ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ផលិតដ្រូនវាយប្រហាររយៈចម្ងាយឆ្ងាយ ដោយប្រើម៉ាស៊ីនរបស់ចិន
ប្រទេសរុស្ស៊ីបានផលិតដ្រូនវាយប្រហាររយៈចម្ងាយឆ្ងាយថ្មី ដែលមានឈ្មោះថា Garpiya-A1 ដោយដំណើរការផលិតចាប់ផ្ដើមតាំងពីឆ្នាំមុនមកម៉្លេះ ហើយប្រើម៉ាស៊ីននិងគ្រឿងបន្លាស់របស់ចិន ដែលខ្លួនបានដាក់ពង្រាយក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ទី១៤ខែកញ្ញា ដែលដកស្រង់ចេញពីប្រភពចំនួន២ និងឯកសារពីទីភ្នាក់ងារស៊ើបការណ៍អឺរ៉ុប។

ប្រភពរបស់ Reuters បានបង្ហាញថា IEMZ Kupol ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតសព្វាវុធរបស់រដ្ឋរុស្ស៊ី Almaz-Antey ផលិតដ្រូន Garpiyas បានជាង២៥០០គ្រឿង ចាប់ពីខែកក្កដាឆ្នាំ២០២៣ ដល់ខែកក្កដាឆ្នាំ២០២៤។
វត្តមាននៃដ្រូនថ្មីរបស់រុស្សី ដែលមានបញ្ចូលបច្ចេកវិទ្យាចិន មិនធ្លាប់ត្រូវបានគេរាយការណ៍ពីមុនទេ។ ពាក់ព័ន្ធនឹងព័ត៌មាននេះ ក្រុមហ៊ុន IEMZ Kupol និងក្រុមហ៊ុន Almaz-Antey មិនឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយឡើយ។
ប្រភពស៊ើបការណ៍សម្ងាត់ទាំង២ ដែល Reuters បានចុះផ្សាយ បាននិយាយថា ដ្រូន Garpiya ត្រូវបានដាក់ពង្រាយប្រឆាំងនឹងគោលដៅយោធា និងជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែន ដែលបណ្តាលឲ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក៏ដូចជាមានការរងរបួសនិងស្លាប់ទាំងជនស៊ីវិល និងយោធា។
លោក Samuel Bendett ដែលជាអ្នកជំនួយការជាន់ខ្ពស់នៅមជ្ឈមណ្ឌលសម្រាប់សន្តិសុខអាមេរិកថ្មីមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី បានប្រាប់ Reuters ថា បើដ្រូន Garpiya ពិតជាប្រើប្រាស់គ្រឿងម៉ាស៊ីនរបស់ចិន នោះវានឹងបង្ហាញថារុស្ស៊ីនឹងឈប់ពឹងផ្អែកលើអ៊ីរ៉ង់សម្រាប់ដ្រូនរយៈចម្ងាយឆ្ងាយរបស់ខ្លួន ដោយផ្ដោតលើការអភិវឌ្ឍក្នុងស្រុកវិញម្ដង។
លោក Bendett បានរៀបរាប់ថា៖ «ប្រសិនបើរឿងនេះកើតឡើង វាអាចបង្ហាញថារុស្ស៊ីឥឡូវនេះអាចពឹងផ្អែកលើការអភិវឌ្ឍក្នុងស្រុក ក៏ដូចជាជាក់ស្ដែងណាស់ពឹងផ្អែកលើប្រទេសចិន ដោយសារភាគីទាំងសងខាងនៅក្នុងសង្រ្គាមនេះពឹងផ្អែកលើសមាសធាតុចិនជាច្រើនសម្រាប់ការផលិតដ្រូន»។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយកាលពីខែឧសភាឆ្នាំមុនថា ប្រទេសអ៊ីរ៉ង់បានផ្គត់ផ្គង់ដ្រូន Shahed “kamikaze” ជាង១ពាន់គ្រឿងដល់ប្រទេសរុស្ស៊ី ចាប់តាំងពីការលុកលុយក្នុងខែកុម្ភៈឆ្នាំ២០២២។
ដ្រូនទាំងនោះត្រូវបានប្រើដើម្បីវាយប្រហារកងការពារដែនអាកាសរបស់អ៊ុយក្រែន និងវាយលុកហេដ្ឋារចនាសម្ព័ន្ធដែលស្ថិតនៅចម្ងាយឆ្ងាយពីជួរមុខ។ យ៉ាងណា អ៊ីរ៉ង់បានបដិសេធម្តងហើយម្តងទៀតថាមិនបានបញ្ជូនដ្រូនទៅរុស្ស៊ី ដើម្បីប្រើនៅអ៊ុយក្រែននោះឡើយ។
ក្រសួងការពារជាតិរុស្ស៊ីមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយសម្រាប់រឿងនេះទេ។ ចំណែកក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Reuters ថា ទីក្រុងប៉េកាំងគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវការនាំចេញរបស់របរដែលមានសក្តានុពលផ្នែកយោធា រួមទាំងដ្រូនផងដែរ។
សេចក្តីថ្លែងការណ៍នោះបានឲ្យដឹងថា៖ «ទាក់ទងទៅនឹងវិបត្តិអ៊ុយក្រែន ប្រទេសចិនតែងតែប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចចរចាសន្តិភាព និងការដោះស្រាយនយោបាយ»។ យ៉ាងណា ចិនបានសង្កត់ធ្ងន់ថាមិនមានការរឹតបន្តឹងជាអន្តរជាតិលើការជួញដូរពាណិជ្ជកម្មរវាងចិននិងរុស្ស៊ីនោះទេ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


