Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ព្រមានថា អាមេរិក គ្មានសិទ្ធិជ្រៀតជ្រែកក្នុងជម្លោះសមុទ្រចិនខាងត្បូង ទេ

បានផុស

នៅ

តាមការចុះផ្សាយរបស់ CNA កាលពីថ្ងៃអង្គារទី២០ខែសីហាឆ្នាំ២០២៤ ប្រទេសចិន បានព្រមានទៅសហរដ្ឋអាមេរិកថា ពួកគេគ្មានសិទ្ធិចូលមកជ្រៀតជ្រែកក្នុងជម្លោះដែនទឹករបស់ខ្លួនជាមួយហ្វីលីពីននោះទេ បន្ទាប់ពីការប៉ះទង្គិចគ្នាសាជាថ្មីនៅជិតថ្មប៉ប្រះទឹក ក្នុងសមុទ្រចិនខាងត្បូង។

(រូបថត៖ Ramon Royandoyan)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីឆ្នាំមុន ចិននិងហ្វីលីពីន បានប្រឈមមុខដាក់គ្នាញឹកញាប់មែនទែនក្នុងដែនទឹកនេះ រួមទាំងជុំវិញនាវាចម្បាំងមួយគ្រឿង ដែលទីក្រុងម៉ានីល យកធ្វើជាមូលដ្ឋានយោធានៅលើថ្មប៉ប្រះទឹក Second Thomas Shoal ផងដែរ ហើយកាលពីថ្ងៃចន្ទ ភាគីទាំងពីរ និយាយថា កប៉ាល់ឆ្មាំសមុទ្រពួកគេ បានបុកគ្នានៅជិតតំបន់ជម្លោះ Sabina Shoal ដែលស្ថិតនៅចម្ងាយ១៤០គីឡូម៉ែត្រ ភាគខាងលិចកោះ Palawan របស់ហ្វីលីពីន និងប្រហែល ១ ២០០ គីឡូម៉ែត្រ បើគិតពីកោះ Hainan របស់ចិន។

ជុំវិញបញ្ហានេះ ទីក្រុងវ៉ាស៊ីនតោន បានថ្កោលទោសចិនយ៉ាងខ្លាំង ដែលធ្វើសកម្មភាពដ៏គ្រោះថ្នាក់ប្រឆាំងប្រតិបត្តិការដែនសមុទ្រស្របច្បាប់របស់ហ្វីលីពីន ដោយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Vedant Patel និយាយថា «សកម្មភាពទាំងនេះគឺជាឧទាហរណ៍ចុងក្រោយបង្អស់ដែលចិន ប្រើវិធានការដ៏គ្រោះថ្នាក់និងឡើងកម្តៅ ដើម្បីបង្ហាញការទាមទារដែនទឹកនៅសមុទ្រចិនខាងត្បូងទាំងខុសច្បាប់»។

លោក Vedant Patel (រូបថត៖ Freddie Everett)

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលសួរអំពីការចោទប្រកាន់របស់លោក Patel, សមភាគីចិន លោកស្រី Mao Ning បានអះអាងពីវិធានការផ្លូវច្បាប់របស់ទីក្រុងប៉េកាំងដើម្បីការពារអធិបតេយ្យដែនដី និងសិទ្ធិ ក៏ដូចជាផលប្រយោជន៍ដែនសមុទ្រ។

លោកស្រី Mao ​ប្រាប់​សន្និសីទ​កាសែត​ថា «​អាមេរិក​មិន​មែន​ជា​ភាគី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ទេ ហើយ​ក៏​គ្មាន​សិទ្ធិ​ធ្វើ​អន្តរាគមន៍​ក្នុង​ជម្លោះ​ដែន​សមុទ្រ​រវាង​ចិន និង​ហ្វីលីពីន​ដែរ។ សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការបង្កជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ដោយមិនរំខានដល់ស្ថិរភាពក្នុងតំបន់ និងកុំធ្វើឲ្យភាពតានតឹងកើនឡើងបន្ថែមទៀតទៅ»។

លោកស្រី Mao Ning (រូបថត៖ ក្រសួងការបរទេសចិន)

សូមបញ្ជាក់ថា ថ្មប៉ប្រះទឹក Sabina Shoal គឺស្ថិតនៅក្នុងប្រជុំកោះ Spratly ដែលប្រទេសចិន ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម សុទ្ធតែទាមទារធ្វើជាម្ចាស់កម្មសិទ្ធិ។

ការប្រឈមមុខដាក់គ្នាថ្មីៗនេះ ធ្វើឲ្យគេនឹកឃើញដល់ឆ្នាំ២០១២ ដែលកាលនោះ ទីក្រុងប៉េកាំងបានកាន់កាប់ថ្មប៉ប្រះទឹក Scarborough Shoal ដែលជាទីតាំងយុទ្ធសាស្ត្រមួយទៀតក្នុងសមុទ្រចិនខាងត្បូង ស្ថិតនៅជិតហ្វីលីពីនបំផុត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ហ្វីលីពីន​​នឹង​​ប្តឹង​​ចិន ​​ជុំវិញ​ឧប្បត្តិហេតុ​​ផ្លូវអាកាស​​នៅ​​សមុទ្រ​ចិន​​ខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម