ចរាចរណ៍
អគ្គស្នងការនគរបាលជាតិ ណែនាំឲ្យនគរបាលទូទាំងប្រទេស ត្រូវបន្ដយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ពិសេសត្រួតពិនិត្យជាតិអាល់កុល
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរជាតិ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានណែនាំដល់កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស ត្រូវបន្ដយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរយានយន្ដគ្រប់ប្រភេទ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ការណែនាំនេះបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបដកពិសោធន៍រឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដោយមានការចូលរួមពីប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្នងការនគរបាលរាជធានី-ខេត្ត ស្នងការរងទទួលផែន នាយការិយាល័យរាជធានី-ខេត្ត និងអធិការខណ្ឌទាំង១៤ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា ឆ្លងកាត់យុទ្ធនាការប៉ុន្មានថ្ងៃនេះនៅរាជធានីភ្នំពេញ អត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ បើធៀបនឹងរយៈពេលមុខនៃយុទ្ធនាការត្រួតពិនិត្យរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរ។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានថ្លែងយ៉ាងដូច្នេះថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយសារមានការចង្អុលបង្ហាញ ការដាក់បទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ខ្ញុំបានចាត់ចែងបញ្ជាផ្ទាល់ទៅឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដើម្បីបើកយុទ្ធនាការមួយធ្វើការត្រួតពិនិត្យគ្រឿងស្រវឹង។ ជាលទ្ធផល នៅរាជធានីភ្នំពេញ មានការថយចុះចំនួនគ្រោះថ្នាក់ មានន័យថាយើងដើរតាមផ្លូវមួយដែលត្រឹមត្រូវ»។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បន្តថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរ គឺដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ឬឈានទៅលុបបំបាត់នូវភាពអាណាធិបតេយ្យ ការមិនគោរពច្បាប់ចរាចរណ៍។ ឯកឧត្តម នាយឧត្តមសេនីយ៍ បន្ថែមទៀតថា នៅពេលខាងមុខ រាជធានី-ខេត្តណាដែលនៅតែបន្ដកើនឡើងនូវគ្រោះថ្នាក់ចរាចរណ៍ទៀត នឹងត្រូវកោះប្រជុំដាច់ដោយឡែកដើម្បីដកពិសោធន៍បន្ដទៀត។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំដល់មន្ដ្រីនគរបាលទាំងអស់ នៅពេលអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ ត្រូវប្រើប្រាស់អាកប្បកិរិយា ពាក្យសម្ដីឲ្យនាមសមរម្យ ហើយត្រូវលុបបំបាត់នូវបាតុភាពអសកម្មផ្សេងៗ ជៀសវាងនូវការតិះទៀនពីសំណាក់ប្រជាពលរដ្ឋ។ ប៉ុន្ដែកម្លាំងសមត្ថកិច្ចត្រូវអនុវត្តការងារនេះឲ្យបានម៉ឺងម៉ាត់ និងគ្មានការលើកលែងដោយឡើយ ចំពោះបុគ្គលទាំងឡាយដែលរារាំងដល់សមត្ថកិច្ច៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


