ព័ត៌មានជាតិ
ដើមឈើមានតម្លៃច្រើនប្រភេទ កំពុងដាំតាមផ្លូវ Expressway ពីព្រលានយន្តហោះអន្តរជាតិតេជោ
ដើមរាំងភ្នំ ធ្នង់ បេង ដែលជាដើមឈើដ៏មានតម្លៃកំពុងត្រូវបានដាំលម្អតាមបណ្តោយផ្លូវ ៦០ ម៉ែត្រ (ផ្លូវ Express Way) ពីព្រលានយន្តហោះអន្តរជាតិតេជោ ភ្ជាប់មកមហាវិថីសម្តេចតេជោ (ផ្លូវ ៦០ ម៉ែត្រ) ក្នុងតំបន់អភិវឌ្ឍទីក្រុងរណប ING។

លោក ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន Cambodia Airport Investment (CAIC) និងជាអភិបាលក្រុមហ៊ុនកាណាឌីយ៉ាគ្រុបបានឲ្យដឹងថា នៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រ (ផ្លូវ Expressway) ពីព្រលានយន្តហោះអន្តរជាតិតេជោ ក្រុមហ៊ុនបានចាប់ផ្តើមដាំដើមឈើមួយចំនួនរួចហើយដូចជាដើមរាំងទឹក ធ្នង់និងបេង ដែលជាប្រភេទដើមឈើដ៏មានតម្លៃ។ ដើមឈើទាំងអស់នេះនៅថ្ងៃក្រោយនៅពេលដុះធំឡើង នឹងក្លាយជាដើមឈើជាអត្តសញ្ញាណជាតិ។

យ៉ាងណាមិញ លោក លោក ឆារស៍ វ៉ាន់ បានលើកឡើងថា អនុវត្តតាមស្តង់ដាបច្ចេកទេស នៅតំបន់ជុំវិញព្រលានដើមឈើមួយចំនួនមិនអាចដាំតាមតែចិត្តនោះទេ ត្រូវតែគោរពតាមស្តង់ដាកម្ពស់និងផ្លូវហោះហើរ។
ការដាំដើមឈើក្នុងតំបន់ព្រលាន ត្រូវអនុវត្តតាមផែនការរួមទៅតាមការរចនាប្លង់។ ដោយសារព្រលានយន្តហោះអន្តរជាតិតេជោ ជាព្រលានយន្តហោះខ្នាតធំកម្រិត 4F ការដាំដើមឈើឬសាងសង់សំណង់ណាមួយ ត្រូវការអនុញ្ញាតពីមន្រ្តីជំនាញនិងពីអាកាសចរស៊ីវិលសិន។
ក្រសួងបរិស្ថាន បានប្រកាសនឹងបើកយុទ្ធនាការចែកកូនឈើរាប់លានដើម ដល់ពលរដ្ឋយកទៅដាំតាមសហគមន៍ សាលារៀន និងទីអារាមនានា ក្នុងនោះក៏បានបណ្តុះកូនត្នោតរាប់ម៉ឺនដើម ដើម្បីចែកជូនដល់ប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ។
តាមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏នឹងចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បើសិនមានការស្នើសុំកូនត្នោតយកទៅដាំលម្អនៅលើដងមហាវិថីថ្មីទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោ ដែលកំពុងដំណើរការសាងសង់បញ្ចប់ដំណាក់កាលទី ១។
នៅក្នុងសន្និសីទ «ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ» កាលពីថ្ងៃទី ២០ ខែឧសភា លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ក្រសួងបរិស្ថានរីករាយផ្តល់កូនត្នោតដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីយកទៅដាំនៅតាមដងមហាវិថីថ្មីឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិតេជោ។
លោកថា ដើមត្នោតជាអត្តសញ្ញាណជាតិ ដែលបានផ្សារភ្ជាប់ទៅវប្បធម៌របស់ដូនតាខ្មែរតាំងពីកកើតទឹកដីមក។ ការដាំដើមត្នោតប្រយោជន៍ជួយផ្សព្វផ្សាយតម្លៃវប្បធម៌ជាតិ និងបង្កើនការចាប់អារម្មណ៍ដល់ទេសចរបរទេសបានស្គាល់ពីរុក្ខជាតិជាអត្តសញ្ញាណរបស់ជាតិខ្មែរនៅពេលធ្វើដំណើរមកប្រទេសកម្ពុជា។
លោក ស៊ីន ចាន់សិរីវុត្ថា មន្រ្តីអ្នកនាំពាក្យអាកាសចរស៊ីវិលបានឲ្យកម្ពុជាថ្មីដឹងថា ការដាំរុក្ខជាតិណាមួយជុំវិញបរិវេណព្រលានយន្តហោះ ត្រូវសិក្សាឲ្យច្បាស់ដើម្បីកុំឲ្យប៉ះពាល់ដល់សុវត្ថិភាពនៃការហោះហើរ។
លោកថា ការដាំដើមឈើនៅតំបន់ព្រលានត្រូវមានការសិក្សាជាមួយមន្រ្តីជំនាញ និងចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន។

មហាវិថីថ្មីមួយខ្សែកំពុងស្ថាបនាតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិតេជោ ទៅមហាវិថីសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ ៦០ ម៉ែត្រ ដែលមានប្រវែងជាង ១៣ គីឡូម៉ែត្រ។ មហាវិថីដ៏ធំទូលាយនេះ សាងសង់កាត់ភូមិសាស្រ្តខេត្តកណ្តាលដោយឆ្លងកាត់ផ្លូវក្រវាត់ក្រុងទី ៣ និងផ្លូវជាតិលេខ ២ ហើយបច្ចុប្បន្នកំពុងដាំដើមឈើមួយចំនួន ដើម្បីបង្កើតសោភណភាពនិងលំហបៃតងសម្រាប់ពលរដ្ឋធ្វើដំណើរចេញចូលព្រលាន។
ចាយកញ្ចប់ទុនវិនិយោគប្រមាណ ១៥០០ លានដុល្លារ ព្រលានយន្តហោះអន្តរជាតិតេជោថ្មីត្រូវបានអភិវឌ្ឍជាព្រលានយន្តហោះកម្រិត 4F។ ព្រលានយន្តហោះថ្មីដែលនឹងដាក់ឲ្យដំណើរការនៅពេលខាងមុខនេះ នឹងក្លាយជាច្រកតភ្ជាប់ក្នុងការបើកចំហជើងមេឃវិស័យអាកាសចរណ៍ប្រទេសកម្ពុជា តាមរយៈការបង្កើនលទ្ធភាពពង្រីកការហោះហើរដោយត្រង់ទៅគ្រប់គោលដៅជុំវិញពិភពលោក។
គិតវឌ្ឍនភាពមកដល់ពេលនេះ ព្រលានយន្តហោះអន្តរជាតិតេជោសម្រេចការសាងសង់បានជាង ៧០ ភាគរយ ដែលគ្រោងបញ្ចប់ដំណាក់កាលទី ១ និងសម្ពោធដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ ២០២៥៕
-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


