Connect with us

ព័ត៌មានអន្ដរជាតិ

សេដ្ឋកិច្ច ថៃ អាចហក់ឡើងដល់ ៣.៣ ភាគរយនៅឆ្នាំនេះ

បានផុស

នៅ

ក្រុមអ្នកធុរកិច្ចឈានមុខគេមួយរបស់ថៃបាននិយាយកាលពីថ្ងៃពុធថា សេដ្ឋកិច្ចរបស់ប្រទេសថៃរំពឹងនឹងកើនឡើង ២.៨ ភាគរយទៅ ៣.៣​ ភាគរយនៅឆ្នាំ ២០២៤ នេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA កាលពីថ្ងៃទី​៦ ខែមីនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារបាននិយាយថា ការនាំចេញដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចថៃត្រូវបានគេព្យាករណ៍នឹងកើនឡើងពី ២ ទៅ ៣ ភាគរយនៅឆ្នាំនេះ ខណៈសេដ្ឋកិច្ចប្រទេសនេះបានកើនឡើង ១.៩ ភាគរយកាលពីឆ្នាំមុន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Kriengkrai Thiennukul ប្រធានសហព័ន្ធឧស្សាហកម្មថៃបានប្រាប់អ្នកយកព័ត៌មានថា កំណើននេះនឹងមានភាពប្រសើរឡើងនៅក្នុងឆមាសទីពីរនៃឆ្នាំ ២០២៤ ដោយសារតែការកើនឡើងនៃភ្ញៀវទេសចរ ។

ក្រុមនេះរំពឹងថា នឹងមានភ្ញៀវបរទេសពី ៣៤ លានទៅ ៣៥ លាននាក់នៅឆ្នាំនេះ ខណៈវិស័យទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់មួយទៀតនៃប្រទេសដែលមានសេដ្ឋកិច្ចធំទី ២ របស់អាស៊ីអាគ្នេយ៍ ។ មុនរោគរាតត្បាតកូវីដ ១៩ ប្រទេសនេះបានមានភ្ញៀវទេសចរជិត ៤០ លាននាក់ និងបានចាយវាយប្រាក់ ១.៩១ ពាន់ពាន់លានបាត ស្មើនឹង ៥៣.៤១ ពាន់លានដុល្លារ ។

គួរបញ្ជាក់ថា ក្នុង​ឆ្នាំ ២០២៣ ប្រទេស​ថៃ​មានភ្ញៀវទេសចរណ៍បរទេស​ចំនួន ២៨ លាន​នាក់ ដោយ​កើបបាន​ប្រាក់​ចំណូល​ពី​ទេសចរណ៍​ចំនួន ១.២ ពាន់​ពាន់​លាន​បាត ស្មើនឹង ៣៣.៧១ ពាន់​លាន​ដុល្លារ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម