Connect with us

ព័ត៌មានអន្ដរជាតិ

លោក ស៊ី ព្រមានប្រើគ្រប់មធ្យោបាយ ដើម្បីទប់ស្កាត់ការបំបែកខ្លួន តៃវ៉ាន់

បានផុស

នៅ

ក្នុងសុន្ទរកថាទៅកាន់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ក្នុងសន្និសីទប្រារព្ធខួបកំណើត១៣០របស់លោកម៉ៅ សេទុង, ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានព្រមានខ្លាំងៗថា ទីក្រុងប៉េកាំង នឹងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីទប់ស្កាត់ការបំបែកខ្លួនរបស់តៃវ៉ាន់ ហើយការបង្រួបបង្រួមកោះនេះជាមួយដីគោក គឺចៀសមិនរួចឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (រូបថត៖ BNN)

លោក ស៊ី ប្រកាសថា “យើងនឹងប្រើគ្រប់មធ្យោបាយ ដោយមិនបណ្តោយឲ្យនរណាម្នាក់ មកបំបែកតៃវ៉ាន់ ពីចិនបានឡើយ។ ការបង្រួបបង្រួមចិនទាំងមូល គឺជារឿងមិនអាចចៀសផុត ហើយវាជាប្រយោជន៍ជាតិ និងបំណងប្រាថ្នារបស់ប្រជាជនទាំងពីរ”។

ស្របពេលជាមួយគ្នានោះ លោកក៏អំពាវនាវឲ្យភាគីទាំងអស់ត្រូវខិតខំ ដើម្បីលើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនងជាមួយកោះនេះដោយសន្តិភាព និងការអភិវឌ្ឍរួមគ្នាលើគ្រប់វិស័យបន្ថែមទៀតផងដែរ”។

ទោះបីជាយ៉ាងណាក៏ដោយ លោក ស៊ី មិនលើកឡើងពាក់ព័ន្ធការបោះឆ្នោតរបស់តៃវ៉ាន់ ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងកោះនេះទេ ប៉ុន្តែកាលពីខែមុន លោក ស៊ី បានបញ្ជាក់ច្បាស់ៗទៅប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថា ប្រទេសចិន នឹងមិនអត់ឱនចំពោះចលនាផ្តាច់ខ្លួនណាមួយដោយទីក្រុងតៃប៉ិ ជាដាច់ខាត។

កងទ័ពចិន (Anadolu)

តៃវ៉ាន់គ្រោង រៀបចំការបោះឆ្នោតសភា និងប្រធានាធិបតីនៅថ្ងៃទី ១៣ខែមករា ខណៈលោក Lai Ching-te មកពីគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាច (DPP) ត្រូវបានគេមើលឃើញថា ជាបេក្ខជនឈានមុខ សង្ឃឹមទទួលបានជ័យជម្នះ។ បេក្ខជនម្នាក់នេះ អះអាងខ្លួនជាកម្មករដើម្បីឯករាជ្យភាពរបស់តៃវ៉ាន់ ហើយតែងតែចោទប្រកាន់ទីក្រុងប៉េកាំង ថា គំរាមកំហែងប្រើកម្លាំងបាយ។

សូមបញ្ជាក់ ទីក្រុងប៉េកាំង ចាត់ទុកតៃវ៉ាន់ ជាផ្នែកនៃទឹកដីអធិបតេយ្យរបស់ចិន ហើយបានព្រមានជាច្រើនលើកច្រើនសាថា ការប៉ុនប៉ងប្រកាសខ្លួនជារដ្ឋឯករាជ្យ គឺស្មើនឹងការប្រកាសសង្គ្រាម។

កងទ័ពចិន (Getty)

ស្ថិតនៅចម្ងាយប្រហែល១៨០គីឡូម៉ែត្រពីចិនដីគោក កោះនេះធ្លាប់ត្រូវបានគេស្គាល់ឈ្មោះថា Formosa។ ចិន បានប្រគល់កោះនេះទៅឲ្យជប៉ុននៅឆ្នាំ១៨៩៥ ហើយយកមកវិញបន្ទាប់ពីការចាញ់សង្គ្រាមរបស់ទីក្រុងតូក្យូក្នុងឆ្នាំ១៩៤៥។ នៅពេលក្រុមអ្នកជាតិនិយមចិន ចាញ់សង្រ្គាមស៊ីវិលក្រោមដៃពួកកុម្មុយនិស្តរបស់លោកម៉ៅ ក្នុងឆ្នាំ១៩៤៩ ពួកគេបានជម្លៀសទៅកាន់កោះនេះដោយមានជំនួយពីសហរដ្ឋអាមេរិក និងបានប្រកាសទីក្រុងតៃប៉ិ ជារដ្ឋធានីនៃសាធារណរដ្ឋចិន។

លុះមកដល់ឆ្នាំ១៩៧១ អង្គការសហប្រជាជាតិ បានទទួលស្គាល់រដ្ឋាភិបាលនៅទីក្រុងប៉េកាំងថាជារដ្ឋាភិបាលស្របច្បាប់របស់ចិន ដែលនាំឲ្យប្រទេសជាច្រើន មិនទទួលស្គាល់តៃវ៉ាន់។ មកដល់ឆ្នាំ១៩៧២ សហរដ្ឋអាមេរិក ក៏ទទួលយកជំហររបស់ទីក្រុងប៉េកាំង ដែលថាមានប្រទេសចិនតែមួយគត់ ហើយតៃវ៉ាន់គឺជាផ្នែកនៃប្រទេសចិន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក ស៊ី ជីនពីង ប្រាប់លោក បៃដិន ថា ចិន នឹងបង្រួបបង្រួមជាមួយ តៃវ៉ាន់ ឡើងវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម