ព័ត៌មានជាតិ
លោកបណ្ឌិត លី ធុជ ចូលរួមវេទិកាតុមូលសកលភាវូបនីយកម្មអនុសញ្ញា ដើម្បីពិភាក្សាលទ្ធភាពនៃការចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា
ហ្សឺណែវ, ស្វីស ៖ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានចូលរួមវេទិកាតុមូលសកលភាវូបនីយកម្មអនុសញ្ញា (Universalization Roundtable) ដែលប្រពឹត្តិទៅនៅនិវេសនដ្ឋានឯកអគ្គរាជទូតបែលហ្សិកប្រចាំទីក្រុងហ្សឺណែវ ដើម្បីធ្វើការពិភាក្សាអំពីលទ្ធភាពនៃការចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។

កិច្ចប្រជុំនេះ មានការចូលរួមពី លោក Marc PECSTEEN de BUYTSWERVE ឯកអគ្គរាជទូត និងតំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍ប្រទេសបែលហ្សិកប្រចាំទីក្រុងហ្សឺណែវ, លោក Latsamy KEOMANY ឯកអគ្គរដ្ឋទូតឡាវ, ឯកឧត្តម Ram Prasad SUBEDI ឯកអគ្គរដ្ឋទូតនេប៉ាល់, លោក Thomas GÖBEL ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់, លោក Davaasuren GERELMAA ឯកអគ្គរដ្ឋទូតម៉ុងហ្គោលី, ឯកឧត្តម MAI Phan Dung ឯកអគ្គរដ្ឋទូតវៀតណាម និងលោកស្រី Venephet PHILATHONG នាយកស្តីទីទទួលបន្ទុកផ្នែកកិច្ចការសន្តិសុខនយោយបាយអង្គការសហប្រជាជាតិ នៃក្រសួងការបរទេសប្រទេសឡាវ។

កិច្ចពិភាក្សា បានផ្តោតលើវឌ្ឍនភាពនៃការធ្វើសកលភាវូបនីយកម្មអនុសញ្ញា ដែលជាកិច្ចការអាទិភាពទី១ របស់កម្ពុជា ក្នុងភាពជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែង ការពង្រឹង និងអំពាវនាវឱ្យមានវិធីសាស្ត្រសម្របសម្រួល តាមរយៈក្រុមការងារសម្របសម្រួលសកលភាវូបនីយកម្ម នៃអនុសញ្ញាអូតាវ៉ា។

ក្នុងភាពជាប្រធាន លោកបណ្ឌិត លី ធុជ បានលើកឡើងថា កម្ពុជា បានបង្កើតបញ្ជីនៃរដ្ឋគោលដៅដែលមិនមែនជាភាគីដែលបានបង្ហាញចំណាប់អារម្មណ៍លើការងារនៃអនុសញ្ញានេះ ហើយមានបំណងចូលរួមក្នុងកិច្ចសន្ទនាសហប្រតិបត្តិការ និងស្វែងរកវិធានការចាំបាច់ដើម្បីក្លាយជារដ្ឋភាគី។ ជាមួយគ្នានោះ លោក លី ធុជ បានជួបពិភាក្សាដោយផ្ទាល់ជាមួយតំណាងប្រទេសឡាវ វៀតណាម កោះម៉ាស្យាល តុងហ្គា មីក្រូនេស៊ី និងម៉ុងហ្គោលី ព្រមទាំងបានផ្ញើនូវលិខិតផ្លូវការទៅកាន់បណ្តារដ្ឋទាំងអស់ដែលមិនមែនជារដ្ឋភាគី ដើម្បីផ្តល់ព័ត៌មានថ្មីៗអំពីស្ថានភាពក្នុងការតម្រឹមឱ្យកាន់តែជិតទៅនឹងអនុសញ្ញា។

ក្នុងឱកាសនោះ លោកបណ្ឌិត លី ធុជ បានថ្លែងអំណរគុណជូនចំពោះ លោក Marc PECSTEEN de BUYTSWERVE ឯកអគ្គរាជទូត និងតំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍ប្រទេសបែលហ្សិកប្រចាំទីក្រុងហ្សឺណែវ ដែលបានរៀបចំនូវកិច្ចជំនួបតុមូលនេះ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយឯកអគ្គរដ្ឋទូតអាស៊ានមកពីប្រទេសវៀតណាម ឡាវ និងសិង្ហបុរី ផងដែរ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


