ព័ត៌មានជាតិ
គិតត្រឹមបំណាច់ខែកក្កដា ប.ស.ស មានសមាជិកសរុបជាង ២ លាន ៤ សែននាក់ នៅទូទាំងប្រទេស
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមបំណាច់ខែកក្កដា ឆ្នាំ ២០២៤ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានសមាជិកសរុបចំនួន ២ ៤៥៣ ៩១៤ នាក់ហើយ នៅទូទាំងប្រទេស។

លោកបណ្ឌិត បានបន្តថា ក្នុងចំណោមសមាជិកសរុបចំនួន ២ ៤៥៣ ៩១៤ នាក់ ក្នុងនោះ សមាជិក ប.ស.ស ជាមន្ត្រីសាធារណៈមានចំនួន ៤៤០ ៣៦៥ នាក់ សមាជិក ប.ស.ស ក្នុងវិស័យឯកជនមានចំនួន ១ ៦៤៣ ៩៨៧ នាក់ សមាជិក ប.ស.ស ជាបុគ្គលស្វ័យនិយោជន៍ចំនួន ២៨៣ ៤២១ នាក់ និងសមាជិក ប.ស.ស ដែលជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស មានចំនួន ៨៧ ៩០៩ នាក់។
លោកបណ្ឌិត បន្តទៀតថា សមាជិក ប.ស.ស មានការកើនឡើងជាបន្តបន្ទាប់ ដោយសារប្រជាពលរដ្ឋជាបុគ្គលស្វ័យនិយោជន៍មានការយល់ដឹងពីសារៈសំខាន់ នៃការប្រើបណ្ណ ប.ស.ស បានជួយធ្វើឱ្យជីវភាពគ្រួសារប្រសើរតាមរយៈការកាត់បន្ថយការចំណាយលើការព្យាបាលជំងឺផ្សេងៗ។

លោកស្រី ទូច ចាន់ធឿន សមាជិក ប.ស.ស ជាស្ត្រីវ័យកណ្ដាលម្នាក់ ក្នុងចំណោមសមាជិក ប.ស.ស ជាច្រើននាក់ ដែលបានមកទទួលសេវាថែទាំសុខភាពក្នុងមន្ទីរពេទ្យជាតិតេជោសន្តិភាព បានបង្ហាញអារម្មណ៍ពិតថា លោកស្រីពិតជារំភើប និងកក់ក្ដៅខ្លាំងណាស់ ដែលត្រូវបានក្រុមគ្រូពេទ្យយកចិត្តទុកដាក់ក្នុងការព្យាបាល ដោយមិនមានការរើសអើង ឬបែងចែកចំពោះអ្នកជំងឺប្រើប្រាស់ប័ណ្ណ ប.ស.ស ដូចជាលោកស្រី។
លោកស្រី បន្តថា សម្រាប់ការព្យាបាលជំងឺរបស់លោកស្រី ប្រសិនបើគ្មានប័ណ្ណ ប.ស.ស ទេ នោះមិនដឹងថាគាត់ត្រូវចំណាយប្រាក់អស់ប៉ុន្មាននោះទេ ហើយគាត់ក៏មិនដឹងថាបានប្រាក់ឯណាមកចេញថ្លៃព្យាបាលនោះដែរ។

លោកស្រីបន្តទៀតថា រូបគាត់ពិតជាមានសំណាងខ្លាំងណាស់ ដែលបានកើតក្នុងសម័យដែលប្រទេសជាតិមានសុខសន្តិភាព និងទទួលបានការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ពិសេសការផ្តល់ការធានារ៉ាប់រងសុខភាពជូនប្រជាពលរដ្ឋ តាមរយៈការផ្តល់ប័ណ្ណ ប.ស.ស។
ចំណែកលោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យជាតិតេជោសន្តិភាព បានបញ្ជាក់ឱ្យដឹងថា មន្ទីរពេទ្យជាតិតេជោសន្តិភាព គឺជាមន្ទីរពេទ្យរដ្ឋដែលធំជាងគេបំផុតនៅកម្ពុជា ដោយមានបំពាក់នូវឧបករណ៍ទំនើបៗ សម្រាប់ព្យាបាលអ្នកជំងឺ និងមិនចាញ់មន្ទីរពេទ្យនៅបណ្ដាប្រទេសជិតខាងនោះទេ។

លោកវេជ្ជបណ្ឌិត នាយកមន្ទីរពេទ្យ បានបន្តថា គ្រប់ប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅទីនេះ នឹងទទួលបានការផ្តល់សេវាដូចៗ គ្នា ដោយមិនមានការបែងចែក ឬរើសអើង មិនថាអ្នកបង់ប្រាក់ ឬអ្នកដែលប្រើប្រាស់ប័ណ្ណ ប.ស.ស ក៏ដូចជាប័ណ្ណមូលនិធិសមធម៌សុខាភិបាលជាដើម គឺត្រូវបានក្រុមគ្រូពេទ្យមើលថែយ៉ាងយកចិត្តទុកដាក់ខ្លាំងបំផុត។
លោកវេជ្ជបណ្ឌិត បញ្ជាក់ឱ្យដឹងទៀតថា បន្ទាប់ពីមន្ទីរពេទ្យជាតិតេជោសន្តិភាព ត្រូវបានសម្ពោធបើកដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការផ្ដួចផ្ដើមកសាងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋមកទទួលសេវាពិនិត្យ និងព្យាបាលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើងៗ គួរឱ្យកត់សម្គាល់ ដោយគ្រាន់តែមួយថ្ងៃ គឺមានអ្នកមកទទួលសេវាចំនួន ៦៣០ នាក់ ហើយក្នុងនោះ មានអ្នកជំងឺជាសមាជិក ប.ស.ស (ប្រើប្រាស់ប័ណ្ណ ប.ស.ស) មានរហូតដល់ ៣២៥ នាក់ ដែលស្មើជាងពាក់កណ្ដាល នៃអ្នកជំងឺសរុប ក៏បានមកទទួលសេវានៅទីនេះផងដែរ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


