Connect with us

ព័ត៌មានអន្ដរជាតិ

ខែ១ ដើមឆ្នាំ២០២៤ ថៃ ជួបគ្រោះផ្ទួនៗ

បានផុស

នៅ

សម្រាប់ពិភពលោកទាំងមូល ចាប់តាំងពីបើកទំព័រឆ្នាំ២០២៤មក ហាក់ដូចជាមិនសមប្រកបសោះ ពោលគឺមានរឿងហេតុកើតឡើងជាហូរហែ។ ជាក់ស្តែង ជប៉ុន ជាប្រទេសរងទុក្ខមុនគេ ព្រោះថា គ្រាន់តែចូលថ្ងៃ១មករាភ្លាម ស្រាប់តែកើតគ្រោះរញ្ជួយដីដ៏សាហាវ ឆក់យកជីវិតមនុស្សជាង២០០នាក់ ក្រោយមកក៏មានហេតុការណ៍យន្តហោះបុកគ្នានៅអាកាសយានដ្ឋានទីក្រុងតូក្យូទៀត។ យ៉ាងណា មិនមែនតែជប៉ុនទេ ថៃ ដែលជាប្រទេសនៅភូមិផងរបងជាមួយកម្ពុជា ក៏ជួបរឿងអាក្រក់ផ្ទួនៗដែរ។

ថ្ងៃនេះកម្ពុជាថ្មី សូមលើកយករឿងចំនួន៣ ដែលប្រទេសថៃ ជួបប្រទះនៅខែមករា ដើមឆ្នាំ២០២៤៖

១. យន្តហោះបុកដើមឈើ

(រូបថត៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃសៅរ៍ទី១២ខែមករា យន្តហោះធុនតូចមួយគ្រឿងដឹកជនបរទេស២នាក់ បានហោះបុកដើមឈើ រួចក៏ធ្លាក់ចូលវាលស្រែក្បែរប្រាសាទ Huai Yai ក្នុងខេត្ត Chonburi។

ពីឡុតឈ្មោះStefan Molnar សញ្ជាតិអូស្រ្តាលី វ័យ៥០ឆ្នាំបានបាត់បង់ជីវិត ខណៈអ្នកដំណើរជាជនជាតិអាល្លឺម៉ង់ឈ្មោះ Christian Leonardo Schuf វ័យ៥១ឆ្នាំ រងរបួសធ្ងន់។

២. ផ្ទុះរោងចក្រកាំជ្រួច

(រូបថត៖ The Nation)

ហេតុការណ៍ផ្ទុះរោងចក្រកាំជ្រួចនៅខេត្ត Suphanburi ប្រទេសថៃ កាលពីរសៀលថ្ងៃពុធទី១៧ខែមករា បានសម្លាប់មនុស្សចំនួន២៣នាក់។

តាមសម្តីអ្នកភូមិ, ក្នុងចំណោមអ្នកស្លាប់ទាំង ២៣នាក់នោះ ក៏មានប្រពន្ធ និងកូនម្នាក់ របស់ថៅកែរោងចក្រផងដែរ។ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុពិតនៃការផ្ទុះ មិនទាន់មាននរណាដឹងនៅឡើយទេ។

៣. ខ្យល់ពុល

(រូបថត៖ Smartairfilters)

ខ្យល់ពុលនៅប្រទេសថៃ បានឈានដល់កម្រិតគ្រោះថ្នាក់ ដោយកំហាប់ភាគល្អិត PM2.5 ក្នុងទីក្រុងបាងកកកាលពីសប្តាហ៍មុន គឺមានចន្លោះពី៣១.១ ដល់ ៥៨.៣មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ ខណៈរដ្ឋាភិបាលកំណត់ថា កម្រិតសុវត្ថិភាពគឺអាចត្រឹម ៣៧.៥មីក្រូក្រាម ក្នុងមួយម៉ែត្រគូបនៃខ្យល់។

ពេលនោះ Samut Songkhram គឺជាកន្លែងជួបការបំពុលកម្រិតធ្ងន់ពណ៌ក្រហម គឺ ១០៨មីក្រូក្រាម ក្នុងមួយម៉ែត្រគូប បន្ទាប់មក Samut Sakhon មាន១០១.២មីក្រូក្រាម ក្នុងមួយម៉ែត្រគូប, Ratchaburi មាន៨៧.២មីក្រូក្រាម ក្នុងមួយម៉ែត្រគូប និង Phetchaburi មាន៧៧.៦មីក្រូក្រាម ក្នុងមួយម៉ែត្រគូប។

លើសពីនេះ ខេត្តចំនួន២២ទៀត ក៏បានរាយការណ៍អំពីខ្យល់ពុលកម្រិតមិនមានសុវត្ថិភាព ពណ៌ទឹកក្រូចផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទីក្រុងបាងកក អនុញ្ញាតឲ្យបុគ្គលិក ៥០០០០នាក់ធ្វើការពីផ្ទះ បើខ្យល់ពុល មិនធូរស្រាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម