ព័ត៌មានជាតិ
ប.ស.ស នឹងពង្រីកការអនុវត្តកម្មវិធីដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដល់សមាជិកក្រុមប្រឹក្សានៅដើមឆ្នាំក្រោយ
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៩ វិច្ឆិកា នេះថា បច្ចុប្បន្ននេះ ប.ស.ស បាននិងកំពុងបន្តសិក្សារៀបចំត្រៀមការពង្រីកវិសាលភាពការអនុវត្តកម្មវិធីដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ជាសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ចាប់ពីខែមករា ឆ្នាំ ២០២៦។

លោកបណ្ឌិត បានបន្តថា ក្រៅពីនេះ នៅឆ្នាំ ២០២៦ ខាងមុខនេះ ប.ស.ស មានផែនការពង្រឹង និងពង្រីកវិសាលភាព នៃការអនុវត្តរបបសន្តិសុខសង្គមស្របតាមការវិវត្តន៍ នៃស្ថានភាពសង្គម-សេដ្ឋកិច្ច។ ពង្រឹង និងបង្កើនគុណភាព និងសមត្ថភាពផ្ដល់សេវាសន្តិសុខសង្គម។ លើកកម្ពស់ការយល់ដឹង និងពង្រឹងការអនុវត្តច្បាប់ស្ដីពីរបបសន្តិសុខសង្គម។ ពង្រឹងការគ្រប់គ្រង និងចាត់ចែងមូលនិធិសន្តិសុខសង្គម ដើម្បីបង្កើនប្រយោជន៍បន្ថែមដល់សមាជិក ប.ស.ស និងវិស័យទំនាក់ទំនងវិជ្ជាជីវៈ។ ធ្វើការសិក្សាសមិទ្ធិលទ្ធភាព នៃការពង្រីកវិសាលភាពដល់ក្រុមគោលដៅ (ផលិតផលថ្មី) ដែលមិនទាន់គ្របដណ្តប់នៅក្នុងរបបសន្តិសុខសង្គម (Missing-Middle) ជាបន្តបន្ទាប់តាមលំដាប់អាទិភាពដោយអភិក្រមប្រុងប្រយ័ត្ន គ្រប់ជ្រុងជ្រោយ និងធានាបាននូវនិរន្តរភាព នៃមូលនិធិសន្តិសុខសង្គម។

លើសពីនេះទៀត ប.ស.ស នឹងសិក្សាលទ្ធភាពពង្រីកវិសាលភាពការអនុវត្តរបបសន្តិសុខសង្គមផ្នែក ប្រាក់សោធនដល់មន្ត្រីសាធារណៈសំដៅជួយកាត់បន្ថយបន្ទុកថវិកាជាតិ។ ពង្រឹងការអនុវត្តច្បាប់ស្ដីពីរបបសន្តិសុខសង្គមសំដៅ ពង្រឹង និងបង្កើនការចុះបញ្ជី សហគ្រាស គ្រឹះស្ថាន ព្រមទាំងធ្វើការពង្រីកការគ្របដណ្ដប់ដល់ជនគោលដៅដទៃផ្សេងទៀត តាមរយៈយន្តការចុះអធិការកិច្ច និងសហការចែករំលែកទិន្នន័យជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។ បង្កើន និងបន្តជំរុញការផ្សព្វផ្សាយ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីរបបសន្តិសុខសង្គម និងលើកកម្ពស់ការយល់ដឹងអំពីនីតិវិធី នៃការប្រើប្រាស់សេវារបស់ ប.ស.ស តាមគ្រប់រូបភាព និងគ្រប់ទម្រង់ដោយភាពប្រទាក់ក្រឡាគ្នា។ ជាងនេះទៀត ប.ស.ស នឹងរៀបចំសិក្សា និងអភិវឌ្ឍន៍ម៉ូដែលវាយតម្លៃហានិភ័យហិរញ្ញវត្ថុ នៃរបបសន្តិសុខសង្គម ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការពារអត្ថប្រយោជន៍ជូនសមាជិក ប.ស.ស។

លោកបណ្ឌិត បានបន្ថែមថា ទន្ទឹមនឹងនេះ ឆ្នាំ ២០២៦ ខាងមុខនេះ ប.ស.ស នឹងពិនិត្យលទ្ធភាពពង្រីកសមាជិកទៅលើក្រុមគោលដៅចំនួន ៤ បន្ថែមទៀត រួមមាន ក្រុមសិស្ស-និស្សិត អាយុចាប់ពី ១៨ ដល់ ២១ ឆ្នាំ ព្រះសង្ឃ កសិករ និងប្រជាពលរដ្ឋ ដែលមានវ័យចាប់ពី ៦០ ឆ្នាំ ឡើង ដើម្បីឱ្យពួកគេទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ពី ប.ស.ស។
គួរបញ្ជាក់ថា គិតមកដល់សប្តាហ៍ទី ២ នៃខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ប.ស.ស មានសមាជិកចំនួន ៣,៣៩៩,១២០ នាក់ ស្រីចំនួន ១,៨៦៨,២៣៤ នាក់៕
អត្ថបទ ៖ សំអឿន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


