ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដារ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស ដែលតបតាមការអញ្ជើញរបស់លោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤នេះ បានឲ្យដឹងថា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមមាន៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ច នៃសភាពាណិជ្ជកម្មកម្ពុជា។
បើតាមក្រសួងការបរទេសកម្ពុជា កិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោកនេះ នឹងត្រូវធ្វើឡើងក្រោមមូលបទ “ការកសាងឡើងវិញនូវទំនុកចិត្ត” ដោយផ្តោតលើគោលការណ៍ជាមូលដ្ឋានដែលជំរុញឲ្យមានទំនុកចិត្ត រួមទាំងតម្លាភាព សង្គតិភាព និងគណនេយ្យភាព។ ថ្នាក់ដឹកនាំពិភពលោក និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗ ព្រមទាំងប្រធានអង្គការអន្តរជាតិសំខាន់ៗ ថ្នាក់ដឹកនាំសង្គមស៊ីវិល តំណាងយុវជន សហគ្រិនសង្គម និងអង្គភាពសារព័ត៌មាននានា នឹងចូលរួមក្នុងកិច្ចប្រជុំនេះ។
នៅក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមថ្លែងបទអន្តរាគមន៍ នៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ក្រៅផ្លូវការ ជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ដោយផ្តោតលើប្រធានបទ “ការស្តារទំនុកចិត្ត លើប្រព័ន្ធសកលលោកឡើងវិញ” សំដៅស្វែងរកវិធីសាស្រ្តឈ្នះ-ឈ្នះ ដើម្បីដោះស្រាយនូវបញ្ហាប្រឈម ដែលជាក្ដីបារម្ភសកលលោកនាពេលបច្ចុប្បន្ន និងលើកកម្ពស់ការចូលរួម និងកិច្ចសន្ទនាដោយសន្តិវិធី ដែលជាមាគ៌ាដ៏ល្អប្រសើរក្នុងការកសាងទំនុកចិត្តទៅវិញទៅមក ដែលចាំបាច់សម្រាប់កិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព។
នៅក្នុងឱកាសចូលរួមវេទិកាខាងលើដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមានជំនួបជាមួយលោក Mathias Cormann អគ្គលេខាធិការ នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ព្រមទាំងធុរជន នៃក្រុមហ៊ុនឈានមុខមួយចំនួន ដើម្បីទាក់ទាញការវិនិយោគមកកម្ពុជា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


