Connect with us

ព័ត៌មានអន្ដរជាតិ

បើកទំព័រឆ្នាំថ្មី អ៊ុយក្រែន ត្រៀមចាយលុយទិញយន្តហោះគ្មានមនុស្សបើក ១ លានគ្រឿងយកមកទប់ រុស្ស៊ី

បានផុស

នៅ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Anadolu បានឲ្យដឹងថា ប្រទេសអ៊ុយក្រែនគ្រោងនឹងចាយលុយទិញយន្តហោះគ្មានមនុស្សបើកយ៉ាងហោចណាស់ ១ លានគ្រឿងនៅក្នុងឆ្នាំ ២០២៤ នេះដើម្បីយកមកទប់ទល់ជាមួយនឹងកម្លាំងប្រយុទ្ធរបស់រុស្ស៊ីនៅសមរភូមិជួរមុខ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Rustem Umerov រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Ukrinform ថា សរុបនៅក្នុងឆ្នាំ ២០២៤ នេះ រដ្ឋគ្រោងនឹងទិញយន្តហោះគ្មានមនុស្សបើកយ៉ាងហោចណាស់ ១ លានគ្រឿង ព្រោះវាជារឿងសំខាន់ ជាពិសេសគឺដើម្បីឲ្យយោធារបស់យើងមានគ្រឿងសឹកពេញដៃ ។

ក្រសួងការពារជាតិអ៊ុយក្រែនបានបញ្ជាទិញយន្តហោះគ្មានមនុស្សបើកប្រភេទ FPV កញ្ចប់ដំបូងរួចទៅហើយ ហើយក្រសួងក៏កំពុងធ្វើការយ៉ាងសស្រាក់សស្រាំលើការងារដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពផងដែរ ដោយសារតែយន្តហោះគ្មានមនុស្សបើកប្រភេទនេះមានតម្លៃថោក ហើយមានសមត្ថភាពប្រយុទ្ធគ្រប់គ្រាន់ ។

លោក Umerov បានបញ្ជាក់បន្ថែមទៀតថា ដើមឡើយក្រសួងមិនបានបញ្ជាទិញយន្តហោះគ្មានមនុស្សបើកប្រភេទ FPV នេះនោះទេ ដោយសារតែកង្វះសមត្ថភាពត្រួតពិនិត្យ និងពិបាកក្នុងការដាក់ពាក្យសុំទិញ ក៏ដូចជាមិនទាន់ចេះប្រើប្រាស់យានប្រភេទនេះនៅឡើយផងដែរ ។

លោករដ្ឋមន្ត្រីបានបន្ថែមថា នេះគឺជាក្បួនយុទ្ធសាស្ត្រថ្មីរបស់ក្រសួងការពារជាតិក្នុងការរៀបចំផែនការផ្គត់ផ្គង់អាវុធ ក៏ដូចជាគ្រឿងសឹកផ្សេងទៀតសម្រាប់ផ្ដល់ឲ្យយោធាដើម្បីយកទៅប្រយុទ្ធលើសមរភូមិ ហើយអ៊ុយក្រែនគួរតែទិញអ្វីដែលយោធាត្រូវការ ប៉ុន្តែទោះជាយ៉ាងណា ទ័ពរបស់យើងក៏ត្រូវចេះកាន់ប្រើ ឬចេះបញ្ជាអាវុធប្រភេទនេះឲ្យមានប្រសិទ្ធភាព និងចំគោលដៅផងដែរ ។

គួរបញ្ជាក់ថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលដល់ឆ្នាំទី ២ ហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលមូស្គូលើកទ័ពចូលទីក្រុងកៀវក្នុងខែកុម្ភៈ ឆ្នាំ២០២២ ខណៈរហូតមកដល់ពេលនេះលោកប្រធានាធិបតី Volodymr Zelensky កំពុងដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ចុចអាន ៖ មុនចូលឆ្នាំថ្មី អ៊ុយក្រែន បើកការវាយប្រហារតាមអាកាសលើភាគខាងលិច រុស្ស៊ី សម្លាប់មនុស្ស ២១ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម