ព័ត៌មានជាតិ
សម្ដេចតេជោ ប្រាប់ប្រធានសភាអ៊ុយក្រែន ពីការគាំទ្ររបស់កម្ពុជាលើការស្តារសន្តិភាពឡើងវិញនៅអ៊ុយក្រែន
សម្ដេចតេជោ ហ៊ុន សែន ប្រាប់ប្រធានសភាអ៊ុយក្រែន អំពីការគាំទ្ររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងនានានៅក្នុងគោលដៅស្ដារសន្តិភាពឡើងវិញនៅអ៊ុយក្រែន។ ការបញ្ជាក់ពីសំណាក់សម្ដេចតេជោបែបនេះ តាមរយៈសារលិខិតមួយច្បាប់ផ្ញើជូនលោក Ruslan STEFANCHUK ប្រធានសភាអ៊ុយក្រែន។

តាមរយៈសារលិខិតចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានរៀបរាប់ប្រាប់ប្រធានសភាអ៊ុយក្រែនពីតម្លៃដ៏មានសារសំខាន់នៃសុខសន្តិភាពនៅក្នុងប្រទេស ក៏ដូចជាការបញ្ជាក់ពីតួនាទីនៃកិច្ចសន្ទនាក្នុងការដោះស្រាយជម្លោះផងដែរ។ សម្ដេចតេជោ បានលើកឡើងដូច្នេះថា៖ «ក្នុងនាមជាប្រទេសឆ្លងផុតពីជម្លោះ កម្ពុជាផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះសន្តិភាព ស្ថិរភាព និងការជំរុញការសន្ទនាដើម្បីដោះស្រាយជម្លោះ និងការខ្វែងគំនិត»។
តាមខ្លឹមសារនៃលិខិតដដែលនេះ សម្ដេចតេជោ ក៏បានបញ្ជាក់ពីការចូលរួមរបស់កម្ពុជា ក្នុងការគោរពច្បាប់អន្តរជាតិ រួមទាំងគោលការណ៍នានាដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ ក្នុងន័យនេះ សម្ដេចតេជោ បានបញ្ជាក់ជូនលោកប្រធានសភាអ៊ុយក្រែន ដូច្នេះថា៖ «កម្ពុជា នៅតែប្តេជ្ញាចិត្តគាំទ្រកិច្ចប្រឹងប្រែងនានាក្នុងគោលដៅស្តារសន្តិភាពនៅអ៊ុយក្រែន»។

ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី សម្ដេចតេជោ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអះអាងពីការរង់ចាំធ្វើការជាមួយលោកប្រធានសភាអ៊ុយក្រែន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេសទាំងពីរ កម្ពុជា និងអ៊ុយក្រែន។
គួរជម្រាបថា លិខិតរបស់សម្ដេចតេជោ ផ្ញើជូនលោកប្រធានសភាអ៊ុយក្រែនពេលនេះ គឺតបនឹងសារលិខិតរបស់លោកប្រធានសភាអ៊ុយក្រែន កាលពីថ្ងៃ១០ ខែមេសា ឆ្នាំ២០២៤ ក្នុងការចូលរួមអបអរសាទរចំពោះសម្តេចតេជោ ដែលត្រូវបានបោះឆ្នោតជ្រើសរើសឱ្យកាន់តំណែងជាប្រធានព្រឹទ្ធសភានៃកម្ពុជា។ លោក Ruslan STEFANCHUK ប្រធាន សភាអ៊ុយក្រែន បានបង្ហាញនូវទំនុកចិត្តថា ក្នុងអំឡុងពេលកាន់តំណែងរបស់សម្តេច ទំនាក់ទំនងអន្តរសភាអ៊ុយក្រែន- កម្ពុជា នឹងបន្តអភិវឌ្ឍទាំងក្នុងកម្រិតទ្វេភាគី និងក្នុងក្របខ័ណ្ឌនៃអន្តរសភាអាស៊ាន សហភាពអន្តរសភា និងវេទិកាអន្តរជាតិផ្សេងៗទៀត។

លោកប្រធានសភាអ៊ុយក្រែន ក៏បានសម្ដែងនូវការចងចាំដោយអំណរគុណចំពោះគោលជំហរដោយផ្អែកលើគោលការណ៍របស់សម្តេចតេជោ ស្តីពីការថ្កោលទោសចំពោះការឈ្លានពានរបស់ប្រទេសរុស្ស៊ីមកលើប្រទេសអ៊ុយក្រែន ហើយលោក រំពឹងពីការគាំទ្របន្ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងរបស់អន្តរជាតិ ដើម្បីស្តារឡើងវិញនូវសន្តិភាព ប្រកបដោយយុត្តិធម៌នៅប្រទេសអ៊ុយក្រែន និងធានាស្ថិរភាពនៅលើពិភពលោកផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?