ព័ត៌មានជាតិ
ក្រសួងការងារ ប្រកាសឱ្យពលរដ្ឋខ្មែរធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុនផ្នែកការងារភោជនីយដ្ឋាន ដើម្បីទៅធ្វើការនៅជប៉ុន
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសឱ្យពលរដ្ឋខ្មែរទៅធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុនផ្នែកការងារនៅភោជនីយដ្ឋាន ដើម្បីបានទៅធ្វើការនៅប្រទេសជប៉ុន ទទួលបានប្រាក់ខែខ្ពស់ ជួយលើកស្ទួយជីវភាពគ្រួសារកាន់តែប្រសើរ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងនៅក្នុងសេចក្ដីជូនដំណឹងមួយដែលទើបចេញផ្សាយនៅថ្ងៃទី ២៤ មេសា នេះថា យោងតាមការជូនដំណឹងពីក្រសួងយុត្តិធម៌ នៃប្រទេសជប៉ុន ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ និងសាធារណជនដែលមានបំណងទៅធ្វើការនៅប្រទេសជប៉ុន ក្នុងគម្រោងពលករជំនាញ ឱ្យបានជ្រាបថា អង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និង តេស្តភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុនផ្នែកការងារនៅភោជនីយដ្ឋាន តាមរយៈ ប្រព័ន្ធកុំព្យូទ័រ (CBT) ក្នុងគម្រោងពលករជំនាញ។
លោករដ្ឋមន្ត្រី បានបន្តថា ចំពោះកាលបរិច្ឆេទធ្វើតេស្តធ្វើឡើងនៅថ្ងៃទី ១១ និង ១២ ខែឧសភា ឆ្នាំ ២០២៤ ថ្ងៃទី ២១ និង ២២ ខែឧសភា ឆ្នាំ ២០២៤ ថ្ងៃទី ២៨-៣០ ខែឧសភា ឆ្នាំ ២០២៤ ថ្ងៃទី ៦,៧ និង ១០ ខែមិថុនា ឆ្នាំ ២០២៤ ថ្ងៃទី ១៥ និង ១៦ ខែមិថុនា ឆ្នាំ ២០២៤ នៅវិទ្យាស្ថានអភិវឌ្ឍន៍វិស័យ អប់រំ (EDI) ដែលមានអាសយដ្ឋាន ៖ ផ្ទះលេខ ៩A ផ្លូវលេខ ៣៧០ សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលការចុះឈ្មោះធ្វើតេស្តមានតម្លៃ ៣៣ ដុល្លារ បង់ជូនទៅអង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន។ យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា កាលបរិច្ឆេទ នៃការធ្វើតេស្តខាងលើនេះ អាចនឹងផ្លាស់ប្ដូរ អាស្រ័យទៅតាមស្ថានភាពជាក់ស្ដែង។

លោករដ្ឋមន្ត្រី បានបន្តទៀតថា លក្ខខណ្ឌចុះឈ្មោះធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន គឺ ចាប់ពីអាយុ ១៧ ឆ្នាំ ឡើងទៅ ដោយមិនគិតពីកម្រិតវប្បធម៌ឡើយ ហើយចំនួនបេក្ខជនដែលអាចទទួលដើម្បីស្នើសុំធ្វើតេស្តគឺចំនួន ១០០ នាក់ ក្នុងមួយខែ។ ចំណែកប្រធានបទ ឬ វិញ្ញាសាសម្រាប់ការធ្វើតេស្តផ្នែកការងារនៅភោជនីយដ្ឋាន រួមមាន អនាម័យចំណីអាហារ ការរៀបចំអាហារ និងការផ្តល់សេវាកម្មសម្រាប់អតិថិជន។
លោករដ្ឋមន្ត្រី បានបន្ថែមថា ឯកសារចាំបាច់ដែលត្រូវយកមកជាមួយនៅថ្ងៃធ្វើតេស្តរួមមាន ៖អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬ ប័ណ្ណបើកបរ។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២៣ កម្ពុជា បានផ្តល់ឱកាសការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋចំនួន ១ ៣៥៦ ៦១៦ នាក់ ស្រីចំនួន ៥៥២ ៨៥១ នាក់ ក្នុងនោះនៅប្រទេសជប៉ុន មានពលករចំនួន ២០ ០៥៦ នាក់ ស្រី ៩ ១៥៥ នាក់ ភាគច្រើនជាកម្មសិក្សាការីទទួលបានប្រាក់ខែ ១ ៤០០ ដុល្លារ ក្នុង ១ ខែ ដោយពួកគេទៅធ្វើការលើផ្នែកវេចខ្ចប់ សំណង់ ចំណីអាហារ សេវាកម្ម សណ្ឋាគារ ភោជនីយដ្ឋាន កសិកម្មដាំដុះ និងចិញ្ចឹមសត្វ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


