បានបញ្ជាក់អត្តសញ្ញាសម្គាល់ ដោយឆ្លាក់ជាប់ឆ្នាំង គឺឈ្មោះ លី ហ័រ ដែលជាឈ្មោះចៅស្រីរបស់លោក  ដើម្បីកុំឱ្យមានជនខិលខូចលួចបន្លំរូបរាង និងគុណភាពនោះ។

បច្ចុប្បន្ន សិប្បកម្មធ្វើឆ្នាំងនៅក្នុងឃុំពាមជីកង នៃស្រុកកងមាសនេះ មាននៅ៣កន្លែងធំៗដែលប្រជាពលរដ្ឋនៅដំណើរអាជីវកម្មនេះ។ នេះបើតាមការបញ្ជាក់ពីលោក ឈួន សុខណា មេឃុំពាមជីកង។ លោកមេឃុំរូបនេះ បញ្ជាក់ថា សិប្បកម្ម ដែលធ្វើឆ្នាំងទាំងនោះ​ គឺបានជួយដល់ពលរដ្ឋអ្នកភូមិឱ្យមានការងារធ្វើផង និងបានបង្ហាញពីអត្តសញ្ញាណពីអ្នកភូមិតំបន់នេះផងដែរ៕

អត្ថបទ និង រូបភាព ៖  ឡេក  ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម