ព័ត៌មានអន្ដរជាតិ
ម៉ិកស៊ិក ប្រកាសផ្អាកទំនាក់ទំនងការទូតជាមួយអាមេរិក និងកាណាដា
ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានប្រកាសកាលពីថ្ងៃទី២៧ខែសីហាថា រដ្ឋាភិបាលរបស់លោកបានផ្អាកទំនាក់ទំនងជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងកាណាដា។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ជុំវិញសំណើកំណែទម្រង់ប្រព័ន្ធតុលាការដ៏ធំមួយក្នុងប្រទេសម៉ិកស៊ិក។

លោក Lopez Obrador បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ការផ្អាកទំនាក់ទំនងជាមួយស្ថានទូតនេះ មិនសំដៅលើទំនាក់ទំនងរវាងប្រទេសនិងប្រទេសនោះឡើយ ហើយការផ្អាកនេះទៀតសោតក៏ដោយសារតែមានការរិះគន់ពីស្ថានទូតទាំងនោះលើកំណែទម្រង់ប្រព័ន្ធតុលាការរបស់លោក។
ផែនការកែលម្អប្រព័ន្ធតុលាការដែលត្រូវបានស្នើឡើងដោយប្រធានាធិបតីម៉ិកស៊ិក បានបង្កឲ្យមានការតវ៉ា និងបាតុកម្ម ព្រមទាំងការរិះគន់ពីអ្នកវិនិយោគ និងស្ថាប័នហិរញ្ញវត្ថុជាច្រើន។
កាលពីសប្តាហ៍មុន ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំម៉ិកស៊ិក លោក Ken Salazar បានហៅសំណើរផ្លាស់ប្តូរប្រព័ន្ធតុលាការថាជា «ហានិភ័យ» ចំពោះលទ្ធិប្រជាធិបតេយ្យ ដែលនឹងធ្វើឲ្យមានគ្រោះថ្នាក់ដល់ទំនាក់ទំនងពាណិជ្ជកម្មរបស់ម៉ិកស៊ិកជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
លោក Lopez Obrador បានស្ដីបន្ទោសឯកអគ្គរដ្ឋទូតអាមេរិក ដោយនិយាយថាវាជារឿងដែលរំលោភលើអធិបតេយ្យភាពម៉ិកស៊ិក។
យ៉ាងណា លោក Salazar បានបន្ទន់ឥរិយាបថរបស់លោក ហើយបានសរសេរនៅលើបណ្ដាញសង្គម X ថាលោកបើកចំហសម្រាប់កិច្ចសន្ទនា។ លោកបានបន្ថែមកាលពីថ្ងៃអង្គារថា៖ «យើងតែងតែធ្វើការដោយការគោរពបំផុតចំពោះអធិបតេយ្យភាពរបស់ប្រទេសម៉ិកស៊ិក»។
ប្រធានាធិបតីម៉ិកស៊ិក បានលើកឡើងថា ក្រសួងការបរទេសសហរដ្ឋអាមេរិកជាអ្នកនៅពីក្រោយការរិះគន់របស់លោក Salazar។ លោក Lopez Obrador បានបន្តថា៖ «យើងនឹងមិនប្រាប់គាត់ (Salazar) ឲ្យចាកចេញពីប្រទេសនោះទេ។ ខ្ញុំសង្ឃឹមថា ពួកគេសន្យាថានឹងគោរពឯករាជ្យភាពរបស់ប្រទេសម៉ិកស៊ិក និងអធិបតេយ្យភាពរបស់ប្រទេសយើង។ ប៉ុន្តែដរាបណាវានៅតែកើតឡើង ហើយពួកគេបន្តគោលនយោបាយទាំងនេះ យើងនៅតែផ្អាក (ទំនាក់ទំនងការទូត)»។
បន្ថែមពីនេះ លោក Lopez Obrador ក៏បានចោទប្រកាន់ឯកអគ្គរដ្ឋទូតកាណាដាថាបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ម៉ិកស៊ិកផងដែរ ដោយបង្ហាញពីការភ័យខ្លាចចំពោះសំណើកំណែទម្រង់ប្រព័ន្ធតុលាការ។
សូមបញ្ជាក់ថា បើយោងតាមការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ទំនាក់ទំនងពាណិជ្ជកម្មរវាងម៉ិកស៊ិក សហរដ្ឋអាមេរិក និងកាណាដា មានទំហំទឹកប្រាក់ប្រមាណ ១,៨ទ្រីលានដុល្លារកាលពីឆ្នាំ២០២២៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


