ព័ត៌មានជាតិ
អគ្គនាយកអាជ្ញាធរជាតិអប្សរា៖ ការកាប់ដើមឈើនៅតំបន់អង្គរ មិនមែនបំផ្លាញ ឬយកចំណេញទេ តែដើម្បីសុវត្ថិភាព
លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអះអាងថា ករណីកាប់ដើមឈើធំៗ និងចំណាស់នៅតំបន់អង្គរវត្ត គឺអាជ្ញាធរជាតិអប្សរា មិនមែនកាប់ក្នុងបំណងបំផ្លាញ ឬ យកចំណេញដូចការរិះគន់ទេ ផ្ទុយទៅវិញ អាជ្ញាធរធ្វើបែបនេះដើម្បីថែរក្សាសុវត្ថិភាពអ្នកដំណើរប៉ុណ្ណោះ។

ការបញ្ជាក់នេះ ធ្វើឡើងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលលើកទី៤៦ របស់គណកម្មការបេតិកភណ្ឌពិភពលោក នៅប្រទេសឥណ្ឌា ដែលធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ការបកស្រាយនេះ ក្រោយពីសប្តាហ៍មុន មានហេតុការណ៍គួរឱ្យរន្ធត់បានកើតឡើងដោយសារដើមឈើធំ១ នៅក្បែរខ្លោងទ្វារទន្លេអុំ បានរលំសង្កត់ត្រូវអ្នកដំណើរមួយក្រុមធ្វើឱ្យមានអ្នកបាត់បង់ជីវិត និងរបួសផងដែរ។ ក្រោយមានហេតុការណ៍នេះ អាជ្ញាធរជាតិអប្សរា ក៏បានកាប់ដើមឈើដែលពុកចាស់ ចោលដើម្បីបង្ការកុំឱ្យមានគ្រោះថ្នាក់បន្តទៀត។ ពាក់ព័ន្ធការកាប់ដើមឈើទាំងនេះ បានធ្វើឱ្យប្រជាជនមួយចំនួនសម្តែងការមិនពេញចិត្ត ថែមទាំងចោទទៅអាជ្ញាធរជាតិអប្សរាថា ឆ្លៀតឱកាសនេះកាប់ដើមឈើធំៗ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។

យ៉ាងណាមិញ លោក ហង់ ពៅ បកស្រាយថា ករណីកាប់ដើមឈើនេះ គឺអាជ្ញាធរជាតិអប្សរា បានសិក្សាច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ដោយមន្ត្រីជំនាញ មុននឹងសម្រេចចិត្តថាកាប់ដើមឈើទាំងនោះ ព្រោះថា ដើមឈើខ្លះមើលពីខាងក្រៅគឺល្អ ប៉ុន្តែ ឫស និងផ្នែកខាងក្នុងនៃដើមឈើមួយចំនួននោះគឺពុកទៅហើយ។ ដូច្នេះ ដើម្បីសុវត្ថិភាពរបស់អ្នកដំណើរ ទើបអាជ្ញាធរជាតិអប្សរាសម្រេចធ្វើបែបនេះ។

លោកបញ្ជាក់ទៀតថា អាជ្ញាធរធ្វើនេះ មិនមែនក្នុងន័យបំផ្លាញ ឬ កេងចំណេញដូចមតិមហាជនបានលើកឡើងទេ ប៉ុន្តែ ដើម្បីការពារសុវត្ថិភាពប្រជាជនប៉ុណ្ណោះ មួយវិញទៀត អាជ្ញាធរជាតិអប្សរា ក៏ស្រឡាញ់ដើមឈើដូចគ្នា ព្រមទាំងខិតខំអភិរក្ស និងដាំដើមឈើរាប់ម៉ឺនដើមនៅតំបន់អង្គរវត្តថែមទៀត។
ឆ្លៀតក្នុងឱកាសនេះ លោក ហង់ ពៅ ក៏បានផ្តាំដល់សាធារណជនដែលមានបំណងចង់ដាំដើមឈើនៅដំបន់អង្គរ អាចយកទៅដាំបាន ព្រោះក៏មានការចែកពូជកូនឈើនៅតំបន់អង្គររាប់ម៉ឺនដើមដល់សាធារណជនផងដែរ៕
ដោយ៖ អុន ស្រីមាន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៧ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


