Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការថៃ ដាក់ពន្ធនាគារបុរសកែភេទ ២៥ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ

បានផុស

នៅ

តុលាការព្រហ្មទណ្ឌក្រុងបាងកកភាគខាងត្បូង បានប្រកាសសាលក្រម ដាក់ពន្ធនាគារបុរសកែភេទជាស្រ្តីអាយុ២៦ឆ្នាំម្នាក់ឈ្មោះ Maggie រយៈពេល២៥ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ និងឧក្រិដ្ឋកម្មកុំព្យូទ័រពាក់ព័ន្ធ។ នេះបើយោងតាមក្រុមមេធាវីថៃដើម្បីសិទ្ធិមនុស្ស (TLHR) ប្រាប់ទៅ Bangkok Post នៅថ្ងៃព្រហស្បតិ៍ទី១៤ខែមីនា។

(រូបថត៖ East Asia Forum)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេធាវីនិយាយថា ការកាត់ទោសនេះគឺកើតចេញពីសារចំនួន១៨ ដែលសរសេរពាក់ព័ន្ធស្ថាប័នរាជវង្ស បង្ហោះនៅលើបណ្តាញសង្គម Twitter (បច្ចុប្បន្នជា X) ចន្លោះខែធ្នូឆ្នាំ២០២២ដល់ខែតុលាឆ្នាំ២០២៣។ ក្នុងនោះមានសារចំនួន១៤ បានបំពានច្បាប់ប្រមាថព្រះមហាក្សត្រ មាត្រា ១១២នៃក្រមព្រហ្មទណ្ឌ ក៏ដូចជាច្បាប់ស្តីពីឧក្រិដ្ឋកម្មកុំព្យូទ័រ ចំណែកសារ៤​ផ្សេង​ទៀត គឺ​រំលោភ​តែ​ច្បាប់​ឧក្រិដ្ឋកម្ម​កុំព្យូទ័រប៉ុណ្ណោះ។

Maggie ត្រូវបានឃុំឃាំងនៅពន្ធនាគារក្រុងបាងកក ចាប់តាំងពីត្រូវប៉ូលិសចាប់ខ្លួន កាលពីថ្ងៃទី២០ខែតុលាឆ្នាំមុនមកម្ល៉េះ ហើយមេធាវីនិយាយថា ទូរស័ព្ទដៃរបស់ Maggie ត្រូវរឹបអូសយកទៅបាត់ ដូច្នេះគាត់មិនអាចទាក់ទងនរណាម្នាក់បានឡើយ ហើយដំបូង ត្រូវគេសាកសួរទាំងគ្មានវត្តមានមេធាវីទៀតផង។

(រូបថត៖ AFP)

កើតក្នុងគ្រួសារត្រកូលកសិករនៅខេត្ត Yasothon, Maggie រៀនបានត្រឹមថ្នាក់ទី៩ ហើយក្រោយមក បានត្រាច់ចរទៅរស់នៅទីក្រុងបាងកក ដោយទទួលបានការងារធ្វើនៅក្នុងភោជនីយដ្ឋានមួយ ប៉ុន្តែអំឡុងពេលប្រទេសត្រូវវាយលុកដោយជំងឺរាតត្បាតកូវីដ១៩ Maggie ក៏មានចំណាប់អារម្មណ៍លើរឿងនយោបាយវិញ ដោយបានចូលរួមការជួបជុំជាច្រើនលើកច្រើនសា។

យោងតាមទិន្នន័យពី TLHR គិតត្រឹមថ្ងៃទី២៩ខែកុម្ភៈឆ្នាំនេះ, មនុស្សចំនួន១ ៩៥១នាក់ ត្រូវបានកាត់ទោសពីបទចូលរួមនយោបាយ និងការបញ្ចេញមតិចាប់តាំងពីផ្ទុះការតវ៉ា Free Youth ក្នុងខែកក្កដាឆ្នាំ២០២០មក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ ចេញច្បាប់តឹងអំឡុងបុណ្យសង្ក្រាន្ត អ្នកលក់ស្រាឲ្យមនុស្សអាយុក្រោម២០ឆ្នាំផឹក ក៏អាចមានទោស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម