Connect with us

ព័ត៌មានអន្ដរជាតិ

សប្តាហ៍ក្រោយ លោក ពូទីន ទៅបំពេញទស្សនកិច្ចនៅប្រទេសជាសមាជិក ICC

បានផុស

នៅ

វិមានក្រឹមឡាំងប្រកាសថា នៅថ្ងៃទី៣ខែកញ្ញាសប្តាហ៍ក្រោយ លោក វ្ល៉ាឌីមៀរ ពូទីន នឹងទៅបំពេញទស្សនកិច្ចប្រទេសម៉ុងហ្គោលី ដែលជាសមាជិកអង្គការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Getty)

តាមការបញ្ជាក់ពីវិមានក្រឹមឡាំងកាលពីថ្ងៃព្រហស្បតិ៍ទី២៩ខែសីហាឆ្នាំ២០២៤ ទស្សនកិច្ចរបស់លោក ពូទីន គឺតបតាមការអញ្ជើញរបស់ប្រធានាធិបតីម៉ុងហ្គោលី Ukhnaagiin Khurelsukh។

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី ទៅប្រទេសនៅតំបន់អាស៊ីខាងកើតមួយនេះ បានក្លាយជាប្រធានបទក្តៅរបស់ពិភពលោក ព្រោះថា ICC បានចេញដីកាចាប់ខ្លួនលោក ពូទីន ក្នុងខែមីនាឆ្នាំ២០២៣ ពាក់ព័ន្ធការនិរទេសកុមារដោយខុសច្បាប់ ហើយដោយសារតែដីកានេះ ទើបអន្តរជាតិកំពុងតាមមើលថាតើ ម៉ុងហ្គោលី ពិតជាចាប់ខ្លួនលោក ពូទីន មែនឬក៏អត់។

លោក Ukhnaagiin Khurelsukh (ឆ្វេង) ចាប់ដៃលោក ពូទីន (រូបថត៖ វិមានក្រឹមឡាំង)

នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ពូទីន ទៅកាន់ប្រទេសជាសមាជិក ICC ចាប់តាំងពីការចេញដីកា ខណៈវិមានក្រឹមឡាំងគូសបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនមិនទទួលស្គាល់យុត្តាធិការ ICC ឡើយ។

ICC គឺជាតុលាការកាត់ទោសឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរ រួមមានឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មឈ្លានពាន និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាដើម។

តុលាការនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ កក្កដា ឆ្នាំ២០០២ មានមូលដ្ឋាននៅទីក្រុងឡាអេ​ប្រទេសហូឡង់ និងមានសមាជិកចំនួន ១២៣ ប្រទេស ប៉ុន្តែ ក្នុងចំណោមនោះ គឺមិនមានវត្តមានប្រទេសមហាអំណាចរុស្ស៊ី អាមេរិក និងចិនឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ICC ចេញដីកាចាប់ខ្លួនមេទ័ពកំពូលរុស្ស៊ី ២រូប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម