ព័ត៌មានជាតិ
រដ្ឋសភា និងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្ស នៅកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោកស្រី Rouieda El Hage តំណាងប្រចាំប្រទេស នៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (UN-OHCHR) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤។

នាឱកាសនោះ លោកស្រី Rouieda El Hage បានថ្លែងអំណរគុណចំពោះ សម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយ លោកស្រី និងសហការី។ លោកស្រី បានអបអរសាទរ សម្តេចប្រធានរដ្ឋសភា ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា នីតិកាលទី ៧ ហើយបានបញ្ជាក់ថា ការទទួលបានតួនាទីដ៏ឧត្តុង្គឧត្តមរបស់ សម្តេចប្រធានរដ្ឋសភា នេះ ជាជោគជ័យមួយ នៃការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជាផងដែរ។

លោកស្រី Rouieda El Hage បានរាយការណ៍ជូន សម្តេចប្រធានរដ្ឋសភាអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាង UNHCHR ជាមួយស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី ជាពិសេសគណៈកម្មការសិទ្ធិមនុស្សកម្ពុជា ជាដើម។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបង្ហាញនូវក្តីសោមនស្សរីករាយ ដែលបានទទួលជួប លោកស្រី Rouieda El Hage និង សហការី ដោយផ្ទាល់នាពេលនេះ។ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណចំពោះ UNHCHR ដែលបានរួមចំណែកក្នុងបេសកកម្មលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៣ មក។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា មានឆន្ទៈយ៉ាងមោះមុតក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ដែលជាសិទ្ធិសកលរបស់ពលរដ្ឋ។ សម្តេច បានសង្កត់ធ្ងន់ថា សិទ្ធិមនុស្ស ជាមូលដ្ឋានគ្រឹះ នៃការកសាងប្រទេស។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា កម្ពុជា បានបញ្ចូលគោលការណ៍សិទ្ធិមនុស្សទៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ដោយរួមបញ្ចូលនូវសិទ្ធិសំខាន់នានាដូចជា សមភាពចំពោះមុខច្បាប់ សិទ្ធិរស់រានមានជីវិត សិទ្ធិសេរីភាពខាងសាសនា និងជំនឿ សមភាពយេនឌ័រ និងសិទ្ធិក្នុងការចូលរួមយ៉ាងសកម្មក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ជាដើម។

រដ្ឋសភាកម្ពុជា បានអនុម័តច្បាប់ និងផ្តល់សច្ចាប័នលើសន្ធិសញ្ញាអន្តរជាតិនានាដែលលើកស្ទួយដល់សិទ្ធិមនុស្សធំៗ បានចំនួន ៨។ រដ្ឋសភាកម្ពុជា មានគណៈកម្មការទទួលបន្ទុកវិស័យសិទ្ធិមនុស្ស ដែលធ្វើការជិតស្និទ្ធជាមួយពលរដ្ឋ ដែលនៅសភាបណ្តាប្រទេសជាច្រើនលើសកលលោក ពុំមានគណៈកម្មការទទួលបន្ទុកសិទ្ធិមនុស្សឡើយ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា កំពុងស្ថិតនៅលើដំណាក់កាល នៃការផ្លាស់ប្ដូរជាប្រវត្តិសាស្ត្រតាមរយៈសំឡេងឆ្នោតរបស់ពលរដ្ឋ។ ការបោះឆ្នោតដោយសន្តិវិធី គ្មានអំពើហិង្សា កាលពីខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ ដែលមាន ១៨ គណបក្សនយោបាយបានចូលរួមប្រកួតប្រជែង ហើយពលរដ្ឋជាង ៨៤% បានចេញទៅបោះឆ្នោតជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់។ ជាលទ្ធផល គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ ១២០ នៅក្នុងរដ្ឋសភា រីឯគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន ៥ អាសនៈ។ រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈ និងប្ដេជ្ញាចិត្តខ្ពស់ក្នុងការកែទម្រង់ជាបន្តបន្ទាប់ ហើយក្នុងអាណត្តិទី ៧ នេះ បានចាត់ទុកមូលដ្ឋានគ្រឹះ នៃយុទ្ធសាស្ត្របញ្ចកោណ ៖ គឺអភិបាលកិច្ចល្អ។
ក្នុងនាមរដ្ឋសភា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា រដ្ឋសភា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រកាន់ខ្ជាប់នូវការលើកកម្ពស់ និងការការពារគោលការណ៍សិទ្ធិមនុស្សដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា សេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស សន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធដទៃទៀត ដែលកម្ពុជាជាប្រទេសហត្ថលេខី និងត្រៀមសហការជានិច្ចជាមួយការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សនៅកម្ពុជា។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកស្រី Rouieda El Hage បានសន្យាថា នឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការតាមរយៈការចែករំលែក ផ្លាស់ប្ដូរបទពិសោធន៍ជាមួយគ្នាឱ្យបានច្រើនបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់បញ្ហាសិទ្ធិមនុស្ស ដែលជាបញ្ហាសកល ក្រោមពាក្យស្លោកថា «ប្រសិនបើអ្នកចង់ទៅលឿន អ្នកទៅតែម្នាក់ឯង តែបើអ្នកចង់ទៅឱ្យបានឆ្ងាយ អ្នកត្រូវទៅជាមួយគ្នា»៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ